រំលឹក​រឿងរ៉ាវៈ​ប្រជាជន​ខ្មែរ​ជឿ​លើ​ផ្កាយដុះកន្ទុយ​ជាជាង​ជឿ​លើ​កំណត់ហេតុ​របស់ អ៊ិត សារិន ​ពី​ការមកដល់​នៃ​ក្រុម​ខ្មែ​ក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

2038
ប្រជាជន​ត្រូវបាន​កង​យោធា​ខ្មែរក្រហម​ជម្លៀស​ចេញពីផ្ទះ​សម្បែង នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

ដោយៈ​សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​
​ប្រជាជន​ខ្មែរ​តែងមាន​ជំនឿ​ទៅលើ​អព្ភូតហេតុ​អស្ចារ្យ​នៃ​ផ្កាយដុះកន្ទុយ​។​អព្ភូត​ហេតុនេះ​បានកើត​ឡើង​យូរៗ​ម្តង​និង​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ច្បាស់​ពី​ទិសខាងកើត​ឆៀង​ខាងជើង​នាពេល​ព្រឹក​ព្រលឹម ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​ពី​ចម្ងាយ​។​អព្ភូតហេតុ​អស្ចារ្យ​នេះ​បាន​កើតឡើង​នៅ​ប្រទេស​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​អំឡុងពេល​ដែលមាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច ព្រះ​នរោត្តម សីហនុ​។

​ប្រជាជន​កម្ពុជា​រស់នៅ​ទីក្រុង​ភ្នំពេញ​ទីប្រជុំជន​តាម​បណ្តា​ខេត្ត​នានា​និង​ជាពិសេស​ប្រជាជន​រស់នៅ​តាម​ទីជន​បទ​ស្រុកស្រែ​ចម្ការ ដែល​បានឃើញ​អភ្ភូត​ហេតុនេះ​ច្បាស់ បាន​ចំណាំ ហើយ​និយាយ​តៗ​គ្នា និង​មាន​ប្រផ្នូល​ឲ្យ​ដឹង​មុន​ថា ប្រទេស​កម្ពុជា​នឹង​កើតមាន​ចលាចល សង្គ្រាម និង គ្រោះ​ទុរ្ភិក្ស នៅពេល​ខាងមុខ​មិនខានឡើយ​។ ប្រជាជន​ខ្មែរ​នៅពេលនោះ បាន​ជឿ​ទៅលើ​អព្ភូតហេតុ ផ្កាយដុះកន្ទុយ​នេះ ជាជាង​ជឿ​ទៅលើ​កំណត់ហេតុ​របស់ អ៊ិត សារិន ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុមខ្មែរក្រហម​នៅក្នុង​តំបន់​រំដោះ អស់​រយៈពេល​៩​ខែ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧២ រហូតដល់​ដើមឆ្នាំ​១៩៧៣​។ គាត់​បាន​កត់ត្រា​យ៉ាង​លម្អិត​ពី​សកម្មភាព​ប្រចាំថ្ងៃ ការងារ​និង​មាគ៌ា​ដឹកនាំ​របស់​បដិវត្តន៍​ខ្មែរក្រហម​និង​គ្រោះមហន្តរាយ​នៅពេលដែល​ប្រទេស​ធ្លាក់​ក្រោម​ការគ្រប់​គ្រង​របស់​កុម្ម​យ​នី​ស្ត​នាពេលខាងមុខ​។

​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ពី​សង្គ្រាម​រវាង​វៀតណាម​ខាងជើង​និង​ខាងត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​ភាពវឹកវរ​ដោយសារ​ការបះបោរ​រប​ស់​ប្រជាជន​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ប្រឆាំងនឹង​ទាហាន​ដែល​រឹបអូស​យក​ដីធ្លី រដ្ឋប្រហារ​ទម្លាក់​ស​មេ្ត​ច​ព្រះ​នរោត្តម សីហនុ រួមជាមួយ​អំពើហិង្សា និង​បាតុកម្ម​ប្រឆាំងនឹង​របប លន់ នល់ ដែល​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រុង​កំពង់ចាម​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ទើប​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កាន់តែ​ជឿជាក់​ខ្លាំង​លើ​ការ​ដំណាល​ពី​ផ្កាយ​ដុះកន្ទុយ​នេះ​។

