រ៉ូ​ណា​ល់​ដូ​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​ការចោទប្រកាន់​ពីបទ​រំលោភ​

524
ចែករម្លែក

​និយាយ​ជា​សាធារណៈ​ជា​លើកដំបូង​ចាប់តាំងពី​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​មក​នោះ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​ការចោទប្រកាន់​នេះ និង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​តុលា​ថា គាត់​ជឿជាក់ថា​ការពិត​នឹងត្រូវ​លាតត្រដាង​ក្នុងករណីនេះ​។​

​តារាបាល់ទាត់​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​នៅ​សហរដ្ឋអាមេរិក​។ នាង កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា បានដាក់​ពាក្យបណ្តឹងរ​ដ្ឋ​ប្បវេណី​កាលពី​ខែ​មុន​នៅ​រដ្ឋ​ណេ​វ៉ា​ដា ដោយ​អះអាងថា រ៉ូ​ណា​ល់​ដូ​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់គាត់​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ឆ្នាំ ២០០៩​។ ប៉ូលិស​ក៏បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​ផងដែរ​លើ​ការចោទប្រកាន់​នេះ​តាម​ការស្នើសុំ​ពី​នាង​។​

​មេធាវី​របស់​រ៉ូ​ណា​ល់​ដូ លោក ភី​ត​ធឺ អេស គ្រី​ស្ទា​ន​សិន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ១០ ខែតុលា ដោយ​បដិសេធថា​កូនក្តី​របស់លោក​មិនបាន​ប្រព្រឹត្ត​ខុស​អ្វី​នោះទេ​។​

​រ៉ូ​ណា​ល់​ដូ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League រវាង​ក្រុម​អ៊ីតាលី Juventus និង​អតីត​ក្លិប Manchester United របស់គេ​នៅ​ទឹកដី Old Trafford នៅ​ថ្ងៃ​អង្គារ​នេះ​ថា “​ខ្ញុំ​នឹងមិន​និយាយ​កុហក​ក្នុងស្ថានភាព​នេះ​ទេ​។ ខ្ញុំ​សប្បាយចិត្ត​។ មេធាវី​របស់ខ្ញុំ​ពួកគេ​មាន​ទំនុកចិត្ត​ហើយ​ពិតណាស់​ខ្ញុំ​ក៏មាន​ទំនុកចិត្ត​ផងដែរ​។ អ្វីដែល​សំខាន់​គឺ ខ្ញុំ​ចូលចិត្ត​កីឡាបាល់ទាត់​។ ខ្ញុំ​រីករាយ​នឹង​ជីវិត​របស់ខ្ញុំ​។ រឿង​ក្រៅពីនេះ ខ្ញុំ​មាន​មនុស្ស​ផ្សេងទៀត​ជា​អ្នក​យកចិត្តទុកដាក់​ជំនួស​ខ្ញុំ​ហើយ​។ ប្រាកដ​ណាស់ ការពិត​តែងតែ​កើតមាន​ពីដំបូង​គេ​”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ជឿថា​ការពិត​នឹងត្រូវ​លាតត្រដាង​ក្នុងករណី​របស់ខ្លួន