រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ គួរ​កុំ​ឲ្យ​ដូច​វែក​ចក​!

400
ចែករម្លែក

កម្លាំង​ប្រជា​ការពារ​ខណ្ឌទួលគោក បរិស្ថាន​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​គ រួមជាមួយ​កម្លាំង​សន្តិសុខ​ផ្សារ​នាគ​មាស​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ផ្លូវ​លេខ​២៣១ កែង​ផ្លូវ​លេខ ២៣៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។ ក្នុង​ប្រតិបត្តិការ កាលពី​ថ្ងៃទី​២២ ខែសីហា អាជ្ញាធរ​ចម្រុះ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បាន​ប្រើ​ធម៌ ក្តៅ​លើ​អ្នកលក់​បន្លែ​ផ្លែឈើ​ដែល​បាន​យក​ផ្លូវ​ធ្វើ​ផ្សារ​គឺ​ចាប់​ដកហូតយក​បន្លែ​ផ្លែឈើ ទាំងនោះ​ទៅ​ចាក់ចោល នៅ​គំនរ​សំរាម​។​

​អាជ្ញាធរ​ខណ្ឌទួលគោក បាន​លើកឡើងថា ក្រោយពី​ការណែនាំ​ច្រើនលើកច្រើនសា ព្រមទាំង​មាន​វិធានការ​រដ្ឋបាល​ផងដែរ​មក ពេលនេះ ក្រុមការងារ​លែង​និយាយ​តទៅទៀតហើយ គឺ​សម្ភារ​ដែល​ប្រមូលបាន​ពី​បងប្អូន​អា​ជីករ ដែល​រឹងទទឹង​គឺ​យកមក​បោះចោល​នៅ​កន្លែង​ផ្ទេរ​សំរាម ផ្លូវ ២៣០ ខាងត្បូង​មជ្ឈមណ្ឌល ម៉ុង​ឌី​យ៉ា​ល់​មិន​ផ្ដល់ឲ្យអាជីវករ​វិញ​នោះទេ​។​

​ខាងលើនេះ ជា​វិធាន​ការរៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​នៅ​ផ្សារ ក្នុង​ខណ្ឌទួលគោក​។ ដោយឡែក នៅ​ខណ្ឌ​បឹង​កេងកង ដែល​ស្ថិត​នៅជាប់​នឹង​ខណ្ឌចំការមន ក្នុង​កណ្តាល រាជធានី​ភ្នំពេញ ក៏បាន​ចាត់វិធានការ រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ដូចគ្នា​។​

​លោក ធី​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង បានចេញ​លិខិត ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​ណែនាំ​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​បណ្តោយ​ផ្លូវ​លេខ ៣១០ ស្ថិតក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​។ ផ្លូវ​លេខ​៣១០ ត​ភ្ជាប់​ពី​មហាវិថី​ព្រះ​មុនី​រ៉េត ( ផ្លូវ​លេខ ២១៧ ) រហូតដល់​មហាវិថី ព្រះ​នរោត្តម ( ផ្លូវ​លេខ​៤១ )​។​

