លាង សុ​ផា​ឡែ​ន ទៅ​អាមេរិក​ទាំង​ស្តាយ​កម្មវិធី​នៅ​ស្រុក​ខ្មែរ​

1026
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា លាង សុ​ផា​ឡែ​ន បាន​បង្ហើប​ថា នាង​ត្រៀម​ចេញទៅ​អាមេរិក​នាពេលខាងមុខ​នេះ​ទាំង​ស្តាយ​នូវ​កម្មវិធី​តន្ត្រី​ជាច្រើន​នៅ​ស្រុក​ខ្មែរ ។ ខណៈ​ស្ងប់ស្ងាត់​ប្រជាប្រិយភាព​មួយរយៈ តារាចម្រៀង​ពូកែ​រាំ​រូបនេះ​បាន​លេចមុខ​ក្នុង​កម្មវិធី តន្ត្រី​ខា​រ៉ា​បាវ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​កាលពី​សប្តាហ៍​មុននេះ ដោយ​ខំ​បញ្ចេញ​បទ ចម្រៀង​ថ្មីៗ​ជាច្រើន​បទ​អម​ជាមួយ​ក្បាច់​រាំ​ពិសេស ដែល​លោត​ស្ទើរតែ​ចង់​បាក់​ឆាក​។

​តារា​ស្រី​រូបនេះ​បាន​ប្រាប់​មករ​ស្មី​កម្ពុជា​ឱ្យដឹងថា ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​នៅ​អាមេរិក​បាន អញ្ជើញ​សម្រាប់​ការប្រគំ​តន្ត្រី​នៅ​ទីនោះ សម្រាប់​ខែកញ្ញា​នាពេល​ខាងមុខនេះ ។ ឯកសារ​ពី ស្ថានទូត ទើបតែ​ធ្លាក់​ឈ្មោះ​នាង​ឱ្យទៅ​ហើយ ប៉ុន្តែ​ជាមួយគ្នា​នោះ​នាង​មាន​អារម្មណ៍​រាង ស្ទាក់ស្ទើរ​ចិត្ត​ដូចជា​មិន​ចង់​ទៅវិញ ក្រោយ​លេចលឺ​ព័ត៌មាន​ជាច្រើន​ពី​អ្នកសិល្បៈ​ដូចគ្នា ថា​កម្មវិធី​នៅ​ប្រទេស​អាមេរិក មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដូច​មុន​ឡើយ ដោយ​អ្នកខ្លះ​ថា រៀង​ពិបាក ហើយ កម្រៃ​មិនសូវ​ជា​បាន​ច្រើន​ប៉ុន្មាន​ដែរ​។

​កញ្ញា លាង សុ​ផា​ឡែ​ន បាន​ប្រាប់ថា នៅ​កម្មវិធី​ស្រុក​ខ្មែរ​វិញ នាង​មានការ​មមាញឹក​ជាច្រើន ជាមួយ​ការប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន ហើយ​នាង​អួតថា​សម្រាប់​កម្មវិធី ប្រគុំ​តន្ត្រី​តាម​ខេត្ត​វិញ​មិនចេះ​តិច​ឡើយ​។
​ដូច​ឃើញស្រាប់​នាង​តែ​បញ្ចប់​ការងារ​ពី​ខេត្ត​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មកដល់​សប្តាហ៍ មុននេះ​នាង​ត្រូវ​មក​ឡើង​ឆាក​តន្ត្រី​ខា​រ៉ា​បាវ​របស់​ទូរទស្សន៍​លេខ​៥ ទាំង​មិនបាន​សម្រាក​ផង​។ នាង​មិន​ខ្លាច​ចំពោះ​រឿង​អត់​អ្នកគាំទ្រ​ឡើយ ដោយសារតែ​នាង​ជា​តារាចម្រៀង​ជើងចាស់​មួយរូប ដោយ​នាង​មាន​បទ​ជាច្រើន​ដែល​ល្បីៗ និងជាពិសេស​បទ​ញាក់ៗ​របស់​នាង​នៅតែមាន​យុវវ័យ និង​មហាជន​ពេញចិត្ត​ដដែល​។​

​តារាចម្រៀង​ពូកែ​ក្បាច់​រាំ​មិន​ចាញ់​ក្មេងៗ​នោះ បាន​បញ្ជាក់ថា នាង​បាន​សន្យា​រួច​ជាមួយ​អ្នកឧបត្ថម្ភ​កម្មវិធី​នៅ​ទីនោះ ដូច្នេះ​នាង​មិន​ចង់​ខូច​ឈ្មោះ ឬធ្វើឱ្យ​ម្ចាស់​កម្មវិធី​នៅក្រៅ​ប្រទេស មិន​សប្បាយចិត្ត​ចំពោះ​ការអញ្ជើញ​របស់គេ​ឡើយ ។ បើទោះបីជា​មិនសូវ​ទុកចិត្ត​រឿង​សល់​លុយ​ច្រើនយ៉ាង​ណាក៏ដោយ​នៅ​ប្រទេស​អាមេរិក​នោះ នាង​ក៏ត្រូវ​ទៅ​ដែរ​ពីព្រោះ​ឯកសារ​ស្ថានទូត​អាមេរិក​ប្រចាំ​ស្រុក​ខ្មែរ​បាន​ធ្លាក់​ឈ្មោះ​ឱ្យទៅ​ហើយ​។ ដំណើរ​ទៅ​ច្រៀង​នៅក្រៅ​ប្រទេស​លើក​នេះ​របស់​នាង​គឺជា​លើក​ទី​១ ហើយ​ចំណាយពេល ប្រហែល​៣​ខែ​ឯណោះ ដែល​នាង​មានការ​សោកស្តាយ​កម្មវិធី​រកលុយ​ជាច្រើន​នៅ​ស្រុក​ខ្មែរ ដែល​ចំពេល​ជិត​ចុងឆ្នាំ ឬ បុណ្យ​ភ្ជុំបិណ្ឌ និង បុណ្យអុំទូក​ផងដែរ​៕ ដោយ​: បូ​រិ​ន​