លិខិត​មិត្ត​អ្នកអាន ៖ សម រង្ស៊ី លោត​អស់​ក្រឡា ងាក​មកសុំ​ចរចា​ជាមួយ​លោក ហ៊ុន សែន – Sam Rainsy back to square One !

804
ចែករម្លែក

ដូច​ការមើលឃើញ​រប​ស់មនុស្ស​ទូទៅ​មែន រាប់ទាំង​ក្រុម​កឹម សុខា និយម​ផង​ ដែល​ស្គាល់​ក្រយៅ លោក សម រង្ស៊ី យ៉ាងច្បាស់​ថា ជា​មនុស្ស​បានតែ​មាត់​និង​ជា​
អ្នកនយោបាយ​អន់​ខ្សោយ​ខាង​យុទ្ធសាស្ត្រ​, គ្មាន​គោលជំហរ​, ទស្សន​:​វិស័យ​វែងឆ្ងាយ​និង​ច្បាស់លាស់​ទាល់តែសោះ​។​

ក្រឡា​ដែល​លោក សម រង្ស៊ី​ដើរ​នៅតែ​ដដែលៗ ​គឺ​គ្មានអ្វី​ថ្មី​នោះឡើយ ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេងអុក​ជាមួយ​គាត់​ងាយស្រួល​អុក​ឲ្យ​គាត់​ផ្ងារជើង​ជាទីបំផុត​ពីព្រោះ​ក្រឡា​អុក​របស់ សម រង្ស៊ី គ្មានអ្វី​ពិបាក​យល់​ឡើយ ដោយ​គ្រាន់តែ​ចេញដំណើរ​គេ​អាច​ទាយ​ដឹង​ជាមុន​រួចស្រេច​។​

​ជាក់ស្តែង បន្ទាប់ពី​ការ​អួត​ក្អេងក្អាង​និយាយ​ដូច​មែនទែន​ពីការវិល​ចូល​ស្រុក​វិញ​ដើម្បី​មក​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គាត់​ស្រែកជេរ​ពេញៗ​មាត់​ថា “​ជា​ជន​កុម្មុយនីស្ត ជា​ជន​ផ្តាច់ការ ជា​ជន​ក្បត់ជាតិ” ឥឡូវ នៅ​ទីបំផុត លោក​សម រង្ស៊ី បែរជា​សរសេរ​លិខិត​ទៅសុំ​អង្វរ​លោក មហា​ធា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ឲ្យ​ខំប្រឹងប្រែង​ឲ្យអស់​លទ្ធភាព​ក្នុងការ​ដើរតួនាទីសម្របសម្រួល​ឲ្យ​គាត់​បាន​ជួបចរចា​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល​។ នេះ​ជា​ក្រឡា​អុក​ដែល​លោក សម រង្ស៊ី ដើរ​ជាង២០​ឆ្នាំ​មកហើយ​។

តាមរយៈ​សំណើសុំ​ចរចា​ជាមួយ​លោក ហ៊ុន សែន គេ​អាច​វិភាគបាន​អំពី​នយោបាយ​របស់​សម រង្ស៊ី ដូចខាងក្រោម​ ៖


​ទី​១.លោក សម រង្ស៊ី ជា​អ្នកនយោបាយ​មាត់ដាច ​តែ​ចិត្ត​កំសាក​។ គេ​នៅ​ចាំបាន​ថា សម រង្ស៊ី ធ្លាប់បាន​វាយប្រហារ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់​ជ្រុង​ទាំងអស់ ទាំង​ការដឹកនាំ​ប្រទេស ទាំង​បញ្ហា​បុគ្គល​។ ល​។​មាន​ពេល​មួយ​នោះ សម រង្ស៊ី ថែមទាំង​បាន​និយាយថា​«​មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី​»​។ ពាក្យសម្តី​របស់លោក សម រង្ស៊ី បែបនេះ​បានធ្វើ​ឲ្យ​ខ្លួន​គាត់​ត្រូវ​ពុះ​ចែក​ដី​គ្នា​នៅ​ម្ខាង​ម្នាក់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែទីបំផុត សម រង្ស៊ី ​ត្រូវតែ​ឱនលំទោន​ទៅសុំ​ចរចាជាមួយ លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​នឹង​ការវិល​ចូលមក​រស់នៅ​លើ​ផែនដី​ដែល​ដឹកនាំ និង​គ្រប់គ្រង​ដោយ​លោក​ហ៊ុន សែន វិញ​ដដែល​។ ឥឡូវនេះ លោក សម រង្ស៊ី បាន​វិល​មករក​ចំណុចដដែល – Back to square One -។ ប្រការនេះ​សបញ្ជាក់​ថា លោក សម រង្ស៊ី មិន​អាចមាន​ផ្លូវ​ណា​ដើរ​ក្រៅពី​សុំ​ចរចា និង​សុំ​ការ​អភ័យទោស​ពី​លោក ហ៊ុន សែន នោះឡើយ​។

