រំលែកសាំងពីដបដាក់ ថង់លក់មិនប្រយ័ត្នកំពប់ ឆេះផ្ទះនិងទ្រព្យសម្បត្តិអស់គ្មានសល់

513

ដោយៈ វ៉ៃកូ

ស្វាយរៀងៈមានអគ្គិភ័យមួយយ៉ាងសន្ធោសន្ធៅបានកើតឡើងនៅផ្ទះលក់ចាប់ហួយមួយខ្នងកាលពីវេលាម៉ោង៦:៣០ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារតែចៅស្រីម្ចាស់ផ្ទះមានការធ្វេសប្រហែសយកដបសំាងចាក់សាំងចូលថង់ក្បែរចង្ក្រានបាយដែលកំពុងមាន​រងើកភ្លើងបណ្ដាលឲ្យកំពប់ឆេះផ្ទះ ទ្រព្យសម្បត្តិ និងរលាកជើងដៃ តែមិនបណ្តាលឲ្យមាននរណាគ្រោះដល់ជីវិតឡើយ ។

បើតាមប្រភពកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នាង សេត ភេទស្រីអាយុ ៦៦ឆ្នាំមានមុខរបរលក់ចាប់ហួយរស់នៅភូមិឃុំស្រុកខាងលើ។ ចៅស្រីដែលរងរបួសរលាកភ្លើងជើង ទាំងសងខាងមាន ឈ្មោះ អោប ស្រីពេជ្រ អាយុ១៣ឆ្នាំ។

តាមសម្តីម្ចាស់ផ្ទះនិយាយទាំងទឹកភ្នែកថា មុនកើតហេតុគាត់បានដាំបាយហូបរាល់ព្រឹក ប៉ុន្តែមានភ្ញៀវមក ទិញសាំងទើបគាត់ហៅចៅស្រី មក​ចាក់សាំងរំលែកចូលក្នុងថង់នៅពេល​នោះស្រាប់​តែកំពប់​ខ្ចាយ ទៅលើចង្ក្រានបាយដែលកំពុងមានរងើកភ្លើងបណ្ដាលឲ្យឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់ខ្វែងដៃខ្វែងជើងនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ដែរ ក៍ប៉ុន្តែអកុសលដោយភ្លើងឆេះពេញទំហឹងមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។

ម្ចាស់ផ្ទះបានបន្តទៀតថា ទ្រព្យសម្បត្តិដែលខូចខាត​មាន ផ្ទះ ដែលឆេះ ម៉ូតូពីរគ្រឿង,កង់ពីរគ្រឿង, និង របស់របរលក់មួយចំនួនទៀត ព្រមទាំងថវិការមួយចំនួនផង៕