លក់ស៊ីមកាតទូរស័ព្ទដោយ​ មិនយកអត្តសញ្ញាណប័ណ្ណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

517
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនបុរសម្នាក់ករណីលក់ស៊ីមកាតទូរស័ព្ទដោយ មិនយកអត្តសញ្ញាណប័ណ្ណ ផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។

របាយការណ៍ពីសមត្ថកិច្ច ទើបបង្ហាញ នៅថ្ងៃទី១៦ ខែកក្កដា បញ្ជាក់ថា សមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដែលមានយីហោ ហេង សុខលាភ មានទីតាំងផ្ទះលេខ១២បេអឺ០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីលក់ស៊ីមកាតទូរស័ព្ទដោយមិនយក អត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាត មិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ និងច្បាប់ស្តីពី ទូរគមនាគមន៍។

តាមការសាកសួររបស់មន្រ្តីជំនាញ គឺឈ្មោះ ស៊ឹង វណ្ណធី បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការប្រើទូរស័ព្ទ មកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆបោក តាមរយៈការក្លែងធ្វើជាសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវឲ្យ ផ្ញើប្រាក់ មកសង្រ្គោះ ការឆបោកតាមរយៈបណ្តាញសង្គម Facebook ក៏ដូចជាបទល្មើស​ដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។

សមត្ថកិច្ច មានការលំបាកក្នុងការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះបានទិញស៊ីមកាតទូរស័ព្ទដែលមិនមានអត្តសញ្ញាណច្បាស់លាស់យកមកបោកប្រាស់ ។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ សីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសឲ្យបណ្តាហាងលក់ស៊ីមកាតទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់​រាល់ការ​លក់ស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់និងបិទអាជីវកម្មរបស់ខ្លួន៕B/Ha