លទ្ធផល​នៃ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

608
ចែករម្លែក

ដោយ : មុនី​រ័ត្ន/​​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​០៦ ខែសីហា ម្សិលមិញ​នេះ​។​

​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​មាន ៥ ក្រុម និង​បាន​បែងចែក​ភារកិច្ច និង​ការទទួលខុសត្រូវ​ត្រួតពិនិត្យ​ដូចខាងក្រោម ៖
– ក្រុមទី​១ ៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកោះកុង និង​ខេត្តក្រចេះ​
– ក្រុមទី​២ ៖ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន​
– ក្រុមទី​៣ ៖ រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និង​ខេត្ត​កែប​
– ក្រុមទី​៤ ៖ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
– ក្រុមទី​៥ ៖ ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្ត​ព្រះសីហនុ ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ។​

​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បាន​ចំណាយពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ ហើយ​ក្រុម​ត្រួតពិនិត្យ​នីមួយៗ​បាន​អនុវត្ត​ការងារ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​របស់ខ្លួន​នៅ​ចំពោះមុខ​តំណាង​គណបក្សនយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកសារព័ត៌មាន នៅ​ទីស្តីការ គ​.​ជ​.​ប ។​

​ជា​លទ្ធផល ក្រុមការងារ​បានធ្វើកា​រ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​ឡើងវិញ​ដោយ​មិនបាន​រកឃើញ​នូវ​កំហុស​ណាមួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​រាជធានី ខេត្ត​បានបញ្ជាក់​ក្នុង​តារាង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១០) កំណត់ហេតុ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១១) និង​ក្រដាស​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១៤) ឡើយ​។ ភាគី​ដែល​ចូលរួម​ជា​សាក្សី​ទាំងអស់​បាន​ឯកភាព ជាពិសេស​តំណាង​គណបក្សនយោបាយ​បាន​ចុះហត្ថលេខា​នៅលើ​របាយការណ៍​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ទៀតផង​។​

​គ​.​ជ​.​ប មាន​យន្តការ​ត្រួតពិនិត្យបាន​ល្អិតល្អន់​ជាច្រើន​ដំណាក់កាល ដើម្បី​ជៀសវាង​ការភាន់ច្រឡំ នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​ ការផ្សព្វផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ និង​៣០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ គ​.​ជ​.​ប ធ្វើឡើង​ដោយ​ផ្អែកលើ​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ​.១១០២) និង​តែមួយគត់ ហើយ​ទម្រង់​នេះ បាននិងកំពុង​បន្ត​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប https://rms.voterlist.org.kh/ ។​

​សូម​ជម្រាបជូន​ថា គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ តាមរយៈ វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ៕​B