រំពឹង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​និង​កូរ៉េខាងជើង ប្រសិនបើ​លោក​ផំ​ផូ​ឡើងកាន់តំណែង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​

373

​កាសែត New York Times បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​វិច្ឆិកា​ថា នៅ​គ្រា​ណាមួយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ រដ្ឋមន្ត្រីការបរទេស រិច ធី​ល​ល័​រ​សុន នឹង​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង ជំនួស​ដោយ លោក ម៉ៃ ផំ​ផូ (Mike Pompeo) ដែលជា​ប្រធាន CIA ហើយ​ការងារ​របស់លោក​ផំ​ផូ នឹងត្រូវ​ជំនួស​ដោយ​លោក ថម ខុ​ត​ថុ​ន (Tom Cotton) ព្រឹទ្ធសមាជិក​នៃ​រដ្ឋ​អាកា​ន់​សាស​។​

​កាសែត New York Times បានធ្វើ​សេចក្តីរាយការណ៍​នេះ​ដោយមាន​ទំនុកចិត្ត​ខ្ពស់បំផុត ដោយ​ដកស្រង់​សម្តី​ពី “​ក្រុមមន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​” ។ ការចាកចេញ​របស់លោក​ធី​ល​ល័​រ​សុន​ត្រូវបាន​គេ​និយាយ​ជា​យូរ​មកហើយ ដោយសារតែ​ការប៉ះទង្គិច​សម្តី​ជាច្រើនលើក​របស់គាត់​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ អ្នកនាំពាក្យ​របស់​សេត​វិមាន​និង​ក្រសួងការបរទេស​អាមេរិក​បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​អំពី​របាយការណ៍​នេះ​ទេ ហើយក៏​មិន​ជំទាស់​នឹង​ការលើកឡើង​ក្នុង​របាយការណ៍​នោះដែរ នៅពេល​អ្នកកាសែត​សួរ​។​

​លោក ប្រាយ​អ៊ែន បេ​ក​ឃើ និង​លោក ច​ន គី​រី​អា​គូ ពិធីករ​កម្មវិធី Loud & Clear របស់​វិទ្យុ Sputnik បាន​សម្ភាស​លោក មេ​ឌី បេន​ចា​មីន សហ​ស្ថាបនិក​របស់​អង្គការ CODEPINK ដែល​រៀបរាប់​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា​ជា “​អង្គការ​មូលដ្ឋាន​ដឹកនាំ​ដោយ​ស្ត្រី​ដែល​ធ្វើការ​ដើម្បី​បញ្ចប់សង្គ្រាម​និង​យោធានិយម​របស់​អាមេរិក គាំទ្រ​គំនិត​ផ្តួចផ្តើម​សន្តិភាព​និង​សិទ្ធិមនុស្ស និង​ផ្ទេរ​ប្តូរប្រាក់​ពន្ធ​ជា​ដុល្លារ​របស់​យើង​ទៅក្នុង​ការថែទាំ​សុខភាព ការអប់រំ ការងារ​បៃតង និង​កម្មវិធី​ផ្សេងៗ​ទៀត​ជួយ​ដល់​ជីវភាព​រស់នៅ​”​។​

​លោក បេន​ចា​មីន បាន​និយាយ​បែប​កំប្លែង​ថា “​ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​នឹង​ឃើញ​ថ្ងៃ​ណាមួយ ដែល​ខ្ញុំ​នឹង​ដកចេញ​អតីត​ប្រធាន Exxon ទេ​។ ប៉ុន្តែ​ដោយហេតុថា​មាន​តួអង្គ​ច្រើន​នៅក្នុង​រដ្ឋបាល (​ត្រាំ​) លោក​ធី​ល​ល័​រ​សុន គឺជា​មនុស្សពេញវ័យ​ម្នាក់​នៅក្នុង​អ្វីដែល [​ព្រឹទ្ធសមាជិក​បក្ស​សាធារណរដ្ឋ​] លោក បុ​ប ខុ​ក​ឃើ ហៅថា​មជ្ឈមណ្ឌល​ថែទាំ​មនុស្សពេញវ័យ​របស់​សេត​វិមាន​។ គាត់​បាន​ក្លាយជា​កម្លាំង​ស្នូល​មួយ​នៅ​ទីនោះ ហើយ​ពេលនេះ​កម្លាំង​នេះ​នឹងត្រូវ​បាត់បង់​ហើយ​”​។

​យោងតាម​របាយការណ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី នឹង​ជា​រូបលោក ម៉ៃ ផំ​ផូ (Mike Pompeo) ដែលជា​អ្នក​ប្រឆាំងនឹង​អ៊ីរ៉ង់ និង​រុស្ស៊ី​យ៉ាងខ្លាំង​ក្លា​ម្នាក់​។ លោក​បេន​ចា​មីន​និយាយថា “​ខ្ញុំ​គិតថា​យើង​នឹងមាន​តួអង្គ​ថ្មីៗ​ជាច្រើន​នៅ​ទីនោះ​ដែល​ចង់ទៅ​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង ដែល​គិតថា​យើង​អាច​ទម្លាក់​គ្រាប់បែក​នៅ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចង់ឃើញ​ការផ្លាស់ប្តូរ​របប​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ ហើយ​មិន​បានគិត​អំពី​ផលវិបាក​នោះទេ​”​។​

