រោងចក្រ​ផលិត​ឡាន​ប្រើ​ថាមពល​អគ្គិសនី​គ្រោង​បើក​ការិយាល័យ​លក់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​

335
ចែករម្លែក

ដោយ​: ស៊ា ថាំង / ភ្នំពេញ​: នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់ នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ប្រទេស​ចិន បាន​អះអាង​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី នឹង​បើក​ការិយាល័យ​លក់​មួយ​ជា​លើកដំបូងនៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​លក់​រថយន្ត​ប្រភេទ​នេះ ចំនួន​៣០​គ្រឿង​រួចហើយ មក​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​មួយ​នៅ​ក្រុងព្រះសីហនុ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយរ​បស់​គណៈប្រតិភូ​មិត្ត​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន រៀបចំ​ដោយ​ស្ថានទូត​ចិនប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០​ដល់​១៦​វិច្ឆិកា ប្រតិភូ​មិត្ត​អ្នកកាសែត​កម្ពុជា បាន​អនុញ្ញាត​ទៅ​ទស្សនកិច្ច​ឈ្វេងយល់​នៅ​ទី​ស្នាក់ការ​ធំ នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ស្ថិតនៅ​ទីក្រុង​ស៊ិន​ជិន​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​។​

​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD (Build Your Dream) ជា​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយទៀត​របស់​ប្រទេស​ចិន បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៥ ក្នុង​បេសកកម្ម​ដំបូង គឺ​ផលិត​ថ្ម​អាគុយ​សម្រាប់​ផ្គត់​ផ្គង​ដល់ក្រុមហ៊ុន​ផ្សេងៗ ដែល​ត្រូវការ​លើ​ពិភពលោក​។ តែ​បច្ចុប្បន្ន​ក្រុមហ៊ុន BYD បាន​ឈាន​មកដល់​ការរីកចម្រើន​ខ្ពស់បំផុត ផលិត​ផ្គត់ផ្គង់​នូវមុខ​ផលិតផល ៤​សំខាន់ មាន​យានយន្ត រថភ្លើង​លើ​អាកាស ថាមពល​ថ្មី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​ទាំងអស់នេះ​សុទ្ធសឹង​ប្រើ​ដោយ​ថ្ម​អាគុយ​ទាំងអស់ ដើម្បី​ជួយ​ថែរក្សា​បរិស្ថាន​បាន​យ៉ាង​ប្រសើរ​បំផុត​។​

​យានយន្ត​ប្រើ​ថ្ម​ផលិត​នៅទីនេះ មាន​តាំងពី​រថយន្ត​ទេសចរ​ណ៍ រថយន្ត​ដឹក​ដី ដឹកទំនិញ ​រហូត​រថ​យន្ត​ក្រុង និង​រថយន្ត​ដឹក​ធុន​ធ្ងន់​ផងដែរ​។ ដោយសារ​ការរីកចម្រើន​ធំ​បែបនេះ​ បច្ចុប្បន្ន​ ​ក្រុមហ៊ុន BYD មាន​ការិយាល័យ​តំណាង និង​រោងចក្រ​ច្រើន​កន្លែង​នៅលើ​ពិភពលោក មាន​ទាំង​នៅ​អា​ម៉េ​រិក អឹ​រ៉ុ​ប និង​អាស៊ី​មាននៅ​ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង មាន​បុគ្គ​លិក​បម្រើការ​ជាង​២០០០០០​នាក់​។​

​នៅក្នុង​សន្និសីទ​ជាមួយ​គណៈប្រតិភូ​មិត្ត​អ្នកកាសែត​កម្ពុជា លោក Henry Yip នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់ និង​ជានា​យក​ផ្នែក​លក់​យានយន្ត​ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ប្រទេស​ចិន​បាន​អះអាង​ប្រាប់ថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ថ្ម​សាក​អគ្គិសនី BYD នឹង​បើក​ការិយាល័យ​លក់​មួយ​ជា​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ពី​រោងចក្រ​។ លោក​បាន​អញ្ជើញ​មក​សិក្សា​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ច្រើនដង​មកហើយ និង​សម្លឹង​ឃើញថា ផលិតផល​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ស័ក្ដិសម​នឹង​តម្រូវការ​ទីផ្សារ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា រោងចក្រ​បាន​ត្រៀម​រួចហើយ​ក្នុងការ​បញ្ជូន​រថយន្ត​ប្រើ​ថ្ម​សាក​អគ្គិសនី​នេះ ទៅកាន់​ការិយាល័យ​តំណាង​លក់​នៅ​ភ្នំ​ពេញ​។ លោក​បាន​បន្ថែមថា ទោះបី​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​យើង​បាន​លក់​ទៅដល់​កម្ពុជា​រួចហើយ នូវ​រថយន្ត​ប្រើ​ថ្ម​សាក​អគ្គិសនី​ចំនួន​៣០​គ្រឿង ទៅឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​មួយ​នៅ​ក្រុងព្រះសីហនុ​។

លោក Henry Yip បាន​ថ្លែង​ផងដែរ​ថា បញ្ហាលំបាក​មួយ​ក្នុង​ជំនួញ​ខាងលើនេះ ជាមួយ​ប្រទេស​កម្ពុជា គឺ​បញ្ហា​មិនទាន់​ច្បាស់លាស់​ក្នុងការ​កំណត់​ពន្ធគយ​នាំចូល និង​បញ្ហា​មួយទៀត គឺ​កង្វះ​អគ្គិសនី​(​ដាច់​ភ្លើង​) ប៉ុន្តែ​ដ្ឋា​ភិ​បាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ដោះស្រាយបាន​ហើយ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​វិនិយោគ​កសាង​បង្គោល​សាក​អគ្គិសនី​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ភ្នំពេញ​ឲ្យ​បាន​ច្រើន​កន្លែង​។ រថយន្ត​ប្រើ​ថ្ម​សាក​អគ្គិសនី BYD មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង និង​អាច​បង្កើនល្បឿន​ចេញពី​ចំណុចសូន្យ​ឡើងដល់​ល្បឿន​១០០​គីឡូម៉ែត្រ ក្នុង​រយៈពេល​៥​វិនាទី​បាន​។ តែ​រថយន្ត​ត្រូវការ​សាក​ថ្ម​ម្តង​ក្នុង​ចម្ងាយ​រត់​៦០០​គីឡូម៉ែត្រ​។​

​បន្ថែម​លើ​មុខ​ជំនួញ​បើក​ទីផ្សារ​លក់​រថយន្ត​ប្រើ​ថ្ម​នេះ លោក Henry នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ក៏បាន​ថ្លែង​ឲ្យ​ដឹង​ផងដែរ​អំពី​គម្រោង​សហការ​ជាមួយ​ក្រុមហ៊ុន Grab ដើម្បី​ដាក់​បម្រើសេវា Grab នៅ​ទីក្រុង​ជាមួយ​តាក់ស៊ី​កង់​បីប្រើ​ថ្ម ដោយ​កិច្ចការ​នេះ នឹងមាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​អ្នក​ផលិត​ម៉ូតូ​កង់​បី ដោយ​ដូរ​មក​ប្រើ​ថ្ម​សាក​អគ្គិសនី​ទាំងអស់​។ លោក​បញ្ជាក់ថា បញ្ហា​ទាំងនេះ នឹងមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ក្នុង​កម្ពុជា​៕ ​/Ha