រ៉ូ​បឺ​តូ មែន​ស៊ី​នី សម្រេច​ដក ម៉ា​រី​អូ បា​ឡូ​តេ​លី ចេញពី​ជម្រើស​២៣​នាក់​សម្រាប់​ការប្រកួត UEFA Nations League

334

ខ្សែប្រយុទ្ធ​អ៊ីតាលី ម៉ា​រី​អូ បា​ឡូ​តេ​លី (Mario Balotelli) ដែល​រង​ការរិះគន់​យ៉ាងខ្លាំង​អំឡុង ពេល ក្រុម​អ៊ីតាលី​ប្រកួត​ស្មើ​ក្រុម​ប៉ូឡូញ​១-១ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​នោះ មិន​ទាំង​មាន ឈ្មោះ​ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ក្របខណ្ឌ UEFA Nationals League ផង​ទេ​។​

​ខ្សែប្រយុទ្ធ​ដែលមាន​ចិត្ត​ឆេវឆាវ​រូបនេះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​២៣​នាក់​របស់​គ្រូបង្វឹក រ៉ូ​បឺ​តូ មែន​ស៊ី​នី (Roberto Mancini) សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ដែលជា ជើងឯក​អឺរ៉ុប​នៅ​ពហុកីឡាដ្ឋាន Estadio da Luz ទេ​។​

​ការប្រកួត​ជាមួយ​ក្រុម​ប៉ូឡូញ​គឺជា​ការ​បង្ហាញមុខ​លើកដំបូង​របស់ បា​ឡូ​តេ​លី នៅ​រដូវ​កាល​នេះ បន្ទាប់ពី​មានការ​ចែចង់​ផ្ទេរ​ដ៏​អូសបន្លាយ ហើយ​ទីបំផុត​កីឡាករ​រូបនេះ​សម្រេចចិត្ត​បន្ត​នៅ​លេង ជាមួយ​ក្លឹប Nice បន្តទៀត​។​

​លោក Zbigniew Boniek ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ប៉ូឡូញ​និង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់ ប៉ូឡូញ បាន​ចូលរួម​រិះគន់​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​។​
​ ​
​លោក Boniek បាន​និយាយថា “​បា​ឡូ​តេ​លី មិនបាន​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បែបនេះ​ទេ តាម​ការយល់ឃើញ​រប​ស់​ខ្ញុំ​។ វា​គឺជា​កំហុស​របស់គាត់​ប្រសិនបើ​គាត់​មិនបាន​ត្រៀមខ្លួន មែន​នោះ​។ កីឡាករ​អាជីព​មិនអាច​បង្ហាញខ្លួន​ក្នុងស្ថានភាព​អន់​បែបនេះ​ទេ​។ គាត់​ធ្វើ​ឲ្យ​គ្រប់គ្នា ខកចិត្ត​”​។​
​ ​
​លោក មែន​ស៊ី​នី បាន​កោះហៅ បា​ឡូ​តេ​លី ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជា​លើកដំបូង ចាប់តាំងពី​វើ​ល​ខាប់​ឆ្នាំ​២០១៤​ទី ដែល​ឥរិយាបថ​របស់​កីឡាករ​រូបនេះ​បាន​ក្លាយជា​កម្មវត្ថុ​នៃ ការរិះគន់​ពី​សំណាក់​កីឡាករ​ជើងចាស់​មួយចំនួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ម៉ា​រី​អូ បា​ឡូ​តេ​លី (Mario Balotelli)