​នៅពេល​សង្គ្រាម​បាន​ផ្ទុះឡើង ទំនាយ​ដែល​បាន​និយាយ​ពី​អនាគត​របស់​នគរ រាជវង្ស នាម៉ឺន មន្ត្រី ប្រជានុ​រាស្ត្រ ដែល​បាន​ប្រមូល​ចងក្រង​នៅក្នុង​សៀវភៅ “​ពុទ្ធទំនាយ​” ឬ “​ឥន្ទ​ទំនាយ​” របស់​អ្នកនិពន្ធ ព្រះ​ពោធិ៍វ័ង្ស ន​ន្ទ ង៉ែត និង ធន់ ហ៊ិ​ន ក៏​ត្រួវបាន​លើក​មក​និយាយ​តៗ​គ្នា​ដែរ ដូចជា​ឃ្លា​ថា “​មានផ្ទះ​តែ​គ្មាន​មនុស្ស​នៅ មាន​ផ្លូវ​តែ​គ្មាន​មនុស្ស​ដើរ​”​។ “​ទឹក​ហូរ​ច្រាស់​ឡើងលើ មិន​ព្រួយ​ដើរហើរ ហោះ​បាន​រាល់គ្នា​”​។ យក​កប្បាស​ទិញដូរ​ម្លូ​ស្លា អស់ប្រាក់​ទៅណា វិនាស​បាត់បង់​។ ក្រៅពី​ឃ្លា​ខាង​លើ ក៏មាន​ការសរសេរ​ពា​ក្យ​កាព្យ​ដែរ ដូចជា “​ផ្គរលាន់​ឯ​បូព៌​ឮ​កណ្តុក អ្នកតា​ចាស់​ស្រុក​ឱបដៃ​យំ កំ​ពិស​ឡើង​ពង​កំពូលភ្នំ ក្អែក​ស​សម្ងំ​ក្នុង​គុម្ព​ត្រែង​។ ពោធិ៍ព្រឹក្ស​រាប​គល់​ពុំ​ចាក់​ឬ​ស ពស់វែក​ត្រាំ​ពិស​ផ្តាំ​កន្លែង ក្របី​លាក់ខ្លួន​សម្រួច​ស្នែង រាជហង្ស​ដើរ​ស្វែង​កាច់​សំបុក​” “​ពពេច​ក្រាប​ពង​ក្រោម​គង្គា ក្អែក​ពាំ​ផ្លែ​ល្វា​រាយ​គ្រប់​ស្រុក អ្នកផង​ឃើញ​ហើយ​ខំ​រើស​ទុក តំណ​ទៅមុខ​ទើប​ដឹងខ្លួន​” ជាដើម​។

​ទំនាយ​ទាំងនេះ​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​ជឿថា​ជាស​ញ្ញាណ​នៃ​ការប្រែប្រួល​និង​ផ្លាស់ប្តូរ​របប​ដឹកនាំ​សង្គម​នៅ​ពេល​ឆាប់ៗ​ជាពិសេស​សំដៅ​ទៅលើ​ក្រុម​បដិវត្តន៍​ខ្មែរក្រហម​ដែល​បាន​ឃោសនា​និង​ពង្រីក​កម្លាំង​កាន់តែ​ធំ​ហើយ​បាន​វាយលុក​កាន់តែ​ខ្លាំងក្លា​និង​ប្រព្រឹត្ត​ឃោរឃៅ​លើ​ប្រជាជន​នៅតាម​ទីជនបទ តាម​ទីប្រជុំជន​និង​ក្រុង​នានា​។​ទំនាយ​ដែល​ប្រជាជន​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​លើក​មក​និយាយ​តៗ​គ្នា​មក​នោះ​ស្របទៅនឹង​បរិបទ​ប្រវត្តិសាស្ត្រ និង​ការដឹកនាំ​របស់​ក្រុមខ្មែរក្រហម​។​

