លង់ទឹក​ស្លាប់​ពីរ​នាក់​ឪពុក​និង​កូន​ពេល​ចុះ​ដក​ព្រលឹត​

1874
ចែករម្លែក

កំពត​៖ ឪពុក និង​កូនប្រុស​បាន​ស្លាប់​ដោយសារ​លង់ទឹក បន្ទាប់ពី​នាំទៅរក​ដក​ព្រលឹត​ក្នុង​បឹង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​តា​កុង ឃុំ​តានី ស្រុក​អង្គរជ័យ​។​

​លោក ហ៊​ន ប៊ុន​ស៊ី​ដេ​ត អធិការ​នគ​បាល​ស្រុក​អង្គរជ័យ បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ គឺ​ឈ្មោះ​ហៀ​ម លន់ អាយុ ៣៦​ឆ្នាំ ជា​ឪពុក​។ ចំណែក​កូនប្រុស​ឈ្មោះ លន់ ផាន្នី អាយុ ៤​ឆ្នាំ​។ គ្រួសារ​នេះ​រស់នៅ​ភូមិ​សង្កែ​បង្វែរ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​ដោយ​ស្រង់​ប្រភពពី​កន្លែងកើតហេតុ លោក​អធិការ​បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា បុរស​ម្នាក់​បាន​នាំ​កូនប្រុស​ទៅ​ដក​ព្រលឹត ក្នុង​បឹង​មួយ ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជា​ចៃដន្យ កូនប្រុស​ដែល​ឈរ​នៅ​ខាងលើ បាន​ធ្លាក់​ចូលក្នុង​ទឹក​ត្រង់​កន្លែង​គេ​ជីក​យក​អាចម៍ដី​មាន​ជម្រៅ​ជ្រៅ ទើប​ឪពុក​ស្ទុះ​ចុះ​ស្រង់​ទាំង​ខ្លួន​មិនចេះ​ហែល​ផង​នោះ បណ្តាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​តែម្តង​៕​ ដោយ៖ បូកគោ