រ៉ុក្កែត​យក្ស​របស់​ក្រុមហ៊ុន SpaceX ហោះ​ឆ្ពោះទៅ​ភព​អង្គារ បន្ទាប់ពី​ការបាញ់​បង្ហោះ​យ៉ាង​ល្អឥតខ្ចោះ​

268

​រ៉ុក្កែត​ខ្លាំងក្លា​បំផុត​នៅលើ​ពិភពលោក ឈ្មោះ Falcon Heavy របស់​ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ ទី​៦ កុម្ភៈ ក្នុងការ​ហោះហើរ​សាកល្បង​ដំបូង​របស់ខ្លួន ដោយ​ដឹកយក​រថយន្ត Tesla ពណ៌​ក្រហម​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក អេ​ឡុ​ន ម៉ាស់ ទៅរក​គន្លង​គោចរ​ក្បែរ​ភព​ព្រះ​អង្គារ​។​

​ការស្រែក​អបអរសាទរ​បាន​ផ្ទុះឡើង​នៅឯ​មណ្ឌល​ខេ​ប​ខា​ណា​វើ​រ៉​ល (Cape Canaveral) រដ្ឋ​ផ្លរីដា នៅពេល​រ៉ុក្កែត​ដ៏​ធំ​បាន​បញ្ឆេះ​ម៉ាស៊ីន​ចំនួន ២៧ គ្រឿង​របស់​វា ហើយ​ហោះ​ឡើងលើ​មេឃ​ពណ៌​ខៀវ​នៅលើ​បន្ទះ​ជើង​ទម្រ​បាញ់​បង្ហោះ​របស់​ណា​សា​តែមួយ ដែល​ប្រើ​ធ្វើជា​មូលដ្ឋាន​សម្រាប់​បេសកកម្ម​អាមេរិក​ទៅកាន់​ឋាន​ព្រះ​ចន្ទ​កាលពី ៤ ទសវត្សរ៍​មុន​។​

​អ្នក​អត្ថាធិប្បាយ​របស់​ក្រុមហ៊ុន SpaceX លោក ឡួ​រ៉ង់ លី​យ៉ង់ បាន​និយាយថា “​អស្ចារ្យ​មែន តើ​បងប្អូន​ទាំងអស់គ្នា​ឃើញ​ទេ​? នោះ​ពិតជា​អស្ចារ្យ​មែន​” ខណៈ​សំឡេង​ទះដៃ​អបអរ​លាន់​កងរំពង​ពេញ​មណ្ឌល​គ្រប់គ្រង​បេសកកម្ម​។

​អ្នក​អត្ថាធិប្បាយ​របស់ SpaceX ម្នាក់ទៀត គឺ លោក ច​ន អ៊ី​នស៍​ប្រាក់​ឃើ បាន​និយាយថា វា​គឺជា “​អ្វី​គ្រប់យ៉ាង ដែល​អ្នក​ចង់បាន​នៅក្នុង​ការហោះហើរ​សាកល្បង​”​។​

​ដោយ​ដឹក​រថយន្ត Tesla ពណ៌​ក្រហម​របស់លោក​ម៉ាស់ និង​រូប​ម៉ា​ណឺ​កាំ​ង​នៅ​ខាងក្នុង​កូន​យានអវកាស​មួយ​លើ​នោះ ការធ្វើ​តេស្ត​ជា​ប្រវត្តិសាស្ត្រ​របស់​រ៉ុក្កែត​ធំ​សម្បើម​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​។​

​លោក​ម៉ាស​បាន​បង្ហោះ​វីដេអូ​នៃ​រថយន្ត​នេះ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ ដែល​ក្នុង​នោះគេ​អាច​ស្តាប់ឮ​គាត់​សើច ខណៈដែល​កាមេរ៉ា​នៅ​ពីក្រោយ​ក្បាល​របស់​រូប​ម៉ា​ណឺ​កាំ​ង បានបង្ហាញ រថយន្ត​នេះ​កំពុងស្ថិត​នៅលើ​ដង​តារាវិថី​ជុំវិញ​ផែនដី​។​

​គេ​អាច​ស្តាប់ឮ​លោក​ម៉ាស់​និយាយថា “​វា​មើលទៅ​ដូច​មិនមែនជា​ការពិត​ទេ​។ អូយ​ពិតជា​ពិបាក​នឹង​ថ្លែង​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

រ៉ុក្កែត​ខ្នាត​យក្ស Falcon Heavy បាន​ដឹក​រថយន្ត​ក្រហម Tesla និង​រូប​ម៉ា​ណឺ​កាំ​ង​មួយ​ទៅ​ដង​តារាវិថី​ផងដែរ​កាលពី​ថ្ងៃ​អង្គារ