លម្អិត​រឿង​ក្រុមសង្គមងងឹត​ចិន​គំរាមកំហែង​សន្តិសុខ​ខេត្ត​ព្រះសីហនុ

738
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បានថ្លែង​ប្រាប់​រស្មី​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៤ ខែឧសភា នេះ​ថា បន្ទាប់ពី​បញ្ចេញ​ពី​វិ​ដេ​អូ​ឃ្លី​ប របស់​ក្រុមបងធំ​ជនជាតិ​ចិន ក្នុង​គោលបំណង​គំរាមកំហែង​សន្តិសុខ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ដុតដៃដុតជើង​ដើម្បី​ស្រាវជ្រាវ រក​ក្រុមបងធំ​ជន​ជាតិចិន​ទាំងនោះ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ទាក់ទង​ករណី​វីដេអូ​ឃ្លី​ប​ក្រុមបងធំ​ជនជាតិ​ចិន គំរាមកំហែង​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ តាម​ការស្រាវជ្រាវ​ជាបឋម​បាន​បង្ហាញថា
១- ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​នេះ​មិនមែនជា​វីដេអូ​ថ្មីៗ​នោះទេ គឺជា​វីដេអូ​ចាស់​យូរ​មកហើយ​។
២- កម្លាំង​នគរបាលជាតិ​ក៏បាន​ស្រាវជ្រាវ​រកឃើញថា​ក្រុម​មុខសញ្ញា​ដែលមាន​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ពុំមាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះទេ​។​
៣- អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​បន្ត​សម្របសម្រួល​សហកា​រ​ជាមួយ​កម្លាំង​នគរបាល​ចិន​ដើម្បី​ស្រាវជ្រាវ​ករណីនេះ​ជា​បន្តទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​ចាប់ខ្លួន​ក្រុមបងធំ​ជនជាតិ​ចិន ដែល​គំរាមកំហែង​សន្តិសុខ​ខេត្ត​ព្រះសីហនុ នៅក្នុង​ខេត្ត​ព្រះសីហនុ នៅឡើយ​ទេ​៕

​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​ដែលមាន​រយៈ ពេល ៩​វិនាទី គឺ ឃើញ​មាន ក្រុម ជន ជាតិ ចិន ប្រមាណ ជាង ១០​នាក់ និង​មាន សាក់​លើ​ខ្លួន ដោយ ក្នុង នោះ​ឃើញ​បុរស​ពាក់​អាវយឺត​ស បានប្រកាស​ខ្លាំង ថា កំពង់សោម​មាន​ស្ថេរភាព ឬ​អត់ ស៊ីសង លើ​ក្រុម​វា​។​

​នាយ ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ នគរ បាល ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល ពាក់ ព័ន្ធ​ធ្វើ ការ ស្រាវ ជ្រាវ​រក​ក្រុមសង្គមងងឹត​ចិន​មួយ ក្រុម​នោះ​ហើយ​។​

​បន្ទាប់ ពី​លេចចេញ វិ​ដេ​អូ​ក្រុម សង្គមងងឹត​ចិន​ប្រកាស​បែបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ នគរ បាល ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប ក្រុមសង្គមងងឹត​ចិន​នេះ ដើម្បី​យកមក​ចាត់វិធានការ​តាមច្បាប់​កម្ពុជា​៕ ល​