រ៉ូ​ណា​ល់​ដូ​គាស់កកាយ​រឿង​ផ្ទាល់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល​ទាក់ទង​នឹង​ភាពល្បីល្បាញ​របស់គាត់​

219
ចែករម្លែក

គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បានគាស់​កកាយ​អំពី​ការលំបាក​របស់គាត់​ជាមួយ​ឯកជន​ភាព​នៅក្នុង​បទសម្ភាសន៍​គួរឱ្យ​ចាប់អារម្មណ៍​ជាមួយ​លោក​ភៀស ម័​រ​ហ្គា​ន ដោយ​និយាយថា​គាត់​មិនអាច​សូម្បី​យក​កូនៗ​របស់គាត់​ទៅលេង​នៅ​សួន​កម្សាន្ត​។​

​កីឡាករ​របស់​ក្រុម​សេះបង្កង់ Juventus វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​សារភាពថា​គាត់​ជួប​ការលំបាក​ជាមួយនឹង​កិត្តិនាម​ល្បីល្បាញ​លើ​ពិភពលោក​របស់គាត់ ដោយ​បន្ថែមថា គាត់​ចង់​មាន “​សេរីភាព​ឡើងវិញ​” ហើយ​ថា ការចាប់អារម្មណ៍​ខ្លាំង​មកលើ​គាត់​ឥតឈប់ឈរ គឺ “​គួរឱ្យ​ធុញទ្រាន់​ណាស់​”​។​

​រ៉ូ​ណា​ល់​ដូ​បាន​និយាយថា ពេលណា​ដែល​គាត់​ចេញ​ក្រៅ គាត់​ត្រូវបាន​ចោមរោម​ដោយ​អ្នកគាំទ្រ ហើយ​វា​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់គាត់​មានការ​ភ័យខ្លាច​។​

​អ្នកទស្សនា​បាន​កោតសរសើរ​រ៉ូ​ណា​ល់​ដូ​ចំពោះ​ភាពស្មោះត្រង់ ការបើកចំហ និង ការដាក់​ខ្លួន​របស់គាត់​នៅក្នុងពេល​សម្ភាស​។​

​ត្រង់ចំណុច​មួយ រ៉ូ​ណា​ល់​ដូ​បាន​ស្រក់​ទឹកភ្នែក នៅពេល​គាត់​មើល​ឃ្លី​ប​វីដេអូ​ឪពុក​គាត់​កំពុង​បង្ហាញ​មោទនភាព​ចំពោះ​គាត់​នៅក្នុង​បទសម្ភាសន៍​កាលពី​ឆ្នាំ ២០០៤ គឺ​មិនយូរប៉ុន្មាន​ទេ មុនពេល​ឪពុក​គាត់​ស្លាប់​នៅ​ឆ្នាំ​នោះ​។​

​កីឡាករ​បាល់ទាត់​ស៊ីប្រាក់​ឈ្នួល​ជាង​៦៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ដែលមាន​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម Instagram ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​និង​មានទ្រព្យ​សម្បត្តិ ៦២៥ លាន​ដុល្លារ​រូបនេះ ក៏បាន​និយាយ​ដែរ​ថា មាន​មនុស្ស​តែ ៤ នាក់​ប៉ុណ្ណោះ​នៅលើ​ពិភពលោក ដែល​គាត់​ជឿទុកចិត្ត​ទាំងស្រុង​។​

​អំឡុង​កិច្ចសម្ភាសន៍ លោក​ភៀស​សួរ​រ៉ូ​ណា​ល់​ដូ​ថា “​តើ​ធុញថប់​ទេ​ចំពោះ​ការដែល​ខ្លួនឯង​ជា​រ៉ូ​ណា​ល់​ដូ​?”​។​

​តារាបាល់ទាត់​រូបនេះ​ឆ្លើយតប​ថា “​ការ​ដែលជា​ខ្លួន​ខ្ញុំ គឺ​ពិតជា​ធុញទ្រាន់​។ ក្រៅពីនេះ​គឺ​អ្វីៗ​អស្ចារ្យ​ណាស់​។ ការដែល​ល្បីល្បាញ គឺ​លេច​លើ​ទំព័រមុខ​កាសែត​និង​ទូរទស្សន៍​រហូត​។ ប៉ុន្តែ​បន្ទាប់ពី​១៥​ឆ្នាំ ចុងក្រោយ​ខ្ញុំ​ចង់បាន​ឯកជន​ភាព​”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​ផ្តល់​បទសម្ភាសន៍​ដល់​លោក​ភៀស ម័​រ​ហ្គា​ន កាលពីពេល​ថ្មីៗ