រៀល​ម៉ា​ឌ្រី​ត​ត្រៀម​ដាក់សំណើ​ម្តងទៀត ដើម្បី​ផ្ទេរ​អ្នកចាំទី ដេវីដ ដឺ ហ្គៀ​

194

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​ការព្យាយាម​របស់​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដើម្បី​ផ្ទេរ​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea) ។ អ្នកដឹង​រឿង​នៅ​ពហុ​កីឡដ្ឋាន Old Trafford ជឿថា កិច្ចប្រឹងប្រែង​នេះ​គឺ​ច្បាស់​ណាស់ ខណៈ​ក្លឹប​ទាំងពីរ​ត្រៀមខ្លួន​ប្រកួត​គ្នា​នៅ​អាមេរិក​នៅ​ថ្ងៃទី​២៣​ខែកក្កដា​។​
​ ​
​យូ​ណាយ​ធី​ត​ចង់​រក្សាទុក ដឺ ហ្គៀ វ័យ​២៦​ឆ្នាំ​ហើយនឹង​ទាមទារ​តម្លៃ​លើសពី​៦០​លាន​ដុល្លារ សម្រាប់​អ្នកចាំទី សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​។ ដឺ ហ្គៀ ដែល​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​ជាមួយ យូ​ណាយ​ធី​ត​កំពុងតែ បើក​ចិត្ត​ចង់​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​មិន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​នោះទេ​។​
​ ​
​គ្មាន​ក្លិប​ណាមួយ​ចង់​ឲ្យ​រឿង​ចាស់​កាលពី​ឆ្នាំ​២០១៥​កើតឡើង​ម្តងទៀត​ទេ នៅពេល​ក្លឹប Real Madrid បរាជ័យ​ក្នុង​ការតាមប្រមាញ់ ដឺ ហ្គៀ ដោយសារតែ ដាក់​ឯកសារ​មិនទាន់​ពេល​។​
​ ​
​យូ​ណាយ​ធី​ត​លើកយក​បញ្ហា​របស់ ដឺ ហ្គៀ មក​និយាយ​ដាច់ដោយឡែក​ពី​ការចរចា​ជាមួយ Real Madrid ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) មុនពេល​បង្វែរ​ចំណាប់អារម្មណ៍​មក រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដែលមាន​តម្លៃ​៧៥​លាន​ផោន​។ ប៉ុន្តែ​នៅពេលនេះ យូ​ណាយ​ធី​ត​រំពឹងថា Real Madrid នឹង​ត្រឡប់មក​តុ​ចរចា​វិញ​ជាមួយនឹង​សំណើ​ប្រាកដប្រជា​សម្រាប់​អ្នកចាំទី​លេខ​១​រូបនេះ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប​Real Madrid ចង់បាន​កីឡាករ​អេ​ស្ប៉ា​ញ​ច្រើន​ចូលរួម​ក្នុង​ក្រុម ហើយ​ត្រៀម​ដាក់សំណើ​ខ្ពស់បំផុត​មិន​ធ្លាប់មាន ដើម្បី​នាំយក​អ្នកចាំទី ដឺ ហ្គៀ ត្រឡប់មក​ទីក្រុង ទី​ដែល​កីឡាករ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​Atletico Madrid មុនពេល​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​១៨,៩​លាន​ផោន​កាលពី​ឆ្នាំ​២០១១៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea)