ដោយៈ មុនីរ័ត្ន:ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ នៅសាធារណរដ្ឋឆែក នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៩។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម អេនដ្រេហ្គ បាប៊ីស(Andrej Babiš) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់ ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរមកហើយ ដែលបានកសាងឡើង ដោយមេដឹកនាំកំពូល នៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
ក្រសួងការបរទេស បានបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការដ៏កក់ក្តៅ រវាងប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដ៏ថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ដែលបានផ្តល់មកកម្ពុជា ក្នុងគ្រាដ៏លំបាកបំផុត បន្ទាប់ពីការរំដោះប្រទេស ក្នុងឆ្នាំ១៩៧៩។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះសាធារណរដ្ឋឆែក ដែលទទួលបានជោគជ័យ ក្នុងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ពោលគឺជា ប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅក្នុងតំបន់ ដែលមានអត្រាអ្នកគ្មានការងារធ្វើទាប។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានការជឿជាក់ យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម អេនដ្រេហ្គ បាប៊ីស នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ប្រជាជននៃសាធារណរដ្ឋឆែក នឹងបន្តទទួលបានសន្តិភាព វឌ្ឍនភាពនិងវិបុលភាព។
នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានពិនិត្យឡើងវិញ ដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាព ដែលសម្រេចបាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍ រួមសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្ត ធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល រ៉ែ ថាមពល កសិកម្ម និងវប្បធម៌។
នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នា លើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ ទៅវិញទៅមក។ មេដឹកនាំទាំងពីរ បានទទួលស្គាល់ អំពីសារសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ ដល់ការអភិវឌ្ឍពិភពលោក។
មេដឹកនាំទាំងពីរ បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ ដោយរីករាយនូវ ទំហំពាណិជ្ជកម្ម ដែលកើនឡើងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យមានការរីកចម្រើនថែមទៀត ភាគីទាំងពីរ បានជំរុញឲ្យក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពនៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងប្រទេសទាំងពីរ នាពេលឆាប់ខាងមុខ។
ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរ ពីតួនាទីសំខាន់ របស់វិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកទឹកចិត្ត ឱ្យមានកិច្ចសហការជិតស្និទ្ធ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម សាធារណរដ្ឋឆែក ក្នុងការទាញយកផលប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចរបស់ ប្រទេសទាំងពីរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ចំពោះការលុបចោល និងការបង្វែរបំណុល ទៅជាជំនួយអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។ ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក បានចង្អុលបង្ហាញ ពីបំណងប្រាថ្នារបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ។
រំលឹកឡើងវិញ នូវទំនាក់ទំនងជាប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងវប្បធម៌ ដោយផ្អែកលើមិត្តភាព កិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងការយោគយល់គ្នា រវាងប្រទេសទាំងពីរ ភាគីទាំងពីរ បានឯកភាពគ្នា រៀបចំផែនការរួម ដើម្បីអបអរសាទរ ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ ។
ឯកឧត្តម នាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស បានសំដែងការកោតសរសើរ យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជា ចំពោះសន្តិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ យ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងសម្រេចគោលដៅ ទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ពាក់ព័ន្ធនឹងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ (គ្រប់មុខទំនិញលើកលែងអាវុធ-EBA) ដោយគណៈកម្មការអឺរ៉ុប ឯកឧត្តម នាយករដ្ឋមន្ត្រី បានចាត់ទុកប្រព័ន្ធអនុគ្រោះពន្ធនេះ ជាជំនួយដែលមានប្រសិទ្ធភាពខ្ពស់ ដែលផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍ ហើយសង្ឃឹមថា វិធានការបែបនេះ ដោយគណៈកម្មការអឺរ៉ុប នឹងមិនកើតឡើងឡើយ និងថាកម្ពុជា នឹងបង្ហាញវឌ្ឍនភាព ប្រកបដោយវិជ្ជមាន នៅក្នុងវិស័យសិទ្ធិមនុស្ស។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្ត អំពីស្ថានភាពនយោបាយ បច្ចុប្បន្ន នៅកម្ពុជា និងបានចង្អុលបង្ហាញថា ការធ្វើបដិវត្តន៍ពណ៌ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកម្ពុជានឹងត្រូវបរាជ័យ។ រាជរដ្ឋាភិបាល នឹងចាត់វិធានតាមផ្លូវច្បាប់ និងចាំបាច់នានា ដើម្បីពង្រឹងនីតិរដ្ឋ និងការពារសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីផលប្រយោជន៍ជាតិ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសកម្ពុជា ចំពោះប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ក្នុងក្របខ័ណ្ឌនីតិរដ្ឋ។
ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ ការចុះហត្ថលេខា លើឯកសារទ្វេភាគី ចំនួនបី ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការនេះ ដែលមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត នៅក្នុងវិស័យ សុខាភិបាល ធុរកិច្ច និងការទូត។ ឯកសារទាំងនោះ រួមមាន អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ រវាងក្រសួងសុខាភិបាលកម្ពុជា និងភ្នាក់ងារអនុវត្តន៍ គម្រោងសុខាភិបាលឆែក VAMED អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក និងអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបណ្ឌិតសភាការទូត នៃក្រសួងការបរទេសឆែក។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស ក៏ដូចជា រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ដ៏កក់ក្តៅ ចំពោះសម្តេចផ្ទាល់ និងសមាជិកគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងប្រាក។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញឯកឧត្តម នាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្រប។ ឯកឧត្តម នាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស បានទទួលយក និងបានថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញនេះ។ កាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចនេះ នឹងត្រូវទំនាក់ទំនងគ្នាតាមច្រកការទូត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវេទិកាតំបន់ និងសកលនានា៕v/ha