រ៉ូ​ណា​ល់​ដូ​ឈ្នះ​ម្តងទៀត​នៅ​ទឹកដី Old Trafford ខណៈ Juventus ឈ្នះ United ១-០

743
ចែករម្លែក

​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ដើរ​ចេញពី​ទីលាន​ក្នុងនាម​ជា​អ្នកឈ្នះ​ម្ដងទៀត​នៅ​ទឹកដី Old Trafford នៅពេលដែល​អ្នកគាំទ្រ​វ័យក្មេង​២​នាក់​បាន​គ្រវី​ទូរស័ព្ទដៃ​ក្នុង​បំណង​បាន​ចូល​កៀក​ដើម្បី​ថត​ជាមួយ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​

​ម្នាក់​ក្នុងចំណោម​នោះ​ត្រូវបាន​ធាក់​ដួល​នៅលើ​ទីលាន​ដោយ​ក្រុម​បុគ្គលិក​សន្តិសុខ​។ ម្នាក់ទៀត​ត្រូវបាន​ចាប់ទាញ​ជាប់​ដោយ​ប្រើ​កម្លាំង​។ ប៉ុន្តែ​កីឡាករ​ឆ្នើម​របស់​ពិភពលោក ៥ សម័យ​រូបនេះ​បានផ្តល់​ស្នាមញញឹម​ធំៗ​ដល់​ពួកគេ​នៅ​ទីបំផុត និង​បាន​ផ្ដល់ឱ្យ​ពួកគេ​នូវ​ការថតរូប​ស៊ែ​ល​ហ្វី ដែល​ពួកគេ​ចង់បាន​។​

​រ៉ូ​ណា​ល់​ដូ​ពិតជា​រីករាយ​នឹង​ការវិលត្រឡប់​មកកាន់​អតីត​ក្លិប​ចាស់ Manchester United កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា​។​

Juventus ដែលជា​ក្រុម​ថ្មី​របស់​រ៉ូ​ណា​ល់​ដូ​បាន​ផ្តួល​ក្រុម United ១-០ ក្នុង​ជ័យជម្នះ ៣ លើក​ជាប់ៗ​គ្នា​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​ធ្វើឱ្យ​ក្រុម​អ៊ីតាលី​នេះ​កាន់តែ​ខិតជិត​ទៅរក​វគ្គ​បន្ទាប់ ខណៈ​ឆ្លងកាត់​ការ​ជម្រុះ​តាម​ពូ​ល​ទើបបាន​ពាក់កណ្តាល​ទី​។​

​មិន​ដូច​ពេល​ចុងក្រោយ​ដែល​រូបគេ​មក​កីឡដ្ឋាន​នេះ​សម្រាប់​ក្រុម Real Madrid ក្នុង​ឆ្នាំ ២០១៣ នោះទេ រ៉ូ​ណា​ល់​ដូ​លើក​នេះ​គឺ​មិនបាន​ស៊ុត​ចូល​ទី​ទេ ប៉ុន្តែ​ពិតជា​បាន​ចូលរួមចំណែក​ក្នុងការ​រកបាន​គ្រាប់​បាល់​តែ​១​គ្រាប់​គត់​នេះ ពី​ការបញ្ជូន​បាល់​ពី​ស្លាប​ស្តាំ ដែល​ទីបំផុត​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ប៉ាវ​ឡូ ឌី​បា​ឡា នៅ​នាទី​ទី ១៧​។​

​ដោយ​សម្រុក​ទៅមុខ​ប្រកបដោយ​គ្រោះថ្នាក់ និង​ការពារ​រឹងមាំ​ដូច​ថ្ម​នៅ​ខាងក្រោម Juventus បាន​ផ្តល់នូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដែល​ពង្រីក​ភាពមិន​ស្គាល់​ចាញ់​របស់ខ្លួន​រហូតដល់​១១​ប្រកួត និង ពង្រឹង​ឋានៈ​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​ប្រជែង​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ពានរង្វាន់ Champions League ដែលជា​ពាន​មួយ Juventus មិន​ធ្លាប់​បានឈ្នះ​ទេ ចាប់តាំងពី​ឆ្នាំ ១៩៩៦៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​ពិតជា​រីករាយ​នឹង​ការវិលត្រឡប់​មកកាន់​អតីត​ក្លិប​ចាស់ Manchester United កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា