រ៉ូ​ណា​ល់​ដូ កំពុង​ប្រឈមមុខ​នឹង​ការ​ពិនិត្យពិច័យ​ពី​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​

732

​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ កំពុង​ប្រឈម​នឹង​កម្តៅ​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​តុលា​ពី​ម្ចាស់​ឧបត្ថម្ភ​ជុំវិញ​ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​ក្រុមហ៊ុន Nike និង ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម EA Sports បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការប្រព្រឹត្ត​របស់​កីឡាករ​បាល់ទាត់​រូបនេះ​។​

​កីឡាករ​ឆ្នើម​ពិភពលោក ៥ សម័យកាល​រូបនេះ ដែល​គេ​ឃើញ​បើកឡាន​ចូល​បរិវេណ​ហ្វឹកហាត់​របស់​ក្លិប Juventus កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បានទទួល​ការគាំទ្រ​ជា​សាធារណៈ​ពី​ក្លិប​អ៊ីតាលី​នេះ ដែល​និយាយថា​ខ្លួន​នឹងមិន​វិនិច្ឆ័យ​គាត់​លើ​ការអះអាង​អំពី​ការចាប់រំលោភ​កាលពី​ឆ្នាំ ២០០៩ ដោយ​ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ណេ​វ៉ា​ដា​នោះឡើយ​។​

​រ៉ូ​ណា​ល់​ដូ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​ការបង្ហាញ​ការគាំទ្រ​នេះ​បានធ្វើ​ឡើង​ភ្លាម​បន្ទាប់ពី​ក្រុមហ៊ុន Nike បាន​បំបែក​ភាពស្ងប់ស្ងាត់​របស់ខ្លួន​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន Associated Press ដែល​បាន​ពណ៌នា​អំពី​ការមិន​ពេញចិត្ត​របស់​ក្រុមហ៊ុន​លើ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ រ៉ូ​ណា​ល់​ដូ ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៣​។​

​លក្ខខណ្ឌ​ថ្មី​បំផុត​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៦ គឺមាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ហើយ​រ៉ូ​ណា​ល់​ដូ​បាន​លើកឡើងថា វា​គឺជា​កិច្ចព្រមព្រៀង “​អស់​មួយជីវិត​”​។​

​ប៉ុន្តែ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ី​វើ​តុ​ន (Beaverton) រដ្ឋ​អូ​រី​ហ្គោ​ន​នេះ មានការ​ព្រួយបារម្ភ​អំពី​ព័ត៌មាន​លម្អិត ដែល​លេច​ចេញពី​ពាក្យបណ្តឹង​ដែល​បានដាក់​ប្តឹង​កាលពី​សប្តាហ៍​មុន​នៅក្នុង​តុលាការ​រដ្ឋ​ណេ​វ៉ា​ដា​ដោយ​ដើមចោទ​ម្នាក់ ដែល​ចោទប្រកាន់ថា​នាង​ត្រូវបាន​រ៉ូ​ណា​ល់​ដូ​ចាប់រំលោភ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ប៉ូលិស​ក៏បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​នូវ​ករណីនេះ​ផងដែរ​។​

​ក្រុមហ៊ុន Nike បាន​និយាយ​តាម​អ៊ី​ម៉ែ​ល​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AP ថា “​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការចោទប្រកាន់​ដ៏​គួរឱ្យ​រំខាន​ចិត្ត​នេះ ហើយនឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់​អំពី​ស្ថានភាព​នេះ​”​។​

​ប្រធាន​ក្រុម​ព័រទុយហ្កាល់​រូបនេះ​ក៏​កំពុង​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​វីដេអូ​ហ្គេម EA Sports FIFA ផងដែរ ដែល​រូបភាព​កីឡាករ​រូបនេះ​បានបង្ហាញ​នៅលើ​គម្រប​ហ្គេម​ឆ្នាំ ២០១៩ ដែល​ទើប​ចេញលក់​ទូទាំង​ពិភពលោក​កាលពី​សប្តាហ៍​មុន​។​

​ក្រុមហ៊ុន EA Sports បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា “​យើង​បានឃើញ​របាយការណ៍​ទាក់ទង​នឹង​ការចោទប្រកាន់​លម្អិត​អំពី​កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​។ យើង​កំពុង​ឃ្លាំមើល​ស្ថានការណ៍​យ៉ាង​ដិតដល់ ខណៈដែល​យើង​រំពឹងថា​អត្ត​ព​លិ​ក​និង​ឯកអគ្គរដ្ឋទូត​របស់​យើង​នឹង​ប្រព្រឹត្ត​ទង្វើ​ខ្លួនឯង​ក្នុង​របៀប​មួយ​ដែល​ស្រប​ជាមួយនឹង​តម្លៃ​របស់ EA”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​នារី​អាមេរិក​ម្នាក់