រ៉ូ​ណា​ល់​ដូ​សារភាពថា​បាន​បង់លុយ​ជាង​៣៧​ម៉ឺន​ដុល្លារ​ដល់​ដើមចោទ​ពីបទ​រំលោភ ខណៈ​មេធាវី​របស់គាត់​ទាមទារ​ឱ្យ​ទម្លាក់ចោល​ពាក្យបណ្តឹង​

266
ចែករម្លែក

​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ទទួលស្គាល់ថា​បាន​បង់ប្រាក់​ឱ្យ​ដើមចោទ​ពីបទ​រំលោភ​ឈ្មោះ កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា ចំនួន ៣៧៥.០០០ ដុល្លារ​ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​ពីបទ​រំលោភ​កាលពី​ឆ្នាំ ២០១០​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី​១៩​សីហា​។​

​តារា​បង្ហាញ​ម៉ូត​អាម៉េរិក​នាង​ម៉ា​យ៉ូ​ហ្គា​បាន​អះអាងថា​តារាបាល់ទាត់​រូបនេះ​បាន​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​ឡាស​វេ​ហ្គាស​ក្នុង​ឆ្នាំ ២០០៩ ប៉ុន្តែ​រ៉ូ​ណា​ល់​ដូ​បដិសេធ​ដាច់ខាត​។​

​អាជ្ញាធរ​ក្រុង​ឡាស​វេ​ហ្គាស​បានប្រកាស​កាលពី​ខែ​មុន​ថា​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុងការ​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​រ៉ូ​ណា​ល់​ដូ​អាយុ ៣៤ ឆ្នាំ​នោះទេ​។​

​នាង​ម៉ា​យ៉ូ​ហ្គា​កំពុង​ជំរុញឱ្យមាន​ដំណើរការ​ជំនុំ​ជម្រះក្តី​រដ្ឋប្បវេណី​នេះ ប៉ុន្តែ​មេធាវី​របស់​រ៉ូ​ណា​ល់​ដូ​ចង់ឱ្យ​បោះចោល​បណ្តឹង​នេះ ដោយ​និយាយថា ការ​ប្តឹងផ្តល់​នេះ​ត្រូវបាន​ដោះស្រាយ​រួចហើយ​ជាមួយនឹង​កិច្ចព្រមព្រៀង​បង់លុយ​និង​កិច្ចព្រមព្រៀង​រក្សា​ការណ៍​សម្ងាត់​ក្នុង​ឆ្នាំ ២០១០​។​

​នៅក្នុង​ឯកសារ​តុលាការ​ដែល​ទើប​ដាក់​ប្តឹង​ថ្មីៗ ដែល​ទទួលបាន​ដោយ​វេ​ប​សាយ TMZ ជំរំ​របស់​រ៉ូ​ណា​ល់​ដូ​ត្រូវគេ​និយាយថា​បានទទួល​ស្គាល់​តួលេខ​លុយ ៣៧៥.០០០ ដុល្លារ​។​

​មេធាវី​របស់​រ៉ូ​ណា​ល់​ដូ​និយាយថា ការបង់​លុយ​នោះ​មិនមែនជា​ការសារភាព​កំហុស​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជាការ​ប្រឹងប្រែង​ដើម្បី​កុំឱ្យ​បែកធ្លាយ​រឿងរ៉ាវ​នេះ​ជា​សាធារណៈ​ប៉ុណ្ណោះ​។

​ឥឡូវ​មេធាវី​របស់​នាង​ម៉ា​យ៉ូ​ហ្គា​ចង់​បោះចោល​កិច្ចព្រមព្រៀង​ទាំងនេះ​។

​មេធាវី​របស់​តារាបាល់ទាត់​រូបនេះ​បាន​ទទួលស្គាល់ថា រ៉ូ​ណា​ល់​ដូ​និង​នាង​ម៉ា​យ៉ូ​ហ្គា​ពិតជា​បាន​រួមភេទ​ក្នុង​ខែមិថុនា​ឆ្នាំ​២០០៩​មែន ប៉ុន្តែ​ពួកគេ​ទទូចថា​វា​ជាការ​ព្រមព្រៀងគ្នា​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ទទួលស្គាល់ថា​បាន​បង់លុយ​ឱ្យ​នាង​ម៉ា​យ៉ូ​ហ្គា​ជាង​៣៧​ម៉ឺន​ដុល្លារ​ដើម្បី​បញ្ចប់​រឿងរ៉ាវ​រំលោភ
#