​អ៊ុង​វណ្ណា​ជា​សិស្សសាលា​នៅក្នុង​ក្រុង​ព្រៃវែង​នៅមុន​ពេល​យោធា​ខ្មែរក្រហម​បាន​ចូលមក​គ្រប់គ្រង​ប្រទេស បាន​សរសេរ​រៀបរាប់​នៅក្នុង​សៀវភៅ ដែលមាន​ចំណងជើង “​ព្រលឹង​មាសម្តាយ​” របស់គាត់​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​មួយពេល​គាត់​ក្រោក​ដំ​បាយ​ដើម្បី​ខ្ចប់​ទៅ​ហូប​នៅ​សាលារៀន​ស្រាប់តែ​គាត់​ឮ​សំឡេង​ស្រែក​ឧទាន​ឡើង​“​ផ្កាយព្រឹក​ដុះ​កន្ទុយ​!​ផ្កាយព្រឹក​ដុះ​កន្ទុយ​!”​។​ផ្កាយដុះកន្ទុយ​នេះ​លេច​ចេញពី​ទិសបូព៌​ជះ​រស្មី​ឆ្នូត​វែង​មក​ចំ​ស្រុក​ខ្មែរ​។​វណ្ណា​បាន​រត់​ទៅផ្ទះ​អ៊ំ​សៀន​ដែលជា​ចាស់ទុំ​នៅក្នុង​ភូមិ​ដើម្បី​ស្តាប់​ការបកស្រាយ​។ សំឡេង​ជ្រួល​ច្របល់ អ៊ូអរ ក៏​ចាប់ផ្តើម​លាន់ឮ​ឡើង​ពី​មាត់​មួយ​ទៅ​មាត់​មួយ ជួយ​មើល​! ជួយ​មើល​! ផ្កាយព្រឹក​ដុះ​​​កន្ទុយ​! ផ្កាយព្រឹក​ដុះ​កន្ទុយ​! កន្ទុយ​បាញ់​ចំ​ស្រុក​យើង ច្បាស់​ជាមាន​សង្គ្រាម​ទុរ្ភិក្ស​កើតឡើង​ជាមិនខាន​ឡើយ​។ ចាប់តាំងពី​ពេលនោះ​មក វណ្ណា បាន​សង្កេតឃើញ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ប​ដិ​វដ្ត​ន៍​ខ្មែរក្រហម និង​កងទ័ព លន់ នល់ បានកើត​ឡើងជា​ច្រើនលើក​ច្រើនសារ​រួមទាំង​ការទម្លាក់​គ្រាប់បែក​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​ក្នុងភូមិ​ស្រុក​របស់គាត់​ទៀតផង​។​វណ្ណា​តែងតែ​ស្តាប់​ចាស់ៗ​ជជែក​គ្នា​ពី​អព្ភូតហេតុ​និង​ទំនាយ​ផ្សេង​ទាក់ទង​ស្រុកទេស​រហូតដល់​របប លន់ នល់ ដួលរលំ​។​

