លី​វឺ​ភូ​ល ពិចារណា​នាំយក ហ្វី​លី​ព កូ​ទី​ញ៉ូ ត្រឡប់មកវិញ​

407
ចែករម្លែក

​ក្លិប​លី​វឺ​ភូ​ល​( Liverpool) បើក​ចិត្ត ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ត្រឡប់មក​ទឹកដី​អង់គ្លេស​វិញ​បន្ទាប់ពី កីឡាករ​រូបនេះ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន Nou Camp ។​
​ ​
ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ក្នុងតម្លៃ​ផ្ទេរ ១៤៥​លាន​ផោន​កាលពី​ខែមករា​ឆ្នាំមុន ជា​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​
​ ​
​ទោះបីជា​យ៉ាងណា កូ​ទី​ញ៉ូ បាន​ជួប​ពេលវេលា​ដ៏​ខកចិត្ត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ បាន​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​របស់​អ្នកគាំទ្រ​ក្លិប Barcelona ដោយ​រកបាន​២១ គ្រាប់​និង​ជួយ​បង្កើត​ឱកាស ១១​លើក​ក្នុងការ​បង្ហាញមុខ​៧៦​លើក​។​
​ ​
​ក្លិប Liverpool អាច​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ កូ​ទី​ញ៉ូ បន្ទាប់ពី​មានការ ពិបាក​ក្នុង​ការចរចា​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត ដើម្បី​ផ្ទេរ​កីឡាករ ម៉ា​កូ អា​សេន​ស៊ី​យ៉ូ (Marco Asensio) ។​
​ ​
​កូ​ទី​ញ៉ូ ក្លាយជា​កីឡាករ​គួរ​ជាទី​ពេញចិត្ត​របស់​អ្នកគាំទ្រ​នៅ​ពហុ​កីឡដ្ឋាន Anfield អំឡុងពេល​៥​ឆ្នាំ​នៅ​ក្លឹប​នេះ និង​បានបង្ហាញ​មុខ​ជាង​២០០​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#