លាមក​គោល​នៅ​ខេត្តព្រៃវែង​កំពុងមាន​ហាងឆេង​នាំ​ចេញទៅ​វៀតណាម​រាល់ថ្ងៃ​

859
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: មិន​អត់​ប្រយោជន៍​ទេ​ចំពោះ​កសិករ ដែល​ចិញ្ចឹមសត្វ​គោក្របី​យកសា​ច់លក់ ព្រោះ​លាមក​របស់​វា​ក៏​អាច​លក់បាន​លុយ​រាល់ថ្ងៃ​ផងដែរ​។ ពីមុន​បងប្អូន​ប្រជាកសិករ​ស្ទើរ​គ្រប់គ្នា តែងតែ​ចិញ្ចឹមសត្វ​គោក្របី ដើម្បី​ជា​មធ្យោបាយ​ពលកម្ម​អូសទាញ ភ្ជួរ​រាស់​ដី ធ្វើស្រែ​ចម្ការ​។​

​ប៉ុន្តែ​បច្ចុប្បន្ន​ដោយសា​ប្រទេសជាតិ មាន​ភាពជឿនលឿន និង​សំបូរបែប​ទៅដោយ​ឧបករណ៍ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​ទំនើបៗ​។ ជាហេតុ​នាំ​ឲ្យ​ក​រសិករ ខ្មែរ​មួយចំនួនធំ ងាក​មក​ទិញ​គោយន្ត កា​ឡែ​ថង គោយន្ត​កន្ត្រៃ ត្រាក់ទ័រ រថយន្ត ជាដើម​។​ល​។ ដើម្បី​ធ្វើជា​ឧបករណ៍ប្រើប្រាស់​កម្លាំង​អូសទាញ ជំនួស​សត្វ​គោក្របី​វិញ​។ ព្រោះ​ពួកគាត់​គិតថា ប្រើ​កម្លាំង​ម៉ាស៊ីន វា​ចំណេញ​ពេលវេលា ជាង​ប្រើ​កម្លាំង​សត្វពាហនៈ​។​

​ទន្ទឹម​និង​នោះដែរ តាម​ភូមិ​ឃុំ​មួយចំនួន​នៅក្នុង​ខេត្តព្រៃវែង គឺ​នៅតែមាន​ការចិញ្ចឹម​គោក្របី​ដដែល គ្រាន់តែ​តិចជាង​មុន​។ ដោយ​ពួកគាត់​ចិញ្ចឹម​សម្រាប់​បំប៉ន​ឲ្យ​ធំ​លក់​សាច់ និង​ចិញ្ចឹម​ដើម្បី​យក​លាមក​លក់​ឲ្យ​ឈ្មួញ​ដឹកចេញទៅ​វៀតណាម​។​

​លោកស្រី យឿន ណាក់ រស់នៅ​ភូមិ​មុនី​សិលា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​អ្នកស្រី ចិញ្ចឹម​គោ​យកសា​ច់លក់ និង​យក​អាចម៍គោ​លក់​។ អ្នកស្រី​បន្តថា បច្ចុប្បន្ន​ផ្ទះ​អ្នកស្រី​ចិញ្ចឹមសត្វ​គោ​ចំនួន​០៦​ក្បាល​។ ជា​មធ្យម​អាច​បាន​ប្រាក់ចំណូល​ពី​លាមក​គោ​ចំនួន ៣,០០០​រៀល​ក្នុង​មួយថ្ងៃ​។ ជា​រៀងរាល់ថ្ងៃ សត្វ​គោ​របស់គាត់ ទាំងនេះ​បាន​យកទៅ​ឃ្វាល​នៅតាម​វាលស្រែ ក្បែរៗ​ភូមិ​។ ព្រឹក​ចេញទៅ​វាលស្រែ លុះ​ព្រលប់​ឬ​ល្ងាច​កៀង​បញ្ចូល​ក្រោល​វិញ​នៅក្រោម​ផ្ទះ​។ សម្រាប់​គោ​០៦​ក្បាល​នៅក្នុង​មួយថ្ងៃ​គាត់ អាច​ប្រមូល​អាចម៍គោ​ស្ងួត​បាន​មួយ​បាវ​។ តម្លៃ​៣,០០០​រៀល ដែល​ឈ្មួញ​គេ​មក​ប្រមូល​ទិញ នាំ​ចេញទៅ​វៀតណាម​។ ពោលគឺ​៥​ទៅ​៧​ថ្ងៃ ទើប​គាត់​លក់​អាចម៍គោ​ចេញ​ម្ដង​គ្រាន់​បាន​លុយ​ទិញ​ម្ហូប​ប្រចាំថ្ងៃ​។​

