រោងចក្រ​កែច្នៃ​ដំឡូង​មី​ដំបូង​របស់​ចិន គ្រោង​សាងសង់​នៅ​កម្ពុ​ជានា​ដើមខែ​ក្រោយ​

1167
ចែករម្លែក

ដោយ ៖ វិបុល/(​ភ្នំពេញ​) ៖ បន្ទាប់ពី រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ការវិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​របស់​ក្រុមហ៊ុន Green Leader Holdings Group Limited មកពី​ហុងកុង ដែលមាន​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​ឲ្យ​បាន​៥​ទៅ​១០​រោងចក្រ​នោះ រោងចក្រ​ដំបូងបង្អស់​នៅ​កម្ពុជា គឺ​ស្ថិតនៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​គ្រោង​សាងសង់​នៅ​ខែមេសា​ខាងមុខនេះ ។ នេះ​បើតាម​មន្ត្រី​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

​លោក ចាន់ ហេង នាយក​ខុទ្ទកាល័យ​រដ្ឋ​រូបនេះ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា រោងចក្រ​កែច្នៃ​ដំឡូង​មី​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ចិន​នៅ​កម្ពុជា នឹង​ចុះ​បឋម​សីលា​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​លោក​ថា “​ក្រុមហ៊ុន​ហ្គ្រី​ន​លី​ត​ឌឺ (Cambodia ឯ​.​ក​) ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​កម្ពុ​ជាមាន​ទាំងអស់​ចំនួន​១០​កន្លែង ហើយ​កន្លែង​ដំបូង​គេ​បង្អស់​គឺ​ស្ថិតនៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ខាង​ក្រុមហ៊ុន​បាន​ជូន​របាយការណ៍​មក​ខាង​ក្រសួងកសិកម្ម​ថា នឹង​ចុះ​បឋម​សីលា​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​ខាងមុខនេះ “​។​

​លោក​បន្តថា រោងចក្រ​កែច្នៃ​ដំឡូង​មីនេះ គឺជា​ប្រភេទ​រោងចក្រ​កែច្នៃ​ម្សៅ​មី ដែលមាន​សមត្ថភាព​អាច​ផលិត​បាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ការសាងសង់​រោងចក្រ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​មាន​ខេត្ត​ផ្សេងៗ​ទៀត ដែលមាន​សក្តានុពល​ខាង​ដំឡូង​មី ។​

​លោក​បាន​បញ្ជាក់ដែរថា ផលិតផល​កែច្នៃ​ដំឡូង​មី​ដែលមាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំនេះ គឺ​ក្រុមហ៊ុន​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​ចំនួន​៥០​ម៉ឺន​តោន ដោយ​ប្រើប្រាស់​កិច្ចព្រមព្រៀង​កសិកម្ម ៕