រោងចក្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ឃុំ​ស្វាយ​រលំ​បើក​ដំណើរ​ការធម្មតា​វិញ បន្ទាប់ពី​ពិនិត្យឃើញ​មានច្បាប់​ត្រឹមត្រូវ​

1445
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រោងចក្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ស្ថិតនៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើក​ដំណើរការ​ធម្មតា​ឡើងវិញ បន្ទាប់ពី​ប៉ូលិស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ និង​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ ដោយសារតែ​រោងចក្រ​នេះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ប៉ុន្តែ​អ្វី​ដែលជា​កំហុស គឺ​ទាក់ទង​បញ្ហា​អនាម័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា នេះ​ថា បន្ទាប់ពី​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យមើល​រោងចក្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ស្ថិតនៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល គឺ​រោងចក្រ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ប៉ុន្តែ​ទាក់ទង​អនាម័យ គឺ​ខាង​ជំនាញ​បានធ្វើ​ការអប់រំ និង​ឲ្យ​ម្ចាស់​រោងចក្រ​ធ្វើ​កិច្ចសន្យា​។​

​សូមជម្រាបថា ប៉ូលិស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង ស្ថិតនៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​។​

​លោក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹងថា ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង បាន​ឃើញថា រោងចក្រ​ខាងលើ​បានធ្វើ​ការផលិត​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ដែលមាន​ម៉ាក់​ដូចជា B-Smart Grean Tea Honey Strawberry Energy Drink​ប៉ៃ​តង Energy Drink​ខៀវ ដែល​បាន​ផលិត​ពុំ​អនុលោម​ត្រឹមត្រូវ​តាម​ការចុះបញ្ជី​ច​.​ប​.​ផ នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នោះឡើយ​។ ព្រមជាមួយ​ទី តាំង​ពុំបាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ​និង​ខ្វះ​អនាម័យ​ថែម​ទៀតផង​។

​យោងតាម​ការសម្របសម្រួល​របស់លោក ហេង ផេង ព្រះ​រា​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ធ្វើការ​កែតម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​អនាម័យ​ត្រឹមត្រូវ​៕