លក្ខណៈសម្បត្តិ​អ្វីខ្លះ ដែល​កីឡាការិនី កែ ឡេង ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក ២៥ រូប របស់​ពិភពលោក​?

1067
ចែករម្លែក
  • 494
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡាការិនី កែ ឡេង ជា​កីឡាការិនី ជម្រើសជាតិ មកពី​ក្រសួងការពារជាតិ បាន​ក្លាយជា​កីឡាការិនី​ឆ្នើម របស់​ពិភពលោក ដែល​ត្រូវបាន​សហព័ន្ធ កីឡា​ប៉េតង់​អន្តរជាតិ ជ្រើសរើស​ជា​កីឡាការិនី​ឆ្នើម ចំនួន ២៥ រូប ដើម្បី​ប្រជែង​យកពាន ដែល​គេ​ប្រសិទ្ធ​នាម​ថា ” The World Games Athlete of The Year 2018 ” ។​

​កីឡាការិនី កែ ឡេង ដណ្ដើមបាន​មេដាយមាស ចំនួន​៣​លើក ជាប់ៗ​គ្នា លើ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) គឺ​នៅ​ឆ្នាំ​២០១៣ ដណ្ដើមបាន នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​២០១៥ ដណ្ដើមបាន​នៅ​ប្រទេស​ថៃ និង​នៅ​ឆ្នាំ​២០១៧ ដណ្ដើមបាន​នៅឯ​ប្រទេស​ចិន ។ កីឡាការិនី វ័យ​ចំណាស់​រូបនេះ ចាប់ផ្ដើម​លេង​កីឡា​ប៉េតង់ នៅ​ឆ្នាំ​១៩៩៩ ។ ឆ្នាំ​២០០១ ចាប់​ផ្ដើមចេញ​ប្រកួត ជាមួយនឹង​ការដណ្ដើម​បាន ភាពល្បីល្បាញ​ភ្លាមៗ ។

គិត​មកទល់ពេលនេះ កីឡាការិនី​រូបនេះ ដណ្ដើមបាន មេដាយ​ចំនួន ៥៥ គ្រឿង ពី​ព្រឹត្តិ ការណ៍​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ ។ ក្នុងចំណោម​មេដាយ ទាំង ៥៥ គ្រឿង​នោះ មាន ​មេដាយមាស ២១ គ្រឿង មេដាយប្រាក់ ១៧ គ្រឿង និង​មេដាយសំរិទ្ធ ១៧ គ្រឿង ។​

កីឡាការិនី​ កែ ឡេង​

​កាលពី​ឆ្នាំ​២០១៨ ប្រទេស​បារាំង ដែលជា​កន្លែង​កីឡា​ប៊ូល និង​ប៉េតង់ ចាប់កំណើត​នៅ​ទីនោះ បានរៀបចំ​ការប្រកួត រវាង​អ្នកខ្លាំង មកពី​ប្រទេស​ដែល​ខ្លាំង លើ​ពិភពលោក ។​

​នៅក្នុង​ការប្រកួត​នោះ កីឡាការិនី កែ ឡេង ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ១ លើ​វិញ្ញាសា ២​នាក់​ទល់​២​នាក់ និង វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ ។ នៅក្នុង​ការប្រកួត​នោះ កីឡាការិនី កែ ឡេង និង​ដៃគូ បាន​យកឈ្នះ ក្រុម​មកពី​ប្រទេស​ខ្លាំងៗ ដូចជា​បារាំង ថៃ ទុយ​នេ​ស៊ី ជាដើម​។​

​កីឡាការិនី ដែល​ប្រសូត្រ នៅ​ឆ្នាំ​១៩៦៥ រូបនេះ ខុសពី​កីឡាការិនី​ល្បីៗ លើ​ពិភពលោក ដែល​បានចាប់ផ្ដើម​ហ្វឹកហាត់ តាំងពី​វ័យក្មេង ដែល​កំពុង​សិក្សា​មកម្ល៉េះ ។ កីឡាការិនី​កម្ពុជា​រូបនេះ ចាប់ផ្ដើម​លេង​កីឡា ពេលដែល​ខ្លួន​មាន​វ័យ ច្រើន​ទៅហើយ​។ ពេលនេះ កីឡាការិនី​រូបនេះ កំពុងតែ​ជែង​រក​តំណែង ដ៏​មាន​កិត្តិយស​មួយទៀត ជាមួយ​មនុស្ស​ល្បីៗ នៅលើ​ពី​ភព​លោក ចំនួន ២៥ រូប ។​

​ដើម្បី​ដណ្ដើមបាន​ជោគជ័យ ជា​កីឡាការិនី​ឆ្នើម របស់​ពិភពលោក គឺ​ប្រជាជន នៃ​ប្រទេស​របស់ខ្លួន ជា​អ្នកបោះឆ្នោត​គាំទ្រ ។ ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ចូលរួម​គាំទ្រ អ្នកស្រី កែ ឡេង តាមរយៈ ៖ https://www.theworldgames.org/awards/Athlete-of-the-Year-2018-58) ដោយ​គ្រាន់តែ​ចុច​គាំទ្រ​ លើ​ពាក្យ Vote តែ ប៉ុណ្ណោះ ។ អ្នកចូលរួម​បោះឆ្នោត ត្រូវតែមាន​អាស័យដ្ឋាន សារ​អេឡិចត្រូនិក (Email) របស់ខ្លួន ហើយ​រៀងរាល់ ២៤ ម៉ោង​ម្ដង គេ​អាច​បោះឆ្នោត​បាន ។ ការបោះឆ្នោត​គាំទ្រ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ ។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា លោក​នឹង​សុំ​ឲ្យ​សិស្សានុសិស្ស ក្រុមហ៊ុន​នានា បោះឆ្នោត​គាំទ្រ​អ្នកស្រី កែ ឡេង ដើម្បី​ឲ្យ​អ្នកស្រី ក្លាយជា​កីឡាការិនី​ឆ្នើម របស់​ពិភពលោក នា​ឆ្នាំនេះ ។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​មាន ប្រសាសន៍​ដែរ​ថា ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ លោក Claude Azema បាន​សរសេរ​សំបុត្រ មក​លោក ស្ដីពី​ការគាំទ្រ​ដល់​កីឡាការិនី កែ ឡេង និង​រៀបចំ​ឲ្យ​អ្នកស្រី កែ ឡេង ក្លាយជា​បេក្ខជន សម្រាប់​ព្រឹត្តិការណ៍ ” The World Games Athlete of The Year 2018 ” នេះ ។ រង្វាន់​សម្រាប់​ជ័យលាភី​នេះ គឺ​ពាន និង​នាឡិកា​ប្រណិត មួយគ្រឿង ដែល​ផលិត នៅ​ប្រទេស​ស្វី​ស ។​

​សូមបញ្ជាក់ថា សមាគម​ហ្គេម​អន្តរជាតិ ( International World Games Association) ដែលមាន​ទីស្នាក់ការ នៅ​ទីក្រុង​ឡូ​សាន ប្រទេស​ស្វី​ស ជា​អ្នករៀបចំ​ការបោះឆ្នោត តាម​អន​ឡាញ សម្រាប់​ពានរង្វាន់ ” The World Games Athlete of The Year 2018 ” ។ សមាគម​នេះ ធ្វើ​តែ​លើ​ប្រភេទ​កីឡា មិនមែន​អូឡាំពិក​តែប៉ុណ្ណោះ ៕v

#