​លោក​ធី​ល​ល័​រ​សុន​បាន​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ក្នុងអំឡុង​ពេលដែល​គាត់​កាន់តំណែង​ជា​ប្រមុខ​អ្នកការទូត​ដ៏​សំខាន់ ជាហេតុ​ធ្វើឱ្យ​គាត់​មានទំនាស់​ជាមួយ ដូ​ណា​ល់ ត្រាំ​។ ត្រាំ​ធ្លាប់បាន​បង្ហោះ​សារ​ធ្វី​ត​ធើ​ថា ធី​ល​ល័​រ​សុន “​ធ្វើឱ្យ​ខ្ជះខ្ជាយ​ពេលវេលា​របស់គាត់​” ដោយ​ព្យាយាម​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​លោក​បេន​ចា​មីន​ព្យាករណ៍​ថា “​សម្តី​នេះ​មានន័យថា​ជាការ​បង្កើន​ការឈ្លានពាន​របស់​អាមេរិក​ប្រឆាំងនឹង​កូរ៉េខាងជើង​។ ខ្ញុំ​គិតថា វា​មានន័យថា ក្តីសង្ឃឹម​ដែល​យើង​មាន​សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងជើង​គឺ​បាត់​បង់ហើយ​។ ខ្ញុំ​គិតថា នឹងមាន​សមយុទ្ធ​យោធា​អាមេរិក​ធំ​ជាង​មុន សំដៅលើ​ការ​កាត់​ក្បាល​គីម ជុង​អ៊ុន​។ ខ្ញុំ​គិតថា​យើង​កំពុងស្ថិត​នៅក្នុង​អំឡុង​ពេល​ដ៏​លំបាក់​បំផុត​ជាមួយ​កូរ៉េខាងជើង ហើយ​គួរឱ្យ​ស្តាយ កូរ៉េខាងជើង​នឹងមិន​ដកថយ​នោះឡើយ​”​។​

​ទាំង​លោក​បេន​យ៉ា​មីន​និង​ពិធីករ​វិទ្យុ​ទាំងពីរ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ការរំពឹងទុក​ថា​លោក ខុ​ត​ថុ​ន នឹង​ក្លាយជា​នាយក CIA ។ លោក​គី​រី​អា​គូ ដែល​បាន​ចំណាយពេល​ធ្វើការ​មួយ​ទសវត្សរ៍​នៅ CIA សង្ស័យថា លោក​ខុ​ត​ថុ​ន​ដែល​គ្មាន​បទពិសោធន៍​សោះ មិនដឹងថា​អាច​បញ្ជា​ភាពស្មោះត្រង់​របស់​អ្នកក្រោមបង្គាប់​គាត់​បាន​យ៉ាងម៉េច​ទេ ប្រសិនបើ​ត្រូវបានតែងតាំង​ជា​ប្រមុខ​ចារកម្ម​មែន​នោះ​។ លោក​គី​រី​អា​គូ​បាន​បកស្រាយ​ថា “​វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់ CIA​។ ប្រសិនបើ​ពួកគេ​មិន​ចូលចិត្ត​ឬ​មិន​គោរព​ប្រធាន​ឬ​អ្នកដឹកនាំ​ទេ ពួកគេ​នឹងមិន​ងាយ​ធ្វើតាម​បញ្ជា​អ្នក​ទាំង​នោះឡើយ​”​។​

​លោក​បន្តថា “​ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង CIA ហើយ​អ្នក​ឡើង​ឋានៈ​ជាន់ខ្ពស់ អ្នក​គឺ​ច្បាស់​ជា​បានធ្វើការ​នៅ​ទីនោះ ២៥ ឬ ៣០ ឬ ៣៥ ឆ្នាំ​។ ប្រធានាធិបតី​និង​នាយក​ចូល​ហើយ​ចេញទៅ​វិញ​ទេ​។ ដូច្នេះ​អ្វីដែល​ពួកគេ​ធ្វើ​គឺ​នៅពេល​ពួកគេ​ទទួលបញ្ជា​ពី​ប្រធាន ពួកគេ​នឹង​និយាយថា ទទួលបញ្ជា​មេ យើង​នឹងធ្វើ​វា​ឱ្យ​បានល្អ ។ បន្ទាប់មក​ពួកគេ​គ្រាន់តែ​ពន្យារពេល​រហូត​ទាល់តែ​គេ​ភ្លេច​បញ្ជា​នោះ​វិញ​”​។​

​នៅ​អាយុ ៤០ ឆ្នាំ លោក​ខុ​ត​ថុ​ន​គឺជា​ព្រឹទ្ធសមាជិក​វ័យក្មេង​ជាងគេ​នៅ​សហរដ្ឋអាមេរិក​ហើយ​មានបទពិសោធន៍​តិចតួច​ណាស់​ក្នុងការ​ស៊ើបការណ៍​សម្ងាត់​។ ដូច្នេះ លោក​គី​រី​អា​គូ​មិនដឹងថា​បុគ្គលិក​ជើងចាស់​នៅ CIA នឹងធ្វើ​តាម​បង្គាប់​របស់គាត់​ឬ​អត់​ទេ​។ នេះ​នឹង​ធ្វើឱ្យ​មានអំណាច​ពិតប្រាកដ​នៅ​ពីក្រោយ​អនុប្រធាន CIA លោក ជី​ណា ហា​ស្ពែ​ល (Gina Haspel) ភ្នាក់ងារ​ជើងចាស់​ធ្វើការ ៣២ ឆ្នាំ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​ជំទាស់​រឹងទទឹង​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ ផំ​ផូ