លាប រដ្ឋា និង ព្រឿង សុជាតិ ត្រឿ​ម​ជួបគ្នា​នៅ​ជុំ​ទី​៣

153
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​២១ កញ្ញា អ្នក​ប្រដាល់ ២ រូប​ទៀតហើយ បាន​កក់​កៅអី សម្រាប់​ប្រកួត​ជម្រុះ បន្ត​នៅ​ជុំ​ទី​៣ ទៀត ។​

​ក្នុងការ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ប្រើ​ជើង​ទាត់ ចំក​ញ្ចឹ​ង ក អ្នក​ប្រដាល់ ភួង ពិសិដ្ឋ មកពី​ក្លិប​ខេត្ត​រតនគីរី ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​២​។ នៅ​ទឹក​ទី​១ ពិសិដ្ឋ ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ម្ដង​ហើយ បន្ទាប់ពី​ត្រូវ សុជាតិ ទាត់​ខ្លាំងៗ​មក​នោះ ។​

ទិដ្ឋភាព​ប្រកួត​

​មកដល់​ទឹក​ទី​២ ពិសិដ្ឋ ហាក់ដូចជា​ធ្វេសប្រហែស ជាមួយនឹង​ជើង​របស់ សុជាតិ ធ្វើ​ឲ្យ សុជាតិ មានឱកាស​ទាត់​ចំក​ញ្ចឹ​ង ក បណ្ដាលឱ្យ​សន្លប់ ក្រោក​លែងរួច​តែម្ដង​។ ភួង ពិសិដ្ឋ ខ្ទាត​ចេញពី​ការប្រកួត តែត្រឹម​ជុំ​ទី ២ នេះ ក្នុងខណៈដែល ព្រឿង សុជាតិ ដណ្ដើមបាន​កៅអី សម្រាប់​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​៣ បន្តទៀត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ឲ្យ​សន្លប់ នៅ​ទឹក​ទី​២ ដែរ ។ ម៉ូ​រ៉ា​ក់ ដែលជា​អ្នក​ប្រដាល់ មាន​ថ្វី​ជើង និង ជង្គង់​ល្អ​នោះ បែរជា​ទៅ​មិន​រួច ជាមួយ​កណ្ដាប់ដៃ របស់​រដ្ឋា ទៅវិញ ។​

​នៅ​ទឹក​ទី​១ រដ្ឋា បាន​ដាល់​ចំ​មុខ​របស់ ម៉ូ​រ៉ា​ក់ ធ្ងន់ៗ ចំនួន ២ លើក ហើយក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ចំនួន ២ លើក​ដែរ តែ​ស្នូរ​ជួង បញ្ចប់​ទឹក បាន​ជួយសង្គ្រោះ ម៉ូ​រ៉ា​ក់ ឲ្យ​មានឱកាស​ប្រកួត​បន្ត នៅ​ទឹក​ទី​២ ទៀត ។ មកដល់​ទឹក​ទី​២ កណ្ដាប់ដៃ​របស់​រដ្ឋា បានបញ្ចប់​សកម្មភាព​របស់ ណា​ម ម៉ូ​រ៉ា​ក់ តែម្ដង ។ ម៉ូ​រ៉ា​ក់​បញ្ចប់​បេសកកម្ម​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​នេះ តែត្រឹម​នេះហើយ ក្នុងខណៈដែល រដ្ឋា ត្រៀមខ្លួន​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​៣ បន្តទៀត​។ សូមបញ្ជាក់ថា រដ្ឋា ចង់​ផ្ដួល ម៉ូ​រ៉ា​ក់ តាំងពី​ទឹក​ទី​១ មកម្ល៉េះ តែ​មិនអាច​ថ្វើ​ទៅបាន ។​

​នៅ​ជុំ​ទី​៣ រដ្ឋា ត្រូវ​ជួប​ជាមួយ ព្រឿង សុជាតិ ។ សុជាតិ និយាយថា រដ្ឋា គឺជា​អ្នក​ប្រដាល់ ដែល​គេច​ង់​ជួប​បំផុត រីឯ រដ្ឋា វិញ ក៏បាន​និយាយ​ដែរ​ថា គេ​ចង់​ជួប​ប្រកួត តែ​ជាមួយ​អ្នកខ្លាំង​ប៉ុណ្ណោះ គេ​ចាត់ទុកថា សុជាតិ គឺជា​គូប្រកួត​ដ៏​ល្អ សម្រាប់​រូបគេៗ នឹងធ្វើ​ឲ្យ​បានល្អ នៅ​ជុំ​ទី​៣ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ត្រូវ​អ្នក​ប្រដាល់​ថៃ រិ​ទ្ធ អា​យ៉ា​រ៉ា ទាត់​ផ្កាប់​ចាន បណ្ដាល​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ អ្នក​ប្រដាល់ សេង សាយ ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ​ដាច់ ។ សេង សាយ ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ចំនួន ២ លើក គឺ​នៅក្នុង​ទឹក​ទី​៣ និង​ទឹក​ទី​៤ ៕v