ម៉ែន ឌឿ​ន ជា​សិស្សសាលា​បឋមសិក្សា នៅក្នុង​ក្រុង​កំពង់ចាម​នៅក្នុង​របប លន់ នល់​បាន​រៀបរាប់ថា ប្រហែល​​ពីរ​ខែក្រោយ​រដ្ឋប្រហារ​មាន​ហេតុ​ការចម្លែក​មួយ​មួយ​បានកើត ឡើង គឺ​ផ្កាយដុះកន្ទុយ ដែល​អ្នកក្រុង​កំពង់ចាម និង​អ្នក​នៅ​ខាងកើត​ទន្លេ​កំពង់ចាម​បាន​មើលឃើញ​ប្រហែល​ម៉ោង​៥​ទៀបភ្លឺ​។ ព្រឹក​មួយពេល​គាត់​ឈឺធ្មេញ​ថ្គាម​ឪពុក​របស់គាត់​បាន​ជូន​គាត់​ទៅ​ព្យាបាល​និង​ដក​ធ្មេញ​នៅ​មន្ទីរពេទ្យ​កំពង់ចាម​។ គាត់​ក៏បាន​ដើរទៅ​ស្តាប់​ចាស់ៗ​នៅមុខ​បន្ទប់​ពេទ្យធ្មេញ​។ ចាស់ៗ​ទាំងនោះ​មកពី​សួង បាន​និយាយ​ពី​ផ្កាយដុះកន្ទុយ​ដែល​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​ប្រទេសជាតិ​។​ក្រោយមក​គាត់​បានឃើញ​ហ្វូង​បាតុករ​ដើរ​តវ៉ា​នៅតាម​ដងផ្លូវ​នៅ​ក្រុង​កំពង់ចាម​សំដៅ​ចូលមក​ក្រុងភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​សម្តេច ព្រះ​នរោត្តម សីហនុ យាង​ត្រឡប់មក​កាន់​អំណាច​​​វិញ​។​ហ្វូង​បាតុករ​ទាំងនេះ​បាន​ទៅ​រុះរើ​សម្ភារ ដុត​ឯកសារ​វាយបំផ្លាញ​សាលាដំបូង​សាលាស្រុក​និង​សាលាខេត្ត​កំពង់ចាម​។​អ្នក​ដែល​ដឹកនាំ​ហ្វូង​បាតុករ​ចូលមក​ហាក់ដូចជា​បាន​ស្គាល់​ទីកន្លែង​ទាំងនោះ​យ៉ាង​ច្បាស់​​ដែល​អាចជា​ក្រុម​ចលនា​របស់​ខ្មែរក្រហម​។ បាតុកម្ម​នេះ​បានប្រែក្លាយ​ទៅជា​ហិង្សា ហើយ​បាតុករ​បាន​ចាប់​តំណាងរាស្ត្រ​ឈ្មោះ សុស សា​អ៊ុន​សម្លាប់​និង​វះ​យក​ថ្លើម​និង​សម្លាប់​តំណាង​រាស្ត្រ​ម្នាក់ទៀត​ដែល​មក​ចរចា​និង​ដោះស្រាយ​នូវ​ការទាមទា​របស់​ហ្វូង​បាតុករ​នៅ​ម្តុំ​រោងចក្រ​តម្បាញ​ក្រុង​កំពង់ចាម​។​ឌឿ​ន​បាន​បន្តថា​ទាំងនេះ​ជាការ​ចំណាំ​តៗ​គ្នា​មក ដោយសារ​ប្រទេស​ខ្មែរ​បាន​ជួបប្រទះ​នូវ​សង្គ្រាម​រាំងជល់​ជាច្រើនលើក​ច្រើន​សារ អំពើហិង្សា​និង​ជា​រឿង​ពិត​ដែល​បាន​កើតឡើង​ចាប់ពី​ខែឧសភា​ឆ្នាំ​១៩៧០​រហូតដល់​ខ្មែរក្រហម​ចូល​មកដល់​ឆ្នាំ​១៩៧៥​។

​អ៊ំ​សុផាន់​កើត​នៅ​ក្រុងភ្នំពេញ​និង​មាន​អាយុ​៨​ឆ្នាំ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​បាន​មានប្រសាសន៍ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃមួយ​ជីតា​របស់គាត់​ឈ្មោះ​ហែម​ខាន់​ជា​អាចារ្យ​នៅ​វត្ត​ថា​ន់​បាន​ដាស់​គាត់​ឲ្យ​ក្រោកពីដំណេក​មើល​ផ្កាយដុះកន្ទុយ​។​សុផាន់​បាន​បើក​បង្អួច​ផ្ទះ​របស់គាត់​ដែល​កាលនោះ​ស្ថិតនៅ​ខាងក្រោយ​ព្រះបរមរាជវាំង មើលឃើញ​ផ្កាយ​នោះ​យ៉ាងច្បាស់ ដែល​ជះ​ពន្លឺ​មកពី​ទិសខាងកើត​។

