លទ្ធផល​នៃ​អ្នក​ផ្សាយ​ព័ត៌មាន​បំពុលសង្គម គឺ គុក​!

197
ចែករម្លែក

តាម​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​ជា​ហូរហែ​នូវ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពិសេស​ថ្មីៗ​នេះ​អំពី​ជំងឺ កូ​រ៉ូ​ណា ឬ​ខូ​វីដ​១៩ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ក្នុងនោះ មាន​មួយចំនួន ត្រឹមតែណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​បង្ហោះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​តទៅទៀត ដូចជា គ្រាន់តែមាន​អ្នក​ឈឺ ខ្យល់គរ ក៏​នាំគ្នា​ថត​បង្ហោះ​ថា ជា​អ្នក​កើត​ជំងឺ​កូ​រ៉ូ​ណា ជាដើម​។ ប៉ុន្តែ​ក៏មាន​មនុស្សមួយចំនួន ត្រូវ​ប៉ូលិស​ចាប់ខ្លួន បញ្ជូនទៅ​កាត់ទោសនៅ​តុលាការ​ផងដែរ​។​
​ ​
​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា មកដល់​ថ្ងៃទី​១២​មីនា អាជ្ញាធរ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នក​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បំពុលសង្គម ពាក់ព័ន្ធ​ជំងឺ​ខូ​វីដ ១៩ ចំនួន​បីនាក់​។ ក្នុងនោះ ម្នាក់ ត្រូវបាន​អប់រំ ហើយ​ដោះលែង និង​ពីរ​នាក់​ទៀត ត្រូវបានកសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​នោះ​ប្រែក្លាយ​យ៉ាងម៉េច​ក៏ដោយ ឱ្យតែ​នៅក្នុង​ប្រទេស​កម្ពុជា ស្ថិតនៅក្រោម​ច្បាប់​របស់​កម្ពុជា​មិនអាច​គេចផុត​ពីសមត្ថកិច្ច​យើង​បានទេ​។ អ្នកឯង​ចង់​ក្លែងក្លាយទៅ​ឯណា​ក៏ដោយ​!​។ ឧទាហរណ៍​ថា ឈ្មោះ ក ដូរ​ឈ្មោះ​អី​ក៏ដោយ គឺ​យើង​មាន​បច្ចេកទេស គេ​រកឃើញ​។ ធម្មតា​គេ​បង្កើតបាន​ហើយក៏​គេ​រកឃើញ​អ្នកធ្វើ​ភាគច្រើន​។ លើកលែងតែ​ករណីខ្លះ នៅក្រៅ​ប្រទេស​!​។ បើ​នៅក្រៅ​ប្រទេស យើង​ពិបាក​ដែរ ក្នុងការ​ស៊ើបអង្កេត​។ ជួនកាល​ស៊ើបអង្កេត​ដឹង​ហើយ គេ​មិន​សហការ​ជាមួយ​យើង​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ មានជំនឿថា បងប្អូន​នៅក្រៅ​ប្រទេស​ក្តី នៅក្នុង​ប្រទេស​ក្តី សូម​ថែរក្សា​នូវ​ផលប្រយោជន៍​ជាតិ​យើង​ឲ្យ​ខ្ពស់បំផុត​។ ផលប្រយោជន៍ ប្រជាជន​យើង​ឲ្យ​ខ្ពស់បំផុត ព្រោះ​យើង​បាន​ឆ្លងកាត់​នូវ​របប​ច្រើនណាស់​ទម្រាំ​បាន​ថ្ងៃនេះ​។ សូម​យល់ថា បើ​បានរស់នៅ​ក្នុងប្រទេស​គេ​សេរី​ហើយ ជា​ការពិត​ហើយ​យើង​ទៅ​ចម្លង​ពី​ប្រទេសគេ​មក តែ​កុំ​ឲ្យ​មើលស្រាល មើលថោក ដល់​ប្រជាជន​យើង​។ សូម​ឲ្យ​ធ្វើយ៉ាងណា​គិតគូរ​ពីផលប្រយោជន៍​ជាតិ​។ បើ​ថា បាន​សុខ​ខ្លួនឯង​ហើយ សូម​ឲ្យ​អ្នក​ក្នុងប្រទេស​បាន​សុខ​ផង ទៅ​ចុះ​។ កុំមក​ឆ្កឹះឆ្កៀល កុំមក​អុជអាល កុំមក​បំបែកបំបាក់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បន្តថា ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​នេះ នាំ​ឲ្យ​គ្រោះថ្នាក់​ណាស់​ដល់​សង្គម​យើង​។​

