លិង្គ​រឹង​ហើយ​ឈឺ (Priapism) តើ​មកពី​អ្វី​ទៅ​?

757

Priapism គឺជា​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​ជាប់​រហូត និង​ពេលខ្លះ​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​ទៀតផង​។ រឿងនេះ​ចាត់ទុកថា​ជា​ជំងឺ​បាន​លុះត្រាតែ លិង្គ​ឡើង​រឹង​យូរ​ជាង ៤​ម៉ោង​ជាប់​ដោយ​គ្មាន​ការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​សោះ​។ យ៉ាងណាមិញ ជំងឺ​នេះ​មិនឃើញ​កើតមាន​ជា​ញឹកញាប់​ឡើយ តែ​វា​ច្រើនតែ​កើត​លើ​បុរស​វ័យ​ខ្ទង់ ៣០​ឆ្នាំ​។​

​ភាព​ឡើង​រឹង​របស់​លិង្គ​ធម្មតា​គឺ​កើតឡើង​ដោយសារតែ​មានការ​ភ្ញោ​ច​ខាង​រាងកាយ ឬ​ផ្លូវចិត្ត​។ លំហូរ​ឈាម​ដ៏​ច្រើន​នឹង​ហូរ​ទៅ​លិង្គ​ដើម្បី​ឲ្យ​លិង្គ​ទៅជា​រឹង​បាន​។ នៅពេល​ការ​ភ្ញោ​ច​ចប់​ហើយ លំហូរ​ឈាម​ក៏​ថយចុះ ហើយ​លិង្គ​ក៏​លែង​រឹង​ទៀត​ដែរ​។​

​សម្រាប់​ជំងឺ Priapism អ្នកជំងឺ​មាន​បញ្ហា​មួយ​ទាក់ទង​នឹង​លំហូរ​ឈាម​ទៅ​លិង្គ​។ មាន​ជំងឺ​ផ្សេងៗ​គ្នាច្រើន​ណាស់​ដែល​ប៉ះពាល់​ដល់​របៀប​នៃ​ការហូរ​ឈាម​ចេញ​និង​ចូល​លិង្គ​។ ជំងឺ​ទាំងនោះ​មានដូចជា​៖
– ជំងឺ​កង្វះ​គ្រាប់​ឈាម Sickle Cell Anemia
– ជំងឺមហារីក​គ្រាប់​ឈាមស​
– ជំងឺមហារីក​គ្រាប់​ឈាម Multiple Myeloma

​មនុស្ស​ធំ​ប្រហែល ៤២​ភាគរយ​ដែលមាន​ជំងឺ​កង្វះ​គ្រាប់​ឈាម Sickle Cell Anemia នឹងមាន​អាកា​រៈ​ជំងឺ Priapism ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​។​

​ជំងឺ Priapism ក៏​អាច​កើតឡើង​ដែរ​បើសិនជា​អ្នក​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន ឬ​ញៀន​នឹង​គ្រៀង​ស្រវឹង ឬ​ថ្នាំញៀន​។ ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន និង​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​លិង្គ​ដែរនោះ​មានដូចជា​៖
– ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​លិង្គ​មិន​ឡើង​រឹង​
– ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
– ក្រុម​ថ្នាំ Alpha Blockers
– ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​
– ថ្នាំ​រំលាយ​កំណក​ឈាម​
– ថ្នាំ​អ័រម៉ូន​
– ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ក្មេង​រពឹស​ខុស​ទំនង (Attention Deficit Hyperactivity Disorder)
– ការពុល​សារធាតុ​កាបូនម៉ូណូអុកស៊ីត​
– ពីងពាង​ខាំ​
– ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ​
– ជំងឺសរសៃប្រសាទ​
– ជំងឺមហារីក​ទាក់ទង​នឹង​លិង្គ​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន / http://www.health.com.kh​