រ៉ូ​ណា​ល់​ដូ​បញ្ចប់​និស្ស័យ ៩ ឆ្នាំ​ជាមួយ Real Madrid ដើម្បី​ចូលរួម​ជាមួយ Juventus

607

​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ចាក​ចេញពី Real Madrid ដើម្បី​ចូលរួម​ជាមួយ​ជើងឯក​អ៊ីតាលី Juventus ក្នុងតម្លៃ ១០០ លាន​អឺរ៉ូ (១១៧ លាន​ដុល្លារ​) កាលពី​ថ្ងៃ​អង្គារ​ទី ១០​កក្កដា ជាមួយ​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​និយាយថា ពេលវេលា​បានមក​ដល់​ហើយ “​សម្រាប់​ដំណាក់កាល​ថ្មី​” ក្នុង​ជីវិត​របស់គាត់​។

Juventus បាន​បញ្ជាក់ថា រ៉ូ​ណា​ល់​ដូ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ហើយ​ថា​តម្លៃ​នៃ​ការផ្ទេរ​រួមទាំង​ប្រាក់ ១២ លាន​អឺរ៉ូ​បន្ថែមទៀត នឹងត្រូវ​ទូទាត់​ក្នុង​រយៈពេល​២​ឆ្នាំ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា រ៉ូ​ណា​ល់​ដូ​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ ៣០ លាន​អឺរ៉ូ (​ជាង​៣៥​លាន​ដុល្លារ​) ក្នុង​មួយ​រដូវ​កាល​។​

​ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​រូបនេះ​នឹង​ពិនិត្យ​សុខភាព​នៅ​ទីក្រុង​តួ​រី​ន​នៅ​សប្តាហ៍​ក្រោយនេះ មុនពេល​ត្រូវបាន​បង្ហាញ​មុខជា​សាធារណៈ​ដោយ​ក្រុម​ថ្មី​របស់គាត់​។​

​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប Real Madrid បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ​ក្រុម Real Madrid ចង់​ថ្លែងអំណរគុណ​ដល់​កីឡាករ​ដែល​បានបង្ហាញ​ថា​គាត់​គឺជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក និង​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​និង​បាល់ទាត់​ពិភពលោក​”​។​

​នៅក្នុង​លិខិត​មួយ​ដែល​បាន​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់ Real ម្ចាស់​ពានរង្វាន់​បាល់​មាស (Ballon d’Or) ៥ សម័យ​រូបនេះ​បាន​និយាយថា ពេលវេលា​របស់គាត់​នៅក្នុង​រដ្ឋធានី​អេ​ស្ប៉ា​ញ កន្លែង​ដែល​គាត់​បាន​ក្លាយជា​អ្នក​ស៊ុត​ច្រើន​បំផុត​របស់​ក្លិប គឺជា​ពេលវេលា​ដ៏​សប្បាយ​បំផុត​មួយ​នៅក្នុង​ជីវិត​របស់គាត់​។​

​រ៉ូ​ណា​ល់​ដូ​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​អរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ក្លិប​នេះ សម្រាប់​អ្នកគាំទ្រ និង​សម្រាប់​ទីក្រុង​នេះ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​ពេលវេលា​បានមក​ដល់​ហើយ​ដើម្បី​បើក​ទំព័រ​ថ្មី​នៅក្នុង​ជីវិត​របស់ខ្ញុំ ហើយ​នោះ​ជា​មូល​ហេតុដែល​ខ្ញុំ​ស្នើឱ្យ​ក្លិប​ទទួលយក​ការផ្ទេរ​របស់ខ្ញុំ​។ ខ្ញុំ​សុំឱ្យ​មនុស្ស​គ្រប់គ្នា​ជាពិសេស​អ្នកគាំទ្រ​របស់​យើង​យោគយល់​ដល់​ខ្ញុំ​ផង​”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​នឹង​បង្ហាញមុខ​ក្នុង​ឈុត Juventus នៅ​សប្តាហ៍​ក្រោយ