​ក្នុង​សេចក្តីណែនាំ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ ម្ចាស់ផ្ទះ ម្ចាស់​អាជីវកម្ម នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣១០ ទាំងអស់ ឲ្យ​បាន​ជ្រាបថា ដើម្បី​រក្សា បាន​នូវ​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​ល្អ​រួមចំណែក​ក្នុងការ​លើកស្ទួយ​សោភ័ណភាព អនាម័យ បរិស្ថាន​ល្អ នៃ​រាជធានី​ភ្នំពេញ ដែល​កន្លងមក សាលា​រាជធានី​ភ្នំពេញ​បាន កំណត់ ជ្រើស​រើសយក​មហាវិថី ផ្លូវ សំខាន់ៗ ចំនួន ១១ ខ្សែ ធ្វើជា​អាទិភាព​គំរូ សម្រាប់អនុវត្តន៍​វិធាន ការដោះស្រាយ ចរាចរ និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ក្នុងន័យនេះ ជំ​ហាប​ន្ត ដើម្បី​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សូម​ធ្វើ​ការណែនាំ និង​ធ្វើ​ការកំណត់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ក្នុង​រយៈពេល ៧ ថ្ងៃ គិត​ចា​ប់ប​ពីថ្ងៃទទួលបាន​សេចក្តី​ជូនដំណឹង​នេះ​តទៅ​ត្រូវៈ ១-​ធ្វើការ​រុះរើ​សំ​យាប​ផ្ទះ ឆត្រ ផើងផ្កា ចេញ​ដោយ​ខ្លួនឯង​ឲ្យ បាន​ស្អាត​និង​មាន​សោភ័ណភាព​, ២-​ធ្វើការ​រុះរើ​ស្លាក​សញ្ញា​ដែល​ពុំមាន​លិខិត អនុញ្ញាត​ត្រឹមត្រូវ​ចេញពី​មុខផ្ទះ​ឬ​ចិញ្ចើមផ្លូវ​សាធារណៈ​,៣-​ហាម​ចត​យានយន្ត​គ្រប់ប្រភេទ​នៅលើ​ទ្រូងផ្លូវ ៤-​រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ជាទី​តាំង​ផ្ញើ កង់​ម៉ូតូ​មិនត្រូវ​ឲ្យលើស ១/៣ ( មួយ​ភាគបី ) ឡើយ​,៥-​សូម​រៀបចំ​សម្អាត អនាម័យ បរិស្ថាន​ទុកដាក់ សំរាម ដោយ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ចេញ​តាម​ពេល​ម៉ោង ដែល​បានកំណត់​។​

​ក្នុង​សេចក្តីណែនាំ​ដដែល អភិបាលខណ្ឌ​បឹង​កេងកង បាន​ព្រមាន​ថា ក្នុងករណី​ដែលបងប្អូន​ប្រជាពលរដ្ឋ មិន​អនុវត្តន៍តាម​ស្មារតី នៃ​សេចក្តីជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ នឹងមាន​វិធានការ​រដ្ឋបាល​យ៉ាង​តឹងរឹង​បំផុត ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​សម្ភារ​ទាំង​នោះឡើយ​។​

​ជាការ​ពិត បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​តាម​ដងផ្លូវ ពិសេស​ផ្លូវ​នៅ​ម្តុំ​ផ្សារ ដូចជា ផ្សារ​ដើម​គ ផ្សារ​នាគ​មាស និង​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក គឺ​គួរតែ​រឹតបន្តឹង​ឲ្យ​បាន​គ្រប់ៗ​គ្នា គ្រប់ៗ​ផ្ទះ ដោយ​ស្មើភាព​។ មិនមែន​ធ្វើ​តែ​ផ្ទះ​នៅម្ខាង​ផ្លូវ ហើយ​ម្ខាង​ផ្លូវ​ទៀត ដាក់​ឆ​ត្រ ត​សំ​យាប​ផ្ទះ លើ​ចិញ្ចើមផ្លូវ ស្ទើរតែ​ដល់​ទ្រូងផ្លូវ តែ​បែរជា​អាជ្ញាធរ​សមត្ថកិច្ច​មិន​យក​ភ្នែក​មើល​នោះទេ​។ ករណីនេះ កំពុង​កើតឡើង នៅលើ​ផ្លូវ​លេខ​៣១០ ជិត​ផ្សារ​អូ​ឡាំ​ពិ​ក​។​

​ម្យ៉ាងវិញទៀត ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាមផ្លូវ​សាធារណៈ​ដោយ​មិនឲ្យ​មាន​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ និង​លើ​ទ្រូងផ្លូវ គឺ​ធំ​នៅលើ​អាជ្ញាធរ​សមត្ថកិច្ច​ពិសេសគណៈកម្មការ​ផ្សារ និង​អាជ្ញាធរ​សង្កាត់​នេះឯង​។ កន្លងមក អ្នកលក់ដូរ ដែល​យក​ផ្លូវ ធ្វើ​ផ្សារ គឺ​ទាល់តែ​មានការ​អនុញ្ញាត​ពី​គណៈកម្មការ អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ សង្កាត់ ទើប​អាចដាក់​បន្លែ​ផ្លែឈើ និង​តូប​តុ​កាហ្វេ​លក់បាន​។ អ្នកលក់​ទាំងនោះ ត្រូវ​បង់លុយប្រចាំថ្ងៃ រហូត​បង់​ខែ ដល់​អាជ្ញាធរ​សមត្ថកិច្ច​ថែម​ទៀតផង​។​

