លទ្ធផល​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១១

169

(​ប៊ិ​ញ​ភឿ​ក​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​គណៈកម្មការ​បក្ស​ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV DTA) បានប្រារឰ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជា​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា លោក Songkane LUANGMUNINTHONE​អគ្គនាយក​កិច្ច​​ការ​សេដ្ឋកិច្ច​នៃ​ក្រសួងការបរទេស និង​ជា​ឧ​ត្ត​ម​មន្ត្រី​ឡាវ និង ឯកឧត្តម NGUYEN The Phuong​អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​​វិនិយោគ និង​ជា​ឧ​ត្ត​ម​មន្ត្រី​វៀតណាម​។

​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​តំណាង​អន្តរក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក​នៃ​អនុគណៈកម្មការ​ទាំង​បួន​នៃ​ប្រទេស​ទាំងបី រួមមាន អនុគណៈកម្មការ​សេដ្ឋកិច្ច អនុគណៈកម្មការ​កិច្ចការបរទេស និង​សន្តិសុខ អនុគណៈកម្មការ​សង្គម​កិច្ច និង​បរិស្ថាន​និង​អនុគណៈ​​កម្ម​ការសម្របសម្រួល​ថ្នាក់​ខេត្ត​។​

​កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​របស់​អនុគណៈកម្មការ​នីមួយៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​តាម​វិស័យ​នីមួយៗ ក៏ប៉ុន្តែ​នៅមាន​បញ្ហា និង​ការងារ​សេសសល់​មួយចំនួនទៀត​ដែល​ត្រូវ​ដោះស្រាយ ដូចជា កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​​សម្រាប់ CLV DTA ដែល​កម្ពុជា​កំពុងតែ​បំពេញ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​សុំ​សច្ចាប័ន​,​សេចក្ដីព្រាង​នៃ​ផែនការ​សកម្មភាព​សម្រាប់​កា​រត​​ភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ​២០៣០, សេចក្ដីព្រាង​នៃ​ផែនការអភិវឌ្ឍន៍​វិស័យ​ដំណាំ​កៅស៊ូ​,​សេចក្ដីព្រាង​ស្ដីពី​ផែនការអភិវឌ្ឍន៍​វិស័យ​ទេស​​ចរណ៍ និង​បញ្ហាលំបាក​ក្នុងការ​បង្ហោះ​ព័ត៌មាន​ទៅក្នុង​គេហទំព័រ CLV DTA​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា និង​ការងារ​សេសសល់​ទាំងនេះ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ក៏បាន​ឯកភាព​ក្នុងការ​រាយការណ៍ និង​ផ្តល់​អនុសាសន៍​ជូន កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១១ (11th CLV DTA JCC) ដែល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ដដែល ដូចខាងក្រោម​៖

​ទី​១) JCC គួរ​បន្ត​ស្នើសុំ​ដៃគូ​អភិវឌ្ឍន៍ ឲ្យ​បន្ត​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ ក្នុង CLV DTA

​ទី​២) JCC គួរ​ប្រគល់​ភារកិច្ច​ជូន ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម សហការ​ជាមួយ​កម្ពុជា និង​ឡាវ (​ជាពិសេស​ក្នុងន័យ​ផ្តល់ជូន​ទិន្នន័យ និង​ព័ត៌មាន​) ដើម្បី​ឈានដល់​ការបញ្ចប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​ដំណាំ​កៅស៊ូ CLV DTA និង​ត្រៀម​រាយការណ៍​ជូន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស CLV នៅក្នុង​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​វៀតណាម​

​ទី​៣) JCC គួរ​ចាត់​ឲ្យ ក្រុមការងារ​ទាំងបី​ប្រទេស បន្ត​ការពិភាក្សា ដើម្បី​បញ្ចប់​សេចក្ដីព្រាង​នៃ​ផែនការ​សកម្មភាព សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ​២០៣០

​ទី​៤) ភាគី​កម្ពុជា​ត្រូវ​ព​ន្លឿ​ន​បែបបទ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម សម្រាប់ CLV DTA ចូល​ជា​ធរមាន​

​ទី​៥) JCC គួរ​ពិចារណា​ជូន​ភារកិច្ច​ដល់ ភាគី​វៀតណាម​ដឹកនាំ​ក្រុមការងារ​ក្នុង​ការធ្វើ​សេចក្ដីព្រាង​ស្ដីពី ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ សម្រាប់ CLV DTA ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​កម្ពុជា និង​ឡាវ​

​ទី​៦) គុណភាព និង​ប្រសិទ្ធភាព​នៃ​គេហទំព័រ CLV DTA ត្រូវតែ​លើកកម្ពស់​។ ក្រុមការងារ​ផ្នែក​គេហទំព័រ CLV DTA ត្រូវតែ​ដោះស្រាយ​បញ្ហា​នៃ​ភាពលំបាក​ក្នុងការ​បញ្ចូល​ព័ត៌មាន​ទៅក្នុង​គេហទំព័រ​។ រីឯ​ភ្នាក់ងារ និង​ខេត្ត​ដែល​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងបី ត្រូវ​ផ្តល់ព័ត៌មាន​ថ្មីៗ ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​ផ្សព្វផ្សាយ​លើ​គេហទំព័រ​នេះ ជូន​ដល់​សាធារណៈជន ជាពិសេស​វិនិយោគិន​៕​អត្ថបទ​៖ នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​/sn​