ប៉ុន្តែ​ម្តងនេះ ខ្ញុំ​យល់ឃើញថា ការលើកលែងទោស​ឲ្យ​សម រង្ស៊ី ពិតជា​មិនអាច​ទៅរួច​នោះ​ទេ​​ ពីព្រោះ​សូម​កុំភ្លេចថា លោក​ហ៊ុន សែន​បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​ដាច់ខាត​បំផុត​ជាមួយ​លោក សម រង្ស៊ី ដែល​ខ្ញុំ​អាច​ចាំបាន​សម្តី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា « … ខ្ញុំ​អស់​និស្ស័យ​ជាមួយ​កូន​អា​ក្បត់ជាតិ នេះហើយ …. ! ខ្ញុំ​កំណត់​មុខសញ្ញា​កំចាត់​សម រង្ស៊ី​ដូច​ខ្ញុំ​កំណត់​កំចាត់​ប៉ុល ពត ….! បើ​ខ្ញុំ​ស៊ីញេ​លើកលែងទោស​ឲ្យ សម រង្ស៊ី​ម្តងទៀត ខ្ញុំ​សុខចិត្ត​កាត់ដៃស្តាំ​ខ្ញុំ​ចោល …. » ខ្ញុំ​ជឿថា លោក សម រង្ស៊ី ក៏​ពិតជា​នៅ​ចងចាំ​ពាក្យសម្តី​នេះដែរ​។​

ទី​២.សម រង្ស៊ី ពេលនេះ​កំពុង​ភ័យ​ខ្លួន​ខ្លាំងណាស់​ពីព្រោះ​គាត់​បានប្រកាស​ជា​ឧឡា​រឹក​ថា នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី ០៩ វិច្ឆិកា​។ ក្រុម​អ្នកគាំទ្រ សម រង្ស៊ី ទាំង​ក្នុង និង​ក្រៅប្រទេស​ដែលនៅ​សេសសល់​តិចតួច​នោះ​ក៏ បាន​រុញ​ទូក​បណ្តោយ​ទឹក ដោយ​នាំគ្នា​ជំរុញ​លោក សម រង្ស៊ី ឲ្យ​ចូល​ស្រុក​ដូច​ការសន្យា​កុំ​ខាន​ឲ្យ​សោះ​។ អ្នកគាំទ្រ​នៅក្រៅ​ស្រុក​ខ្លះ​ក៏បាន​បន្ត​ក់លុយ​បន្តិចបន្តួច​ម្តងទៀត​ដោយ​ប្រថុយ​ជឿ​លោក សម រង្ស៊ី ជា​ចុងក្រោយ​ ហើយ​ពួកគេ​ក៏​កំពុង​ជំរុញ​ឲ្យ​សម រង្ស៊ី គោរព​ការសន្យា​របស់ខ្លួន​ដែរ​។ ពេលវេលា​កាន់តែ​រំកិល​ទៅមុខ លោក​សម រង្ស៊ី ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​​ ពីព្រោះ​បើ​ហ៊ាន​ប្រថុយ​ចូលមក​ដោយ​គ្មាន​ការលើកលែងទោស ច្បាស់​ជា​គុក​១០០%​។ ដូច្នេះ សម រង្ស៊ី ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ដូច​មនុស្ស​លង់ទឹក ពេល​ឃើញ​អ្វីដែល​អាចជួយ​ខ្លួន​បាន​ក៏​ស្រវា ចាប់យក​ដើម្បី​បាន​រស់​មួយគ្រា​សិន​។ សម រង្ស៊ី ពេលនេះ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រូវ​ខំ​វែករក​ច្រកចូល​ដោយ​សុវត្ថិភាព​ ដោយ​សុខចិត្ត​ធ្វើ​មុខ​ក្រាស់ ដាក់ខ្លួន​សុំ​ចរចា​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ​។

