លាប រដ្ឋា ខិតខំ​រក​ឱកាស ផ្ដួល​គូប្រកួត ឲ្យ​សន្លប់​លឿន​

367
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សម្រាប់​ខ្សែក្រវាត់ ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ថ្ងៃទី​២៣ កុម្ភៈ ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ដឹក គែន (Deuk Ken) ។​

​រដ្ឋា ២ ប្រកួត កន្លងមក គេ​បាន​ផ្ដួល​គូប្រកួត ឲ្យ​សន្លប់​មុន​ទឹក​ទី​៥ ទាំង ២ ប្រកួត ដែល​មួយ​ប្រកួត​ដំបូង គេ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ នៅក្នុង​ទឹក​ទី​១ និង​ការប្រកួត​លើក​ទី​២ របស់គេ ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ នៅ​ទឹក​ទី​៤ ។ សម្រាប់​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា កំពុង​តែមាន​កំណត់ត្រា ល្អ​ជាងគេ គឺ ៣ ប្រកួត​ដែល​ត្រូវ​វ៉ៃ ១៥ ទឹក​នោះ គេ​ប្រើពេល​តែ ៧ ទឹក​ប៉ុណ្ណោះ ។ ចំពោះ​រដ្ឋា ២ ប្រកួត ដែល​ត្រូវ​ប្រើពេល ១០ ទឹក​នោះ គេ​ប្រើពេល ៥ ទឹក ហេតុនេះ ការប្រកួត​នេះ រដ្ឋា​ត្រូវតែ​រក​ឱកាស​ផ្ដួល​គូប្រកួត ឲ្យ​បាន​រហ័ស​បំផុត ។​

​រដ្ឋា មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៥​ដង ឈ្នះ​៤១​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ និង​ក្លាហាន​ណាស់ នៅពេល​ប្រកួត គេ​មិនសូវ​ចេះ​ដកថយ​នោះទេ មានតែ​សម្រុក ទៅរក​គូប្រកួត​ជានិច្ច ។​

លាប រដ្ឋា និង ដឹក គែន​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ដឹក គែន ២ ប្រកួត​របស់គេ ជួប​បរាជ័យ​ទាំង ២ ប្រកួត ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ចិត្ត​តូច​ណាស់ ហើយ​គេ​មិនសូវ​ជាមាន​ស្នៀត​អ្វី​ពិសេស ដើម្បី​ផ្ដួល​គូប្រកួត​ឡើយ ។ ដឹក គែន មាន​ប្រវត្តិ​ប្រកួត ចំនួន​៦១​ដង ឈ្នះ​៤៨​ដង ចាញ់​១៣ ដង ។ សម្រាប់​ការប្រកួត​នេះ គេ​មាន​ជំនឿ​ចិត្ត​ថា អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា នឹង​បន្ថែម​កំណត់ត្រា​ឈ្នះ​របស់ខ្លួន មួយទៀត​ជាមិនខាន ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ តា​ញ់ មករា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ថៃ យ៉​ត វណ្ឌី​(Yorth Vandy) ។ មករា ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិនសូវ​ជួប​សំណាងល្អ​នោះទេ​។

​សម្រាប់​ព្រឹត្តិការណ៍ ដែល​មិនមាន​ការប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ គឺ​គេ​កំណត់​យក​អ្នក ដែល​បាន​ចំណាត់ថ្នាក់​លេខ ១ របស់​ពូ​ល​ថៃ មកជួប​ជាមួយ អ្នក​បាន​ចំណាត់ថ្នាក់ លេខ​១ របស់​ពូ​ល​កម្ពុជា ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់ ។ មករា ២ ប្រកួត​របស់គេ ឈ្នះ​ទាំង ២ ប្រកួត​មែន តែ​ការប្រកួត​ដំបូង គេ​ឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ និង​លើក​ទី​២ ឈ្នះ​ទឹក​ទី​១ ។ ពេលនេះ គេ​ស្ថិតនៅ​ចំ​ណាត​ថ្នាក់​លេខ​៣ បន្ទាប់ពី វ៉ាន់ វឿន និង លាប រដ្ឋា ។​

​មករា មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៧​ដង ឈ្នះ​៥១​ដង ចាញ់​៥​ដង ស្មើ​១​ដង ។ ចំពោះ យ៉​ត វណ្ឌី វិញ ២ ប្រកួត​របស់គេ ចាញ់​ទាំង ២ ប្រកួត គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧២​ដង ឈ្នះ​៥៨​ដង និង​ចាញ់​១៤​ដង ។ វណ្ឌី មិនមែនជា​អ្នក​ប្រដាល់ ស្រួល​បង្ក្រាប​នោះទេ ។ មករា អាច​ដណ្ដើម​ជ័យជំនះ​បាន​ឬទេ ? ៕v

​តា​ញ់ មករា និង យ៉​ត វណ្ឌី​
#