រ៉ូ​ណា​ល់​ដូ​ឈ្នះ​ពានរង្វាន់​បា​ឡុង​ដ័​រ ៥ ស្មើ​ម៉េ​ស​ស៊ី​ហើយ​

373

គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ទីបំផុត​បាន​គ្រង​ពានរង្វាន់​បា​ឡុង​ដ័​រ (Ballon d’Or) ឆ្នាំ ២០១៧ (​ឬ​ពាន​បាល់​មាស​) នៅក្នុង​ពិធី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅឯ​ប៉ម​តួ​អេ​ហ្វ​ហ្វែ​ល (Eiffel Tower) នៃ​ទីក្រុង​ប៉ារីស ខណៈដែល​កំពូល​តារាបាល់ទាត់​របស់​ក្រុម Real Madrid រូបនេះ​បានឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី ៥ ដោយ​នាំមុខ​លើ លី​អូ​នែ​ល ម៉េ​ស​ស៊ី និង​នី​ម៉ា ក្នុងការ​បោះឆ្នោត​គ្រង​ពាន​មួយ​នេះ​។​

​រ៉ូ​ណា​ល់​ដូ បច្ចុប្បន្ន​មានពាន​បាល់​មាស​ចំនួន ៥ ស្មើ​ម៉េ​ស​ស៊ី បន្ទាប់ពី​រដូវ​កាល ២០១៦-១៧ ដែល​គាត់​បានឈ្នះ​ពានរង្វាន់ Champions League និង La Liga ទ្វេដង​ជាមួយ​ក្រុម​អធិរាជ​ស Real Madrid ។​

​ជ័យលាភី​ឆ្នាំ ២០១៧ ត្រូវបាន​បង្ហាញ​នៅក្នុង​វីដេអូ​ដ៏​រំភើប​មួយ​ដែល​បាន​ពង្រីក​យឺតៗ​នៅលើ​ប៉ម​តួ​អេ​ហ្វ​ហ្វែ​ល ដើម្បី​បង្ហាញ Ronaldo ឈរ​នៅលើ​វេទិកា និង​លើក​ពាន​បាល់​មាស​មួយ​នេះ​។​

​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​នេះ រ៉ូ​ណា​ល់​ដូ និយាយថា “​ជាការ​ពិត ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​។ វា​ជា​ពេលវេលា​ដ៏​ធំធេង​នៅក្នុង​អាជីព​របស់ខ្ញុំ​។ វា​ជា​អ្វី ដែល​ខ្ញុំ​សង្ឃឹម​ឈ្នះ​រាល់​ឆ្នាំ​។ សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​នៅ Real Madrid​។ ហើយ​ខ្ញុំ​ចង់​អរគុណ​ដល់​មនុស្ស​ដទៃ​ទៀត ដែល​បាន​ជួយ​ខ្ញុំ​ឱ្យ​ឈានដល់​កម្រិត​នេះ​”​។​

​ក្រោយមក រ៉ូ​ណា​ល់​ដូ ត្រូវបាន​ចូលរួម​នៅលើ​ឆាក​ដោយ​ម្តាយ​របស់គាត់ គឺ​លោកស្រី ម៉ា​រី​យ៉ា សាន់​តូ​ស អា​វើ​រ៉ូ និង​កូនប្រុស​ឈ្មោះ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ជេ​អា ខណៈដែល​មិត្តស្រី​របស់គាត់ គឺ​នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ទស្សនា​ពី​កៅអី​ទស្សនិកជន​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ឈ្នះ​ពាន​បាល់​មាស​លើក​ទី ៥ ស្មើ ម៉េ​ស​ស៊ី