លទ្ធផល​ចេញ​ហើយ​! ប្រាក់​ឈ្នួល​កម្មករនិយោជិត​ឆ្នាំ​២០១៩ ឡើងដល់​១៨២​ដុល្លារ​

1007
ចែករម្លែក
  • 91
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​បើក​កិច្ចពិភាក្សា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​នោះ ទីបំផុត​លទ្ធផល​បានចេញ​ហើយ គឺ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នា​ឆ្នាំ​ក្រោយនេះ បាន​ឡើងដល់​១៨២​ដុល្លារ​ក្នុង​មួយខែ​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (​រូប​៖​ដេប៉ូ​)

​បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ នា​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ ទៅ​កម្មករនិយោជិត​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១៨២​ដុល្លារ​ក្នុង​មួយខែ​។​

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានលើកឡើង​ដែរ​ថា​ក្នុងការ​បោះឆ្នោត​លទ្ធផល​ចុងក្រោយ​គឺ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​ឆ្នាំ​២០១៩​ត្រូវបាន​តម្លើង​ចំនួន​១៧៧​ដុល្លារ ប៉ុន្តែ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ជួយឧបត្ថម្ភ​បន្ថែមចំនួន​៥​ដុល្លារ​បន្ថែមទៀត ហេតុនេះ​រួម​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​គឺ​១៨២​ដុល្លារ​។​

​ជាមួយ​ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​នេះដែរ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល​ឬ​អ្នកលក់​ម្ហូបអាហារ​មិនត្រូវ​តម្លើងថ្លៃ​នោះឡើយ​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​កម្មករ​និ​យោត​ជិត​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង​។​

​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា បន្ទាប់ពី​គណៈកម្មាធិការ​ប្រឹក្សា​ការងារ បានសម្រេច​ធ្វើការ​បោះឆ្នោត​ជាសម្ងាត់​លើ​តួលេខ ដោយ​គោរព​ទៅតាម​គោលការណ៍ និង​យន្ត​ការដែល​បាន​ឯកភាពគ្នា​ដោយ​ត្រីភាគី និង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖​តួលេខ​ចំនួន​១៧៧​ដុល្លារ ទទួលបាន​សំឡេងឆ្នោត​២៦​សំឡេង​លើ​២៨​សម្លេង ចំណែក​តួលេខ​ចំនួន​១៨២ ទទួលបាន​សំឡេងឆ្នោត​០​សំឡេង​០​សំឡេង​លើ​២៨​សំឡេង និង​សំឡេង​អនុបវាទ​ចំនួន​២​សំឡេង​លើ​២៨​សំឡេង​។​

​ជាមួយ​លទ្ធផល​ការកំណត់​ប្រាក់​ឈ្នួល​ខាងលើ​នេះដែរ ហើយ​បើ​បូករួម​ផ្សំ​ជាមួយ​សេចក្តីសម្រេច​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ថែម​ទឹកប្រាក់​ចំនួន​៥​ដុល្លារ​ទៀត​នោះ ឃើញថា កម្មករនិយោជិត​នឹង​ទទួលបាន​១៨២​ដុល្លារ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។​

​សូម​រំលើក​ផង​ថា ប្រាក់​ឈ្នួល​គោល របស់​កម្មករ​និយោជក ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង ស្បែកជើង កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​១៥៣​ដុល្លារ​។ ដោយឡែក​ក្នុង ឆ្នាំ​២០១៨​នេះ ត្រូវបាន​តម្លើង​រហូតដល់​១៧០​ដុល្លារ​ក្នុង​មួយខែ ហើយ​បើ​បូករួម​ផ្សំ​ជាមួយ​ប្រាក់​បំណាច់​ផ្សេងៗ​ផង កម្មករនិយោជិត​ម្នាក់ៗ អាច​ទទួលបាន​ប្រាក់​ឈ្នួល​រហូតដល់​ជិត​៣០០​ដុល្លារ​ទៀតផង​។​



​ជាមួយគ្នា​ដោយសារ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករនិយោជិត​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ បាន​កើនឡើង​រហូតដល់​១៨២ដុល្លារ​នេះដែរ ត្រូវបាន​គេ​ជឿជាក់​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​កម្មករ​និយោជិត​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​៕