លទ្ធផល​ជិះ​ឌុប​គ្នា​ម្ដង ៦ នាក់​ផ្គើន​នឹង​បម្រាម ស្របពេល​កំពុងមាន​វិបត្តិ កូ​វីដ​-១៩

168
ចែករម្លែក

បុរស​ពាក់​ម៉ាស់​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន ឌុប​នារី ៥ នាក់​តាម បណ្ដោយ​ផ្លូវ​មួយ​ក្នុងប្រទេស​ចិន កាលពីពេល​ថ្មីៗ​នេះ​។​

​តាមរយៈ​រូបភាព​ទាំងនេះ ដែល​ប៉ូលិស​បង្ហោះ​ចែករំលែក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម បង្ហាញ​ពី​អ្នកជិះ​ទាំង​៦​នាក់​សុទ្ធតែ​មិន​ពាក់មួក​សុវត្ថិភាព​ពេល​ពួកគេ​ធ្វើដំណើរ​តាមផ្លូវ​ក្នុង ក្រុង​តុង​គ័ន (Dongguan) ខេត្ត​គ័ង​តុង ប្រទេស​ចិន​។​

​ជា​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​មន្ត្រី​សុខា ភិ​បាល​ក្រុង​នេះ​បាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​មួយ​ម៉ែត្រ​នៅតាម​ភោជនីយដ្ឋាន​នានា​ខណៈ​កន្លែង សាធារណៈ​ជាច្រើន​ដូចជា​បណ្ណាល័យ​ជាដើម​ក៏បាន​ទទូច​ឱ្យ​ពលរដ្ឋ​ធ្វើតាម​ការអំពាវនាវ​ខាងលើ​ដែរ​។​

​ក្រោយ​ឃ្លី​ប​វីដេអូ ដែល​បង្ហាញ​ពី​សកម្មភាព​ពួកគេ​ជិះ​ម៉ូតូ​បែកធ្លាយ​ល្បី​សុសសាយ​ពេញ បណ្ដាញ​ទំនាក់ទំនង​សង្គម ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ​កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា​។​

​ជា​លទ្ធផល ប៉ូលិស​បាន​រកឃើញ​នារី ៤ នាក់​ក្នុងចំណោម​ពួកគេ ៥​នាក់​នៅ​ហាង​មី​មួយកន្លែង វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃ​ដដែល មុនពេល​ចាប់បាន​បុរស​អ្នក​ឌុប និង​នារី​ទី​៥ នៅខាងមុខ​ហាង​លក់​អាហារសម្រន់​មួយកន្លែង​ប្រមាណ ២០ នាទី​ក្រោយមក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ត្រកូល ល័​រ (Luo) ដែល​បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បង្ហើប​ប្រាប់ថា​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​នៅ​ក្រុង​តុង​គ័ន បាន​អះអាងថា ខ្លួន​បាន​ជួប​នារី​ទាំង ៥ នៅ​ហាង​លក់​ការ៉េម​មួយកន្លែង ហើយ​ពួកគេ​បាន​សុំឱ្យ​គាត់​ជួយ​ឌុប​។ គាត់​ប្រាប់​ប៉ូលិស​ថា គាត​បង្ខំចិត្ត​ជួយ​ឌុប​នារី​ទាំងនោះ ព្រោះ​គ្មាន​ជម្រើស​។​

​ទោះ​ប្រកែក​យ៉ាងណាក្ដី ក៏​បុរស​រូបនេះ​នៅតែ​ត្រូវបាន​ឃាត់ខ្លួន​តាម​ការសង្ស័យ​ពីបទ​បើកបរ ដោយ​គ្មាន​ប័ណ្ណបើកបរ ឌុប​លើស​ចំណុះ ជិះ​មិន​ពាក់មួក​សុវត្ថិភាព​និង​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី ខុសច្បាប់​។ ចំណែកឯ​នារី​ទាំង ៥ ក៏​ត្រូវបាន​នាំខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែរ​រង់ចាំ​ការស៊ើបអង្កេត បន្ថែមទៀត​៕ ប្រែ​សម្រួលៈ​ខុម​