​ទី​៣.សំណើ​របស់​សម រង្ស៊ី ទៅកាន់​លោក​មហា​ធា ​ឲ្យ​ជួយសម្របសម្រួល​ឲ្យ​មានការ​ចរចា ក៏​អាច​បញ្ជាក់​យ៉ាងច្បាស់​ផងដែរ​ថា នយោបាយ​ការបរទេស​របស់ សម រង្ស៊ី នៅឯ​ប​ស្ចិម​ប្រទេស​បានទទួល​បរាជ័យ​ហើយ ពោលគឺ​ទាំង​អាមេរិក​និង​អឺរ៉ុប​ពិតជា​មិនអាច​ជួយ​អ្វី​ដល់​លោក សម រង្ស៊ី បានឡើយ​។ ខ្ញុំ​យល់ថា កន្លងទៅ បណ្តា​ប្រទេស​ទាំងនោះ​អាច​គ្រាន់តែ​និយាយ​ពាក្យពេចន៍​ខ្លះ​ឲ្យ​សម រង្ស៊ី អស់ចិត្ត​តែ​​ប៉ុណ្ណោះ ! ប៉ុន្តែ ទីបំផុត ពួកគេនៅតែ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដដែល​។ ដូច្នេះ សម រង្ស៊ី ពិតជា​អស់​ទីពឹង ឬ​អស់​ក្រឡា​ដើរ​ក៏​បែរមករ​កលោក មហា​ធា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឲ្យ​ជួយ​សម្របសម្រួល​វិញ​ម្តង​។​

ទី​៤.ជំហរ​ចុងក្រោយ​របស់​សម រង្ស៊ី ពេលនេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា គាត់​ទទួល​ស្គាល់​ដោយ​ខ្លួនឯង​ហើយ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ជាង ៨៣% និង​ដែលជា​រដ្ឋាភិបាល​ដ៏​រឹងមាំ​មួយ​ទាំង​ផ្លូវច្បាប់ ទាំង​សេ​ដ្ឋកិច្ច និង យោធា​ដែល​មិនអាច​ឲ្យ​សម រង្ស៊ី ផ្តួល​ងាយៗ​ដូច​ពាក្យ​គាត់​និយាយ​នោះឡើយ​។​

​ទី​៥.អ្វីដែល​ជាការ​កត់សំគាល់​ដ៏​សំខាន់​ម្យ៉ាងទៀត​នោះ​គឺ​គ្រាន់តែ លិខិត​នេះ​បែកធ្លាយ​ភ្លាម កុំថាឡើយ​តែ​ក្រុម​កឹម សុខា​និយម ដែល​សំដែង​ការហួសចិត្ត​និង​ដៀល​សម រង្ស៊ី​ថា ​ជាម​នុស្ស​ត្រឡប់ត្រឡិន ឡប់ៗ​យកជាគ្នា​មិនបាន សូម្បីតែ​ក្រុម​រង្ស៊ី​និយម​ខ្លួនឯង​ផ្ទាល់​ក៏​នាំគ្នា​ភ្ញាក់ផ្អើល ដោយ​អ្នកខ្លះ​ទប់​កំហឹង​មិនបាន ក៏បាន​សរសេរ comment ថា នេះ​ជា​ទង្វើ​របស់​បុគ្គល​សម រង្ស៊ី ម្នាក់ឯង​សុទ្ធ​ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ជំហរ​របស់​បក្ស​នោះទេ​។

ទី​៦.ខ្ញុំ​យល់ឃើញថា ប្រហែលជា​លោក សមរង្ស៊ី​មិនបាន​សិក្សា​ស្វែងយល់​ឲ្យ​ច្បាស់​ពី​លោក មហា​ធា​ទេ បានជា​គាត់​ដាក់សំណើ​បែបនេះ​។ លោក សម រង្ស៊ី ប្រហែល​ភ្លេច​ហើយ​ថា លោក មហា​ធា គឺជា​អ្នកនយោបាយ​ជើងចាស់​ម្នាក់ ដែល​ល្បីល្បាញ​ពេញ​ពិភពលោក ឬ​អាច​និយាយបានថា ជា​ជើងឯក​ខាង​ការប្រឆាំង​ទៅនឹង​គំនិត​បរទេស​និយម និង​ជា​អ្នកការពារ​អធិបតេយ្យ​ជាតិ របស់ខ្លួន​យ៉ាងខ្លាំង​ក្លា​ម្នា​ក់ដោយមិន​ព្រម​ឱនក្បាល​ស្ថិតក្រោម​អាណានិគម​បរទេស​ទា​ល់​តែ​សោះ​។ បើ​និយាយឲ្យចំ​ទៅ គឺ​ទស្សនៈ​និង​ជំហរ​របស់លោក មហា​ធា គឺ​ដូចគ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ស្ទើរ​ទាំងស្រុង​។ ផ្ទុយទៅវិញ ជំហរ​នយោបាយ​របស់​លោក មហា​ធា ផ្ទុយស្រឡះ​ពី​លោក សម រង្ស៊ី ដែលជា​អ្នកនយោបាយ ជានិច្ចកាល​ពឹងផ្អែក និង​រណបបរទេស​។ ក្នុងន័យនេះ ខ្ញុំ​ជឿថា សំណើ​របស់លោក សម រង្ស៊ី នឹងមិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​លោក​មហា​ធា​ឡើយ​។
​ម្យ៉ាងទៀត ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា ក្នុង​ក្រសែភ្នែក​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​ទាល់តែសោះ​ការចាំបាច់​ដែល​ត្រូវ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ហើយ​ទាល់ច្រក​ដូច​លោក សម រង្ស៊ី​។

