លទ្ធិប្រជាធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស​

4948
ចែករម្លែក
  • 35
    Shares

(​ភ្នំពេញ​)៖​សមាសធាតុ​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​ផ្សំ​ឡើង​ដោយ​ធាតុ​សំខាន់​យ៉ាងតិច​បួន គឺ​សន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការបោះឆ្នោត តាម​លក្ខណៈ​សេរី​ពហុបក្ស​។ ក្នុងន័យនេះ​តើ​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​បែបណា​នៃ​ធាតុ​ផ្សំ​ទាំង​បួន​?

​ល​ទិ្ធ​ប្រជាធិបតេយ្យ​មិនអាច​ត្រូវ​លើកកម្ពស់​បានទេ នៅទីណា​ដែល​មានការ​បង្ហូរឈាម​តាមរយៈ ចុង​អាវុធ ហើយ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​នេះ រហូតដល់​សង្គ្រាម​ត្រូវបាន​បញ្ចប់​។ អ្វី​ដែលជា​បំណងប្រាថ្នា​ដំបូង​បំផុត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គឺ​សន្តិភាព ហើយ​សន្តិភាព​នេះ​បាន និង​កំពុង​ចាក់​ឬ​ស ក្នុងសង្គម​កម្ពុជា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​បន្ទាប់ពី​ចប់​សង្គ្រាម កម្ពុជា​បាន​រង​ផលប៉ះពាល់​ជា​បន្ត​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​សេដ្ឋកិច្ចកម្ពុជា​ទទួល បាន​កំណើន​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុក​ថា​ជា​ប្រទេសមួយ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ី​និង​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​ទៀតផង​។​ដោយសារ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បែបនេះ​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ជា​បន្តបន្ទាប់​ធៀប​នឹង ២០​ឆ្នាំ ១០​ឆ្នាំ ឬ​៥​ឆ្នាំមុន​។ ភាព ប្រសើរឡើង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បានធ្វើឱ្យ​ពួកគេ​ងាក មក​យកចិត្តទុកដាក់​លើ ការងារ​អប់រំ ការអត់ឱន​អធ្យាស្រ័យ​គ្នា​នៅក្នុង​សង្គម និង​ការគិតគូរ អនុវត្ត​ច្បាប់​ជាធំ​ដែលជា ការរួមចំណែក​ដល់​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ រឹងមាំ​។

​ប្រជាពលរដ្ឋ​ចម្រុះ​ពណ៌​សម្បុរ​មិន​ថា​មាន​សញ្ជាតិ​កម្ពុជា ឬ​បរទេស​ទេ ដែល​កំពុង​រស់នៅ​កម្ពុជា មាន​សិទ្ធិ​ស្មើៗ​គ្នា​ចំពោះមុខ​ច្បាប់ ដោយ​គ្មាន​ការរើសអើង​។ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ប្រកបមុខរបរ​ដោយ​គ្មាន​ការ​រឹត​ត្បឹ​ត ឬ​ហាមឃាត់​។ ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិយោបល់​តាម មនសិការ​របស់ខ្លួន ប៉ុន្តែ​មិនត្រូវ​រំលោភ​ដល់​សិទ្ធិ​អ្នកដទៃ​ឬ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ដែល​ច្បាប់​ហាមឃាត់ ឬ​បំផ្លើសការពិត​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ សិទ្ធិសេរីភាព របស់​ស្ត្រី​កាន់តែ​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​ដែល​មិន​ធ្លាប់ មាន​ក្នុងសង្គម​កម្ពុជា​កន្លង​មក ដោយសារ​ស្ត្រី​បាន​ក្លាយជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការ ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច ជាពិសេស​ក្នុង​វិស័យ​វាយនភ័ណ្ឌ​។ ទាំងនេះ​ជា​ជំ​ហ៊ាន​ដ៏​វិជ្ជមាន ចំពោះ​ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ត្រូវធ្វើឡើង ដោយ​ផ្អែកលើ​ឆន្ទៈ​ប្រជាពលរដ្ឋ​តាមរយៈ​ការបោះឆ្នោត​។ លទ្ធផល​នៃ​ការបោះឆ្នោត គឺអាច​មាន គណបក្ស មួយ​ឈ្នះ​ក្នុង​សភា គណបក្ស​ពីរ ឬ​គណបក្ស​ច្រើន​។ តាមរយៈ​លទ្ធផល​នេះ​សភាជាតិ មួយ​ត្រូវបាន​បង្កើតឡើង​ដែលមាន​លក្ខណៈ​ជាស​ភា​ឯក​បក្ស ឬ​សភា​ទ្វេ​បក្ស ឬ​សភា​ពហុបក្ស​។ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ក្រោយ​សង្គ្រាមលោកលើកទី​២ បាន​បង្ហាញថា ក្នុងប្រទេស ប្រជាធិបតេយ្យ​មួយចំនួន ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន​គណបក្ស​តែមួយ​ដោយ​ទទួល​សម្លេង ច្រើន​លើសលុប ក្នុងចំណោម​គណបក្ស ប្រកួតប្រជែង​ដ៏​ច្រើន​ហើយ​សភា​ឯក​បក្ស ក៏ត្រូវ​បាន បង្កើតឡើង​ដោយ​គណបក្ស​ឈ្នះឆ្នោត​នោះ​។ នៅ​សឹង្ហ​បុរី ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះ​ឆ្នោត​ចំនួន​បួន​អាណត្តិ​ជាប់ៗ​គ្នា​ហើយ​ទទួលបាន អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា​។ ជ័យជម្នះ​របស់​គណបក្ស PAP គឺ​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់ ប្រជាជន​សឹង្ហ​បុរី ក្នុង​ការផ្តល់​ទំនុកចិត្ត​ដល់​គណបក្ស​នេះ ដើម្បី​ដឹកនាំ​ប្រទេស​តទៅ ទៀត ហើយ​រហូតដល់​ពេលនេះ គណបក្ស PAP នៅតែ​បន្ត​ដឹកនាំ​សឹង្ហ​បុរី​ដដែល​។