​អ្នកស្រី​បញ្ជាក់ថា វា​មិន​ស្រួល​ប៉ុន្មាន​ដែរ​ទេ ទម្រាំ​បាន​អាចម៍គោ​លក់​នោះ គឺ​មុនដំបូង​យើង​កើប​អាចម៍គោ ដែល​វា​ជុះ​រួច មក​ដាក់​ហាល​លើដី ឬ​លើ​កន្ទេល ឲ្យ​ស្ងួត​បន្ទាប់មក​ទើប​យើង​ប្រមូល​ច្រកចូល​បាវ​ទុក​លក់​ឲ្យ​ឈ្មួញ​។ និយាយ​រួម​អ្នក​ចិញ្ចឹម​គោ​ច្រើន គឺ​បាន​លាមក​ច្រើន​សម្រាប់​លក់ មិន​បោះចោល​លាមក​ដូច​មុន​ទេ​។​

​ដោយឡែក​អាជីវករ​អ្នកដើរ​ទិញ​អាចម៍គោ​ម្នាក់​បាន​ថ្លែងថា ខ្លួន​តែងតែ​ដើរ​ទិញ​លាមក​គោក្របី យកទៅ​វៀតណាម​ជាប្រចាំ​។ ក្នុងនោះ ទិញ​ពី​កសិករ​មួយ​បាវ​៣,០០០​រៀល ដល់​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម នៅ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី​ស្រុក​ព្រះស្ដេច បាន​មួយ​បាវ​៤,០០០​រៀល​។ អាជីវករ​ដដែល​បន្ត​ថា ជា​រៀងរាល់​លើក ពីរ​ទៅ​បី​ថ្ងៃ ទើប​ខ្លួន​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ម្ដង ព្រោះ​រវល់​ដើរ​ប្រមូល​ទិញ​ទម្រាំ​ពេញ​រថយន្ត​។ ក្នុងនោះ ក៏មាន​ឈ្មួញ​ជាច្រើន​នាក់​បាន​ដើរ​ទិញ​អាចម៍គោ​រាល់ថ្ងៃ ខ្លះ​ទិញ​ដឹក​តាម​គោយន្ត​កន្ត្រៃ ខ្លះ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ខ្លះ​ដឹក​តាម​រថយន្ត​តូចធំ​គ្រប់​ប្រភេទ​។​

​កន្លងមក​ឈ្មួញ​វៀតណាម បាន​ប្រាប់​មក​អាជីវករ​ខ្មែរ​ថា អាចម៍គោ​ទាំងនោះ គេ​យកទៅ​ធ្វើ ជីធម្មជាតិ​សម្រាប់​ដាំ​ដំណាំ​ផ្សេង​ដូចជា​ឪឡឹក ត្រសក់ ល្ហុង ដូង ស្វាយ​ក្រូច និង​បន្លែ​គ្រប់មុខ​ដែល​កសិករ​វៀតណាម គេ​ច្នៃ​ប្រើប្រាស់​តាម​តម្រូវការ​នៃ​រុក្ខជាតិ​នៅក្នុង​ចម្ការ​របស់​ពួកគេ​៕ ល​