រ៉េ​ន​និង​គីម តែ​ហ៊ី ស្វាគមន៍ “​ព្រះ​នាង​តូច​ច្រឡឹង​” ម្នាក់ទៀត​

281
ចែករម្លែក

​វា​ជា “​ព្រះ​នាង​តូច​ច្រឡឹង​” ម្នាក់ទៀត​សម្រាប់​តារា​កូរ៉េ រ៉េ​ន និង គីម តែ​ហ៊ី​។ តារា​សម្តែង​ស្រី​វ័យ ៣៩ ឆ្នាំ​រូបនេះ​បាន​សម្រាល​កូនស្រី​ដែលមាន​សុខ​ភាពល្អ​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​របស់​នាង​គឺ​ផលិតកម្ម Story J បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ម្តាយ​និង​ទារក​មាន​សុខ​ភាពល្អ​ទាំងពីរ​។​

​អ្នកគាំទ្រ​ដែល​កំពុង​ចាំ​មើលមុខ​ទារិកា​ទើបនឹង​កើត​នេះ​ច្បាស់​ជា​ខកចិត្ត ព្រោះ​រ៉េ​ន​ការពារ​ឯកជន​ភាពខ្លាំង​ណាស់​សម្រាប់​គ្រួសារ​កំពុង​រីក​ធំ​របស់គាត់​។​

​តារាចម្រៀង​និង​ជា​តារា​សម្តែង​វ័យ ៣៧ ឆ្នាំ​រូបនេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អ្វី​នៅឡើយ​ទេពី​កូនៗ​របស់គាត់ ដោយ​រ៉េ​ន​លើកឡើងថា​គាត់​ចង់​រក្សា​ជីវិត​សាធារណៈ​និង​ជីវិត​ឯកជន​របស់គាត់​ឱ្យនៅ​ដាច់ដោយឡែក​ពីគ្នា​។​

​នៅក្នុង​សន្និសីទកាសែត​កាលពី​ខែកុម្ភៈ​គាត់​បាន​និយាយថា “​ខ្ញុំ​គិតថា​ខ្ញុំ​ប្លែក​ពីមុន​បន្ទាប់ពី​មានគ្រួសារ​។ កាលពីមុន ខ្ញុំ​ធ្លាប់បាន​និយាយ​ពី​របៀប​ដែល​ខ្ញុំ​ចង់ឱ្យ​គ្រួសារ​ខ្ញុំ​មាន​ភាពសុខដុមរមនា​តាមរបៀប​ជាក់លាក់​មួយ ប៉ុន្តែ​ពិភពលោក​ឥឡូវ​គឺ​គួរឱ្យខ្លាច​ណាស់​។ ខ្ញុំ​ចង់​បង្ហាញមុខ​កូន​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​អាច​នឹង​វិល​មក​លង​យើង​វិញ (​និង​ធ្វើឱ្យ​យើង​ឈឺចាប់​)”​។​

​នៅពេល​កូនស្រី​ច្បង​របស់​ពួកគេ​បាន​កើតមក រ៉េ​ន​បាន​ចែកចាយ​ព័ត៌មាន​ល្អៗ ជាមួយ​រូបថត​ជើង​កូន​របស់គាត់​ប៉ុណ្ណោះ ដោយ​មិន​បញ្ចេញ​មុខ​ឱ្យឃើញ​ទេ​។​

​គូ​ស្វាមីភរិយា​នេះ​បាន​ចង​ចំណងអាពាហ៍ពិពាហ៍​នៅក្នុង​ពិធី​តូច​មួយ​នៅ​ព្រះវិហារ​កាលពី​ខែមករា​ឆ្នាំ ២០១៧ ហើយ​កូន​ដំបូង​របស់​ពួកគេ​គឺជា​កូនស្រី កើត​នៅក្នុង​ខែតុលា​ឆ្នាំ​ដដែល​នោះ​៕ ដោយ៖ កញ្ញាដាលីស

រ៉េ​ន និង​គីម តែ​ហ៊ី ស្វាគមន៍​កូនស្រី​ម្នាក់ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