​បន្ទាប់ពី​បាន​មើល​ផ្កាយដុះកន្ទុយ​រះ តា​របស់គាត់ បាន​និទាន​ប្រាប់​គាត់​ថា “​ចៅ​! ចាំ​សង្កេតមើល នៅពេល​មាន​ផ្កាយដុះកន្ទុយ​កើតឡើង មិនយូរប៉ុន្មាន​ស្រុកភូមិ នឹង​កើត​ទុរ្ភិក្ស កើតសង្គ្រាម វឹកវរ មិនខានឡើយ​ហើយ​នៅ​គ្រប់ទិសទី​នឹងមាន​ទូងស្គរ​ដាស់​ប្រជារាស្ត្រ​ឲ្យ​ក្រោក​ឡើង​ការពារ​ផ្ទះសម្បែង ភូមិដ្ឋាន​របស់ខ្លួន​”​។​បន្ទាប់ពី​បាន​ស្តាប់​តា​របស់គាត់​និទាន​រួចមក​នៅ​អំឡុងពេល​វិស្សមកាល​រយៈពេល​បី​ខែ​ពី​ការសិក្សា ឆ្នាំ​១៩៧៣ សុផាន់ បាន​ទៅលេង​ស្រុកកំណើត​នៅ​ឃុំ​ត្នោត ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​នៅ​ទីនោះ​សុផាន់​បានឃើញ​កងទ័ព​វៀត​កុង​និង​ធី​វ​គី​ចេញចូល​ក្នុងភូមិ​ឃុំ​របស់គាត់​ជា​ញឹកញាប់​ហើយ​នៅក្នុង​ភូមិ​ឃុំ​របស់គាត់​ក៏​ចាប់ផ្តើម​ច្រួលច្របល់​។​សុផាន់​មិនអាច​ត្រឡប់មក​ភ្នំពេញ​បានទេ​ដោយសារ​អសន្តិសុខ​។​ដូច្នេះ​ពូ​របស់គាត់​ឈ្មោះ​ហែម​បណ្ឌិត​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បឹងត្របែក​បាន​ជួល​ក្រុម​ស៊ើបការណ៍​“​ឆ្មា​ខ្មៅ​”​របស់​ទាហាន​លន់នល់​ឲ្យ​ចូលទៅ​ក្នុងភូមិ​រំ​ដោះយក​គាត់​ទាំងយប់​មក​ក្រុង​ស្វាយរៀង​វិញ​។ បន្ទាប់មក ពូ​របស់ សុផាន បាន​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ សុផាន់ ជិះ​ត្រឡប់មក​ភ្នំពេញ​វិញ ព្រោះ​ផ្លូវជាតិ​លេខ​មួយ​ត្រូវបាន​ខ្មែរក្រហម​កាត់ផ្តាច់ និង​គ្រប់គ្រង​។

​សង្គ្រាម​បាន​ផ្ទុះឡើង​កាន់តែខ្លាំង​រវាង​កងកម្លាំង​បដិវត្តន៍​ខ្មែរក្រហម​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លន់នល់​រហូត​មកដល់​ឆ្នាំ​១៩៧៥​ហើយ​ប្រហែល​ដោយសារ​ប្រជាជន​ខ្មែរ​ដក់​ជាប់​ជាមួយ​អព្ភូតហេតុ​ផ្កាយ​ដុះកន្ទុយ ពុទ្ធទំនាយ និង​មិនបាន​តបត​ខ្លាំងក្លា​ទៅលើ​ក្រុម បដិវត្តន៍​ខ្មែរក្រហម​វិញ ទើប​បណ្តោយ​ឲ្យ​ខ្មែរ​ក្រហម​ដែល​បាន​ហាមឃាត់​ដាច់ខាត​ទៅលើ​ជំនឿ​អ​រូបិយ​ទាំងនេះ​និង​ការគោរព​ប្រណិប័តន៍​សាសនា​នៅក្នុង​អំឡុង​ពេលដែល​ខ្លួន​ដឹកនាំ​ចលនា​តស៊ូ​ទទួលបាន​ជ័យជម្នះ​ទៅលើ​របប លន់ នល់ យ៉ាង​ងាយស្រួល​។

​សង្គ្រាម​រវាង​ក្រុម​បដិវត្តន៍​ខ្មែរក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ បានបញ្ចប់​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​ក៏​ជា​ថ្ងៃ​ដែល​ក្រុមខ្មែរក្រហម​បានចាប់ផ្តើម​ជម្លៀស និង​បង្ខំ​ប្រជាជន​នៅ​ទីក្រុង​ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង​និង​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​រងទុក្ខវេទនា បែកបាក់​គ្រួសារ និង​ស្លាប់​អស់​ប្រមាណ​ជិត​ពីរលាន​នាក់​៕មន

កង​យោធា​ខ្មែរក្រហម​ចូល​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