លី​ប៉េង អតីត​នាយករដ្ឋមន្ត្រី​និង​ប្រធាន​សភា​ចិន ទទួលមរណភាព​

610
ចែករម្លែក

​លី​ប៉េង (​លី​ផឹង​-Li Peng) អតីត​នាយករដ្ឋមន្ត្រី​ប្រកាន់​តឹង ដែល​ល្បី​ខាង​ចេញ​ប្រើ​ច្បាប់អាជ្ញាសឹក​ក្នុងអំឡុង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន​ធាន​អាន​មេន​ដែល​​ចិន​ចាត់ទុកជា​កុបកម្ម​ប្រឆាំង​បដិវត្តន៍​នៅ​ឆ្នាំ​១៩៨៩​នោះ បាន​ទទួល​មរណភាព​នៅ​អាយុ​៩០​ឆ្នាំ​។​

លោក​លី បាន​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៨ និង​បាន​ក្លាយជា​ប្រធានសភា​ប្រជាជន​ចិន​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីន​ហួរ បាន​និយាយថា លោក​លី បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ដោយ​ជម្ងឺ​។​

​ដោយ​ចំណាយ​ពេល​២​ទសវត្សរ៍​នៅ​កំពូល​នៃ​អំ​ណាយ លោក​បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០២ តែ​បាន​បន្សល់​ទុក​កេរដំណែល​នៃ​កំណើន​សេដ្ឋកិច្ច​យូរអង្វែង​និង​ទូលំទូលាយ បូករួម​​ទាំង​ការគ្រប់គ្រង​នយោបាយ​បែប​ផ្តាច់ការ​យ៉ាង​ណែន​។​លោក​ដឹកនាំ​ប្រទេស​ចិន​ពី​ភាព​ឯកោ​ក្រោយ​ការបង្ក្រាប​ចលនា​និស្សិត​បះបោរ​នៅ​ទីលាន​ធាន​អាន​មេន ទៅ​កាន់​អំណាច​​ការទូត​និង​សេដ្ឋកិច្ច​ដ៏​លេចធ្លោ​លើ​លោក ជា​ការអភិវឌ្ឍន៍​មួយ​ដែល​លោក​បាន​អបអរ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​។​

​ក្នុងអំឡុងពេល​កាន់អំណាច​ចុងក្រោយ​របស់​លោក លោក​លី​បាន​ជំរុញ​ការអនុម័ត​គំរោង​ដ៏​សំខាន់​របស់​លោក គឺ​ទំនប់​ជ្រោះ​បី​ដ៏​ធំ​សម្បើម​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ទន្លេ​យ៉ាង​​សេ ដែល​តំរូវ​អោយ​ប្រជាជន​១,៣​លាន​នាក់​ចាកចេញ​ពី​ផ្ទះសម្បែង​របស់គេ​។​

​ប​សំស​កថា​(​សារ​សរសើរ​)​តាម​ទូរទស្សន៍​រដ្ឋ​កាល​ពី​យប់​ថ្ងៃ​អង្គារ បាន​និយាយថា លោក​លី​បាន​ចូលរួម​ជាមួយ​ក្រុម​មេដឹកនាំ​ចិន​នៅ​ក្នុង​ការដាក់ចេញ​វិធានការ​ដាច់ខាត​ដើម្បី​រារាំង​​ចលាចល កំចាត់​កុបកម្ម​ប្រឆាំង​បដិវត្តន៍​និង​ធ្វើអោយ​ស្ថានភាព​ក្នុងស្រុក​មាន​ស្ថិរភាព​។​លោក​«​បាន​ដើរតួនាទី​សំខាន់​មួយ​នៅក្នុង​ការតស៊ូ​ដ៏​អស្ចារ្យ​ពាក់ព័ន្ធ​ដល់​អនាគត​និង​​វាសនា​របស់​បក្ស​និង​ប្រជាជាតិ​»​។​

​លោក​លី បាន​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៨ និង​បាន​ក្លាយជា​ប្រធានសភា​ប្រជាជន​ចិន​។​លោក​បាន​ចូលនិវត្តន៍​ចេញ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​៧​រូប​របស់​បក្ស​នៅ​ឆ្នាំ​២០០២ ជា​ផ្នែក​នៃ​ការប្រគល់​អំណាច​ដល់​មេដឹកនាំ​វ័យក្មេងៗ​៕​ដោយ​៖​វាសនា​