លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

381
ចែករម្លែក
លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ថ្ងៃទី​២ ​ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​២៤​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ។​


​ ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ានៈ កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី​នានា ដែល​ជះឥទ្ធិពល​ទៅដល់​ការវិវឌ្ឍ​ថ្មីៗ​ក្នុង​បណ្តា​ផ្នែក​ចំណុះ​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​លំអិត​របស់​ស​ហគ​មន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​២០២៥​។​


​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម និង​ផែនការ​នាពេល​អនាគត​ត សម្រាប់​ការអនុវត្ត​ផែនការ​លំអិត​របស់​ស​ហគ​មន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់​ទៅលើ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​ភាពចាំបាច់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​ឆ្លងដែន ជាពិសេស ការរត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់​។


​ ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ការរួមចំណែក​របស់​ម​ជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន និង​សំណល់​គ្រឿងផ្ទុះ​ពី​សង្គ្រាម នៅក្នុង​តំបន់ និង​ពិភពលោក​។ លោក​ក៏បាន​ជម្រាប​ដល់​អង្គប្រជុំ​អំពី​លទ្ធផល​នៃ​សិក្ខាសាលា​តំបន់​ស្តីពី​ការអនុវត្ត​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ នៅក្នុង​អាស៊ាន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែសីហា ឆ្នាំ​២០១៩​។


​ ​កិច្ចប្រជុំ​លើក​ទី​២៤​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​។ កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​តួនាទី និង​ប្រតិបត្តិការ​របស់​លេខាធិការដ្ឋាន​អាស៊ាន ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន (IAI) និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការមេ ស្តីពី​ការតភ្ជាប់​អាស៊ាន (MPAC) ២០២៥​។


​ ​នៅក្នុង​បទ​អន្តរាគមន៍ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អរគុណ​ដល់​រដ្ឋាភិបាល ឥណ្ឌូនេស៊ី​ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​អាស៊ាន សម្រាប់​អគារ​នៃ​លេខាធិការដ្ឋាន​អាស៊ាន នៅ​ទីក្រុង​ហ្សា​ការ​តា ដែល​ទើបបាន​សម្ពោធ​នាពេល​ថ្មីៗ​កន្លងទៅនេះ​។ ចំពោះ IAI លោក បាន​អះអាង​ជាថ្មី​អំពី​សារសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​នេះ ក្នុងការ​ជំរុញ​សមាហរណកម្ម​នៅក្នុង​តំបន់ និង​បាន​លើកទឹកចិត្ត​ឲ្យ​ផ្តោត​ការយកចិត្ត ទុកដាក់​បន្ថែមទៀត លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្លាំង​ប្រកួតប្រជែង​របស់​សហគ្រាស​មីក្រូ តូច និង​មធ្យម ការលើកកម្ពស់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​សមាហរណកម្ម​ឌីជីថល និង​កម្មវិធី​កសាង​សមត្ថភាព​។ ចំពោះ​សមាជិកភាព​ទី​ម័​រ​ឡេ​ស្តេ​នៅក្នុង​អាស៊ាន លោក​បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​ទី​ម័​រ​ឡេ​ស្តេ ជា​សមាជិក​អាស៊ាន និង​បាន​ស្វាគមន៍​នូវ​ការវិវឌ្ឍ​ជា​វិជ្ជមាន តាមរយៈ​បេសកកម្ម​ស្វែងរក​ការពិត ដែល​បាន​ធ្វើឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។ លោក ក៏បាន​លើកទឹកចិត្ត​ឲ្យ​សរសរ​ស្តម្ភ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​ក្រុមប្រឹក្សា​សង្គម​-​វប្បធម៌ រៀបចំ​បេសកកម្ម​ស្វែងរក​ការពិត​នៅ ទី​ម័​រ​ឡេ​ស្តេ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​នៅ​ដើមឆ្នាំ​២០២០​។​


​ ​កាលពី​រសៀល​ថ្ងៃទី ១​ខែវិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ ចូលរួម​ក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច​ការងារ​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់​រួម ត្រូវបាន​លើកយក​មក​ពិភាក្សា​។ កាលពី​ថ្ងៃទី ២​ខែវិច្ឆិកា​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃ បាន​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ដោយ​ព្រះរាជាណាចក្រ​បា​រ៉ែ​ន ៕srn