បទពិសោធន៍​កន្លងទៅ ក៏​ជា​មេរៀន​ដ៏​មានតម្លៃ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ផងដែរ​ ពោលគឺ ការលើកលែងទោស​ឲ្យសម រង្ស៊ី​ម្តង​ជា​ពីរដង​មិន​ទទួលបាន​ផលប្រយោជន៍​អ្វី​សម្រាប់​ជាតិ ក៏ដូចជា​សម្រាប់​វប្បធម៌​ស​ន្ទា​នោះឡើយ ​ក្រៅតែពី​ការបើកឱកាស​ឲ្យ សម រង្ស៊ី មានលទ្ធភាព​ក្រឡុក និង​បំផ្លាញ​ប្រយោជន៍​ជាតិ​ខ្លួនឯង​ឥតឈប់ឈរ​។ សម រង្ស៊ី ខ្លួនឯង​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើនណាស់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ជាក់ស្តែង ការបំពាន​សាលដីកាតុលាការ​, ការអំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ងើបឡើង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​ការប៉ុនប៉ង​ដឹកនាំ​ចលនា​ប​ដិ​វត្ត​ន៍​ពណ៌ រឺ​អំណាច​ប្រជាជន ដើម្បី​ដណ្តើម​អំណាច​ដោយ​​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​។​ល​។ និង​។​ល​។

​ដូច្នេះ ខ្ញុំ​មើលមិនឃើញ​ទាល់តែសោះ​ថា មាន​ហេតុផល​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ប្តូរ​ជំហរ​ព្រម​ចរចា​ជាមួយ សម រង្ស៊ី នោះឡើយ​ ក្រៅតែពី​ការ​ត្រៀមចាំ​វ៉ៃខ្នោះ​ញាត់​គុក​ដើម្បី​បញ្ចប់ជីវិតនយោបាយ​របស់ សម រង្ស៊ី បើ​ហ៊ាន​ប្រថុយ​ចូល​ស្រុក​មែន​នោះ​។

​ម្យ៉ាង​វិញ​ទៀត​នៅថ្ងៃនេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បានប្រកាស​ឲ្យ​ដឹង​ដែរ​ថា ដីកា​ចាប់ខ្លួន​សម រង្ស៊ី ត្រូវបាន​ផ្ញើ​ទៅកាន់​សមាជិក​អាស៊ាន​អស់ហើយ​។ ដូច្នេះ គួប​ផ្សំនឹង​សម្តី សម រង្ស៊ី និយាយ​នៅ​យប់មិញ​ប្រមាថ​មាក់ងាយ​អង្គ​ព្រះមហាក្សត្រ​ថែមទៀត​នោះ បើ​សម រង្ស៊ី​ហ៊ាន​ប្រថុយ​ជាន់ដី​អាស៊ាន​ពេលណា ក៏អាច​នឹងត្រូវ​អាជ្ញាធរប្រទេស​នោះ​ចាប់ខ្លួន​បញ្ជូនមក​កម្ពុ​ជា​ជាក់​ជាមិនខាន រាប់ទាំង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ។

និយាយ​ដោយ​ខ្លី សម រង្ស៊ី ពេលនេះ​កំពុង​ទាល់ច្រក ​ទាល់គំនិត អស់​ក្រឡា​ដើរ និង​បាក់អំនួត​ទាំងស្រុង ហើយ​កំពុង​ក្លាយខ្លួនជា​មនុស្ស​គ្មាន​តម្លៃ​សម្រាប់​ការចរចា​ណាមួយ​​ឡើយ​៕B/ Ha

​ដោយ​: អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​