លទ្ធផល​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ថ្ងៃទី ១៧-១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​

339
ចែករម្លែក
  • 38
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៧-១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀង​ម៉ៃ ដើម្បី​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ទាក់ទង​នឹង​ការបន្ត​តាមដាន​លើ​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ជាពិសេស​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន ទំនាក់ទំនង​របស់​អា​ស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ និង​ការផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​ចង្អៀត​នេះ រដ្ឋមន្ត្រីការបរទេស​ថៃ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ចំណុច​អាទិភាព​របស់​ថៃ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១៩ ក្រោម​មូលបទ “​ការ​ជម្រុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព ”​។​

​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន រដ្ឋមន្ត្រី​ទាំងអស់​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា លើ​ការអនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ជាពិសេស​ផែនការ​លម្អិត​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន សមាហរណកម្ម​អាស៊ាន ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍ និង​ការតភ្ជាប់​អាស៊ាន​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ការបន្ត​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន និង​តួនាទី​នាំមុខ​អាស៊ាន​នៅក្នុង​និ​មា​ប​ន្ម​កម្ម​តំបន់​ដែល​កំពុង​វិវត្តន៍ និង​ទំនាក់ទំនង​ជាមួយ​ភាគី​ខាងក្រៅ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានទទួល​ស្គា​ល់ពី​ការប្រកួតប្រជែង ដែល​កើន​ឡើ​រវាង​មហាអំណាច​ធំៗ​នៅក្នុង​តំបន់ និង​ផលប៉ះពាល់​ដែល​អាចមាន​ដល់​ម​ជ្ឈ​ភាព​អាស៊ាន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា ដែល​រួមចំណែក​ដល់​ការពង្រឹង​ការឯកភាព និង​ម​ជ្ឈ​ភាព​អាស៊ាន និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ភាព​បើកចំហរ នវានុវត្តន៍ និង​ការបំពេញគ្នា​ទៅវិញទៅមក​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ​ថា អាស៊ាន​គួរ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ជាមួយគ្នានេះដែរ​ត្រូវ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​
​អាស៊ាន ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៍​ល្អប្រសើរ​នៃ​សន្តិភាព និង​វិបុលភាព​រួម​នៅក្នុង​តំបន់ និង​អន្តរជាតិ​។​

​ទាក់ទង​នឹង​ការពង្រឹង​ការបំពេញបន្ថែម​រវាង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព លោក​ឧបនាយករដ្ឋមន្ដ្រី យល់ឃើញថា ភាពរឹងមាំ​នៃ​ការកសាង​សហគមន៍​អាស៊ាន គឺ​ពឹង​ផ្អែកលើ​ការពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ក្នុងការ​សម្រប​គោលនយោបាយ​អភិវឌ្ឍ​ថ្នាក់ជាតិ ឲ្យ​ស្រប​នឹង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​។ លោក​ឧបនាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ផងដែរ អំពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​គំនិត​ផ្ដួចផ្ដើម ប្រកបដោយ​ន​វា​នុ​វត្ដ​ន៍​របស់​ថៃ​ក្នុងការ​បង្កើត​នូវ​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ការសិក្សា​និង​កិច្ចសន្ទនា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ឆ្នាំនេះ​។ បន្ថែម​លើ​នេះ លោក​ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញ​ក្ដី​ស​ង្ឍឹ​ម​ថា​មជ្ឈមណ្ឌល​នេះ​នឹង​អាច​ធ្វើការ​ជាមួយ​ក្រុមអ្នកវិភាគ​ជា​តិ និង​តំបន់​ដទៃទៀត ដើម្បី​ស្វែងរក​គំនិត​ថ្មី ធំ​ទូលាយ ដែល​អាច​បញ្ចូល​ទៅក្នុង​សកម្មភាព​ថ្នាក់ជាតិ និង​តំបន់ ក្នុងការ​គាំទ្រ​ការ​អនុវត្ដ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការបង្កើត​នូវ​វិធីសាស្ត្រ​រួម​អាស៊ាន ស្តីពី​ទស្សនទាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ផ្អែកលើ​គោលការណ៍​សំខាន់ៗ​រួមមាន បរិ​យា​ប័ន្ន តម្លាភាព និង​ការបំពេញបន្ថែម​។ រដ្ឋមន្ដ្រី​ទាំងអស់​ក៏បាន​សម្រេច​ឱ្យ​ឧត្ដមមន្ដ្រី​អាស៊ាន ធ្វើការ​ពិភាក្សា​បន្ថែម​លើ​ទស្សនទាន​នេះ​។

