រ៉ូ​ណា​ល់​ដូ​ទិញ​រថយន្ត​ថ្លៃ​បំផុត​លើ​លោក ក្នុងតម្លៃ​ជាង ១២ លាន​ដុល្លារ​

1116
ចែករម្លែក

​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​លើកឡើងថា គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ គឺជា​ម្ចាស់​រថយន្ត Bugatti La Voiture Noire ថ្មី ដែល​គេ​រាយការណ៍​ថា​ជា​រថយន្ត​ថ្លៃ​បំផុត​លើ​លោក​។​

​របាយការណ៍​នានា​បាន​បញ្ជាក់ថា រ៉ូ​ណា​ល់​ដូ​បាន​ចំណាយ​ប្រាក់ ១១ លាន​អឺរ៉ូ (១២.៣៨៤.៧៣៤ ដុល្លារ​) ទៅលើ​រថយន្ត​ថ្លៃ​បំផុត ដែលមាន​វត្តមាន​ដាក់​បង្ហាញ​ដល់​ពិភពលោក​លើកដំបូង​នៅ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៩​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​បារាំង Bugatti បាន​ផលិត​កំពូល​រថយន្ត​ទំនើប​នេះ​តែមួយ​ប៉ុណ្ណោះ ហើយ​វា​គឺជា​កិត្តិយស​ដល់​ខួប​លើក​ទី ១១០ នៃ​ការបង្កើត​ក្រុមហ៊ុន​នេះ​។​

​រថយន្ត​នេះ​គឺជា​ការបកស្រាយ​សម័យ​ទំនើប​នៃ​រថយន្ត Bugatti Type 57 SC Atlantic ដែល​មានតែ ៤ គ្រឿង​ប៉ុណ្ណោះ​ត្រូវបាន​ផលិតឡើង​រវាង​ឆ្នាំ ១៩៣៦ និង​ឆ្នាំ ១៩៣៨​។​

​រថយន្ត Bugatti La Voiture Noire ប្រើ​ម៉ាស៊ីន Turbocharged W16 កម្លាំង ៨,០ លីត្រ និង​អាច​បើ​បាន​ល្បឿន ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ក្រុមហ៊ុន Bugatti ក៏បាន​បញ្ជាក់​ផងដែរ​ថា រថយន្ត​នេះ​មាន​ម្ចាស់​ហើយ ប៉ុន្ដែ​បាន​បដិសេធ​ក្នុង​បង្ហាញ​អត្ត​សញ្ញា​ម្ចាស់​របស់​វា​៕ ដោយ៖ កញ្ញាដាលីស