​បើសិន​ជាមាន​វិធានការ​រឹតបន្តឹង ដូច​អ្វីដែល​អាជ្ញាធរ​ចម្រុះ​ខណ្ឌទួលគោក​បានធ្វើ​លើ អ្នកលក់ដូរ ដែល​យក​ផ្លូវ ធ្វើ​ផ្សារ ខាងលើនេះ គឺ​ពិតជា​ល្អ​។ តែ​ក៏​គួរតែ​ធ្វើ​ជាប់​ជាប្រចាំ ហើយដោយ​គ្មាន​ការលើកលែង​លើ​បុគ្គល លើ​បក្ខ លើ​ពួក​ណាមួយ​ទេ​។ ពោលគឺ អនុវត្ត​ន៍ដោយ​ស្មើភាព​គ្នា ហាមឃាត់ និង​ចាប់​រឹបអូស​យក​បន្លែ​ផ្លែឈើ​សម្ភារ​ដាក់តាំងលក់ដូរ​លើផ្លូវ​ទាំងអស់ ដោយ​គ្មាន​ការសម្របសម្រួល ឬ​ការលើកលែង​ឡើយ​។​

​ក្រោយពី​ដាក់​ផែនការ​ហើយ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​ចុះ​អនុវត្ត​ន៍ហើយ​តាមដាន​មើល ជាប្រចាំ​។ បើសិនជា​អ្នកលក់ដូរ​ទាំងនោះ នៅតែ​រំលោភ យក​ផ្លូវ​ធ្វើ​កន្លែង​លក់ដូរ ធ្វើ​កន្លែង​ចត​ឡាន​ម៉ូតូ​ទៀត ត្រូវ​ចាប់​រឹបអូស យកទៅ​ពិន័យ ធ្វើ​កិច្ចសន្យា​ហើយ​ចុងក្រោយ ដកហូត​យកទៅ​កម្ទេចចោល ដូច​អ្វីដែល​អាជ្ញាធរ​ចម្រុះ​ខណ្ឌទួលគោក បាន​អនុវត្ត​ន៍កន្លងមក​។ ធ្វើ​ដូច្នេះ​ជាប្រចាំ នោះ​អ្នករំលោភ​ផ្លូវ នឹង​អាច​រាង​ចាល​។

​ជាការ​ពិត ធ្វើ​ដូច្នេះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អ្នកលក់ដូរ​ខ្លះ​មែន ​តែ​ជា​ផលប្រយោជន៍​វិញ គឺ​ប្រជាពលរដ្ឋ​យ៉ាងច្រើន ពិសេស​អ្នកមាន​ផ្ទះ​រស់នៅ​ម្តុំ​នោះ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ​ច្រើនជាង​អ្នកលក់ដូរ ទទួលបាន​ផលប្រយោជន៍​ពី​ការលក់ដូរ​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ ដែល​អាជ្ញាធរ​សមត្ថកិច្ច បាន​អនុវត្តន៍​។​

​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ផ្លូវ​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ​អនាម័យ​ស្អាត ល្អ ហើយ​អ្នកចូលរួម​មុនគេ គឺ​ប្រជាពលរដ្ឋ​រស់នៅ​តាមផ្លូវ​នោះ និង​អ្នកលក់ដូរ​ សូម​គិតពី​ប្រយោជន៍​រួម ជាជាង​ការរំលោភ​ចិញ្ចើមផ្លូវ និង​ការរំលោភ​យក​ផ្លូវ ធ្វើជា​កម្មសិទ្ធិ លក់ដូរ ដែល​បម្រើ​តែ​ប្រយោជន៍​ខ្លួនឯង​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​អនុវត្ត​ន៍ជាប្រចាំដោយ​តម្លាភាព មិន​ប្រកាន់​បក្ខពួក និង​មិន​ទទួល​លុយកាក់​ពី​ប្រជាពលរដ្ឋ​អ្នកលក់ដូរ រំលោភបំពាន​ផ្លូវ​ទាំង​នោះទេ​។ សកម្មភាព​អនុវត្ត​ន៍ច្បាប់ ការរៀបចំ​សណ្តាប់ធ្នាប់​របៀប រៀបរយ​នេះ ក៏​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ធ្វើ​ឲ្យ​ជាប់លាប់ ជាប្រចាំ​និង​គ្រប់​ទីកន្លែង ផងដែរ​៕ ដោយ​:​ម៉េង​ឆៃ​/Ha

#