​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ផងដែរ​ពី​ការពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ការត្រៀម​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​២២ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ទិសដៅ​អនាគត ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​កង្វល់​រួម​សម្រាប់​តំបន់​ទាំងពីរ និង​ពិភពលោក​ទាំងមូល​។ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​ក៏បាន​ឯកភាព​ជាគោលការណ៍​ចំពោះ​ការលើក​តម្លើង​ពី​ភាពជា​ដៃគូ​ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប ទៅជា​កម្រិត​ដៃគូ​
​យុទ្ធសាស្ដ្រ ក្រោម​ការបន្ត​ចរចា​លើ​ចំនុច​លម្អិត និង​កាលបរិច្ឆេទ​ច្បាស់លាស់​។ លោក​ឧបនាយករដ្ឋមន្ដ្រី ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​វិធីសាស្ដ្រ​ស្ដង់ដា​ពីរ សម្រាប់​ជ្រើសរើស​យកតែ​ចំនុច​ណា​ដែល​សមស្រប និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង​។ លោក​ឧបនាយករដ្ឋមន្ដ្រី ក៏បាន​សង្កត់ធ្ងន់​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា​នឹងមិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត កម្ពុជា​បាន​ឆ្លងកាត់​ភាពលំបាក ពី​អតីតកាល​រួចហើយ ។ លោក​ឧបនាយករដ្ឋមន្ដ្រី ក៏បាន​បង្ហាញ​ការសោកស្ដាយ​ទៅលើ​ការសម្រេច​ចិ​ត្ដរបស់​គណៈកម្មការ​អឺរ៉ុប នាពេល​ថ្មីៗ​នេះ ចំពោះ​ការដាក់ចេញ​នូវ​វិធានការណ៍​ការពារ​ចំពោះ​ការនាំ​ចូល​អង្ករ ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​អំពី​ការព្រួយបារម្ភ ចំពោះ​ការបិទ​មិន​ឲ្យ​ប្រេងដូង​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​

​រដ្ឋមន្ត្រី​ទាំងអស់​បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ រួមមាន​ការប្រយុទ្ធប្រឆាំង​ភេរវ កម្ម និង​ហឹ​ង្សា​ជ្រុលនិយម រដ្ឋ​រ៉ា​ក់​ខា​ញ ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​។​
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានកត់សម្គាល់​ចំពោះ​ការធ្វើ​បច្ចុប្បន្នភាព​ដោយ​រដ្ឋមន្ដ្រីការបរទេស មី​យ៉ាន់​ម៉ា និង​អគ្គលេខាធិការ​អាស៊ាន អំពី​បញ្ហា​នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ​។ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​បានបង្ហាញ​អំពី​ការបន្ដ​ប្ដេជ្ញា​ចិ​ត្ដ​ដ៏​រឺ​ង​មាំ​ក្នុង​ការគាំទ្រ​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទូលំទូលាយ​និង​យូរអង្វែង នាំមក​នូវ​សន្ដិភាព ស្ថិរភាព ដើម្បី​លើកកម្ពស់​សុខដុម​នីយកម្ម និង​ការផ្សះផ្សា​ក្នុងចំណោម​សហគមន៍ នានា និង​ធានា​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​សមធម៌ នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ​។ រដ្ឋមន្ដ្រី​ទាំងអស់​ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ ថា​តើ​អាស៊ាន​អាចជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​យ៉ាងដូចម្តេច និង​តួនាទី​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​ជំនួយ​មនុស្សធម៌​អាស៊ាន ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដទៃទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានកត់សម្គាល់​ពី​ការបន្ត​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​កិច្ចសហការ​រវាង​អាស៊ាន និង​ចិន និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព នៃ​ការចចារ​ដ៍​មាន​សារៈសំខាន់​ឆ្ពោះ ទៅ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC) មួយ​ប្រកបដោយ​ប្រសិទ្ធភាព​។

​ជាទី​បញ្ចប់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់​បានបញ្ជាក់​សារជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ប្រធាន​អាស៊ាន ឆ្នាំ​២០១៩ និង​រំពឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ថៃ និង​ដៃគូ​ខាងក្រៅ​របស់​
​អាស៊ាន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​អាទិភាព​ទាំងអស់​ខាងលើ​៕ ល​