​ជា​ការពិតហើយ បើ​យើង​ពិនិត្យ​ទៅ ក្រុម​អ្នក​ដែល​កំពុង​បំពុលសង្គម ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា ឬ​ខូ​វីដ​១៩ នៅពេលនេះ គឺ​សុទ្ធតែជា​សកម្មជន និង​ថ្នាក់ដឹកនាំអតីត​គណបក្សប្រឆាំង​។ មួយចំនួន រស់នៅក្នុង​ប្រទេស និង​មួយចំនួនទៀត​ជា​អ្នករស់នៅ​ក្រៅប្រទេស​។​

​តែ​គេ​ឆ្ងល់​ថា បើសិនជា​អស់លោក​លោកស្រី​ទាំងនោះ ពិតជា​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់ បងប្អូន​ខ្មែរ​យើង​ពិតមែន​គឺ​គួរតែ​ផ្សាយ​តែ​ព័ត៌មាន​ពិត ហើយ​ផ្សាយ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋយើង ពី​វិធី​ការពារ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ មិនគួរ​ផ្សាយ​បំភិតបំភ័យ ដែល​គ្មាន​ការពិត​ឡើយ​។​

​ចំណេញ​អី​! នៅពេល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដូច្នេះ​។ បើ​អ្នក​នៅក្នុង​ស្រុក បានត្រឹមតែ​ត្រូវសមត្ថកិច្ច ចាប់ខ្លួន យកមក​អប់រំ ហើយ​បើ​ធ្ងន់ធ្ងរ រហូតដល់​ត្រូវ​ជាប់ពន្ធនាគារ អត់​ប្រយោជន៍​។ រីឯ​អ្នក​នៅក្រៅ​ស្រុក គឺ​ត្រូវបាន​មហាជន​លែង​ទុកចិត្ត នៅពេលដែល​ផ្សាយ​ព័ត៌មាន​បំផ្លើស ខុស​ការពិត​ម្តង​ជា​ពីរដង ក្នុង​បំណង​កេងចំណេញ​នយោបាយ​លើ​គំនរ​ទុក្ខ​អ្នកដទៃ​ដូច្នេះ​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​យើង គួរតែមាន​ការថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុននឹង​ជឿ​លើ​ព័ត៌មានតាម​ហ្វេ​ស​ប៊ុ​ក ពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​រ៉ូ​ណា ឬ​COVID19 ដែលមាន​មនុស្ស​មួយចំនួន ឆ្លៀត​កេងចំណេញ​ក្នុង​គោលបំណង​ផ្សេងៗ​រាប់ទាំង​គោលដៅ ផ្នែក​នយោបាយ ពី​ករណី​ដែល​កម្ពុជា រួមទាំង​ពិភពលោក កំពុង​ប្រឈម និង​ព្រួយបារម្ភ​នេះ​។​

​ជាការ​ពិត​ថា ការផ្សព្វផ្សាយ ឬ​ចែកចាយ​ព័ត៌មាន​មិន​ពិត គឺ​មិនមែនជា​សិទ្ធិសេរីភាព​នោះទេ ប៉ុន្តែ​វា​គឺ​បទល្មើស ដែល​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​អ្នកដទៃ និង​បង្កចលាចល​ក្នុងសង្គម​។

​ដូច្នេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យើង ពិសេស​ក្រុម​អ្នកប្រឆាំង គួរតែ​យក​ពេលវេលា ជួយ​គ្នា​ក្នុងគ្រាអាសន្ន​នេះ មិនគួរ​នាំគ្នា​យកជើងរាទឹក ជាន់ពន្លិច​អ្នក​នៅក្នុង​ស្រុក​នោះទេ​។ អស់លោក លោកស្រី​ទាំងអស់ ដែល​ផ្សាយ​ព័ត៌មាន​ប្រឌិត ខុស​ការពិត​ទាំងនោះ បើ​ថា មិន​រស់នៅក្នុងស្រុក ក៏មាន​បងប្អូន​ញាតិមិត្ត​ក្រុមគ្រួសារ រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ដែរ ​ហើយ​បើ​ស្រុកទេស យើងកើត​ចលាចល គ្រោះអាសន្ន​អ្វីមួយនោះ​បើ​ថា អស់លោក​លោកស្រី​រួចខ្លួន​ក៏ដោយចុះ ក៏​គង់តែ​នឹងមាន​បញ្ហា​ដល់​បងប្អូន​សាច់ញាតិ​របស់​អស់លោក​លោកស្រី​ទាំងនោះ​ជាក់​ជាមិនខាន​៕ ដោយៈ ម៉េង​ឆៃ/Ha