​ដោយឡែក​នៅ​កម្ពុជា​វិញ​ពី​ឆ្នាំ​១៩៥៥​ដល់​១៩៦៦ គណបក្ស​សង្គមរាស្ត្រនិយម​ទទួលបាន​ការគាំទ្រ លើសលុប​ហើយ​សភា​ឯក​បក្ស​ត្រូវបាន​បង្កើតឡើង​ចំនួន​បួន​អាណត្តិ​ជាប់ៗ​គ្នា​ដោយសារ​កត្តា មួយចំនួន​រួមមាន​ការទាមទារ​ឯក​រាជ្យ​ពី​បារាំង នយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ ការទទួលបាន អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ការបង្រួបបង្រួម​ជាតិ និង​ការការពារ​បូរណភាព​ទឹកដី​។

​នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា មានការ​ចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស​ចំនួន​២០ ដោយមាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៨២,៨៩​ភាគរយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេងគាំទ្រ​ជាបឋម​ប្រហែល​៧៦,៧៧​ភាគរយ​ដែលនាំឱ្យ​គណបក្ស​នេះ​អាច​ទទួល បាន​អាសនៈ​១០០​ភាគរយ នៅក្នុង​រដ្ឋសភា​។ ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​លើសលុប​លើ​គណបក្ស ប្រជាជន​កម្ពុជា គឺ​ដោយសារ​គណបក្ស​នេះ បាន​រំដោះ​ប្រជាពលរដ្ឋ​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ស្តារ​និង​កសាង​ប្រទេស​ពី​បាតដៃ​ទទេរ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​និង​សន្តិភាព កសាង​លទ្ធិប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេស​។

​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ជឿជាក់​លើ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ទោះបី​ជាមាន​យុទ្ធនាការ​រារាំង​មិនឱ្យ​ទៅ​បោះឆ្នោត​ក៏ដោយ​។ អត្រា​នៃ អ្នក​ទៅ​បោះឆ្នោត​៨២,៨៩​ភាគរយ​នេះ បង្ហាញ​យ៉ាងច្បាស់​នូវ​ការបរាជ័យ​របស់ ក្រុមប្រឆាំង ដែល​តែងតែ​ប្រើ​លទ្ធិប្រជាធិបតេយ្យ​មក​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ទោះជា​ការដឹកនាំ​បែប​សភា​ឯក​បក្ស ឬ​ពហុបក្ស​ក៏ដោយ​បញ្ហាសំខាន់​គឺ​រដ្ឋាភិបាល​ដែល​កើតចេញ ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដឹកនាំ​ប្រទេស​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ ដូច​មាន​ជា​ឧទាហរណ៍​ស្រាប់​នៃ​គម្រូ​ដឹកនាំ​ឯក​បក្ស​នៅ​ប្រទេស​សឹង្ហ​បុរី និង​នៅ​ប្រទេស​ដទៃទៀត​៕ ដោយ​: សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​

លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​
#