រ៉ូ​ណា​ល់​ដូ ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​តំបន់​អឺរ៉ុប​

669
ចែករម្លែក

​ខ្សែប្រយុទ្ធ​អធិរាជ​ស Real Madrid កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ត្រូវបានតែងតាំង​ជា​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​ក្នុង​តំបន់​អឺរ៉ុប​របស់​យូ​ហ្វា ដោយបាន​ផ្តួល​កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី របស់ Barcelona និង​អ្នកចាំទី​របស់​សេះបង្កង់ Juventus កីឡាករ ជែ​ន​លូ​អ៊ី​ជី ប៊ូ​ស​ហ្វុ​ន សម្រាប់​ពានរង្វាន់​បុគ្គល​ដ៏​មាន​សក្តានុពល​មួយ​នេះ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​សីហា​។​

​តារាបាល់ទាត់​វ័យ ៣២​ឆ្នាំ​រូបនេះ បាន​ជួយ​ឱ្យ​អធិរាជ​ស​គ្រង​ជើង Champions League ពីរ​ឆ្នាំ​ជាប់​គ្នា និង​បញ្ចប់​ក្នុង​ដំណើរ​ប្រជែង​មួយ​នេះ​ក្នុងនាម​ជា​កីឡាករ​ស៊ុត​ច្រើនជាងគេ ជាមួយ​គ្រាប់​បាល់​សរុប ១២​គ្រាប់​កាលពី​រដូវ​កាល​មុន​។​

​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បច្ចុប្បន្ន​បានឈ្នះ​ពានរង្វាន់​មួយ​នេះ​ចំនួន ៣ លើក​មកហើយ ពោលគឺ​លើស​តារា​ឆ្នើម​របស់​អ្នកមាន​បុណ្យ Barcelona វ័យ ៣០​ឆ្នាំ ម៉េ​ស​ស៊ី ចំនួន​១​ពាន​។​

​ទន្ទឹមនឹង​នេះដែរ ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់​របស់ Barcelona កីឡាការិនី លី​កេ ម៉ា​ទិន (Lieke Martens) វ័យ ២៤​ឆ្នាំ ក៏បាន​ឈ្នះ​ពានរង្វាន់​មួយ​នេះ​ផងដែរ​ក្នុងនាម​ជា​កីឡាការិនី​ល្អ​ដាច់​គេ​ក្នុង​តំបន់​អឺរ៉ុប​ប្រចាំឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់ ដូ ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអឺរ៉ុប​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