លី សៀន​ឡុង ៖ ចិន​និង​អាម៉េរិក​ត្រូវតែ​បញ្ចៀស​ជម្លោះ បើ​មិន​ដូច្នេះ​ទេ​ជម្លោះ​នឹង​បង្ក​ការបំផ្លិចបំផ្លាញ​

750
ចែករម្លែក

​ការខ្វះ​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ​គឺជា​ចំណុច​ស្នូល​នៃ​ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក ដោយ​ធ្វើឱ្យ​ពិបាក​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង បាន​និយាយថា ការដើរ​តាមផ្លូវ​បច្ចុប្បន្ននេះ​គឺជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ភាគី​ទាំងពីរ​។​

​លោក​បាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ក្នុង​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា (Shangri-La) ថា កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល​អាច​នឹង​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ បញ្ហា​អន្តរជាតិ​សំខាន់ៗ​អាច​នឹងមិន​ត្រូវបាន​ដោះស្រាយ និង អត្ថប្រយោជន៍​នៃ​ទីផ្សារ​សាកលលោក​ត្រូវបាន​បាត់បង់​។​

​លោក​បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ ដែល​រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក​ផា​ទ្រី​ក សា​ណា​ហាន និង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក វៃ ហ្វេ​ង​ហឺ ថា “​ដូច្នេះ​យើង​គួរតែ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​យើង​ដើម្បី​ចៀសវាង​ការដើរ​លើផ្លូវ​នៃ​ជម្លោះ​និង​បង្កឱ្យមាន​ភាពជា​សត្រូវ​នៅ​ភាគី​ទាំងសងខាង​”​។​

​ប្រទេស​ទាំងពីរ​បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​របស់​គ្នា​ទៅវិញទៅមក​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​លី សៀន​ឡុង​បានចង្អុលបង្ហាញ​ថា បញ្ហា​នេះ​កំពុង​ផុង​កាន់តែ​ជ្រៅ​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​ភាគី​ទាំងពីរ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដោយ​ត្រឹមត្រូវ​រៀងៗ​ខ្លួន នោះ​ខ្ញុំ​ប្រាកដ​ណាស់​ថា អ្នកចរចា​ពាណិជ្ជកម្ម​របស់​ពួកគេ​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​។ ប៉ុន្តែ​ប្រសិនបើ​ភាគី​ណាមួយ​ប្រើ​ច្បាប់ពាណិជ្ជកម្ម​ដើម្បី​ធ្វើឱ្យ​ភាគី​មួយទៀត​ចាញ់​ឬ​ភាគី​ម្ខាង​ទៀត​សន្និដ្ឋានថា អ្នក​ផ្សេងទៀត​កំពុង​ព្យាយាម​ធ្វើ​ដូច្នេះ នោះ​ជម្លោះ​នេះ​នឹង​មិនអាច​ដោះស្រាយ​បានទេ ហើយ​ផលវិបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ការបាត់បង់ GDP (​ផលិតផល​ក្នុងស្រុក​សរុប​) ទៅទៀត​”​។​

​លោក​និយាយថា លទ្ធផល​នឹង​ទៅជា​ពិភពលោក ដែលមាន​បញ្ហា​និង​បែកបាក់​កាន់តែខ្លាំង​។​

​នៅក្នុង​សុន្ទរកថា​រយៈពេល ៤៥ នាទី លោកនាយក​រដ្ឋមន្ត្រី​លី​បានលើកឡើង​អំពី​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ប្រទេស​ទាំងអស់នេះ​បាន​រីកចម្រើន​លូតលាស់ បន្ទាប់ពី​បាន​ច្របាច់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​ប៉ុន្តែ​ការផ្តោត​សំខាន់​របស់លោក​លី​គឺ​ទៅលើ​បញ្ហា​បន្ទាន់​នៃ​សកលភាវូបនីយកម្ម​ដែល​កំពុងស្ថិត​ក្រោម​ការ​ហ៊ុមព័ទ្ធ​ដោយសារតែ​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​ចិន ដែល​លោក​ហៅថា សំខាន់បំផុត​នៅក្នុង​ពិភពលោក​។​

​លោក​បាន​និយាយថា ខណៈដែល​ប្រទេស​តូចៗ​ដូចជា​សិង្ហ​បុរី​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ពង្រឹង​ស្ថាប័ន​ពហុភាគី ពួកគេ (​ចិន​-​អាម៉េរិក​) ដូច​អ្នកផ្សេង​ដែរ កំពុង​ឆ្ងល់​ថា​តើ​អនាគត​នឹង​ទៅជា​យ៉ាងណា​។​

​ដោយ​សំដៅលើ​ការតស៊ូ​អូសបន្លាយ​ពេល​យូរ​រវាង​សហរដ្ឋ​អាម៉េរិក​និង​សហភាពសូវៀត ដែល​ព្យាយាម​សាយភាយ​លទ្ធិកុម្មុយនីស្ត​ទៅលើ​ពិភពលោក លោក​លី​បាន​និយាយថា មិនមែន​គ្មាន​លទ្ធភាព​ចៀសផុត​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ប្រឈមមុខគ្នារ​វាង​ចិន​និង​អាម៉េរិក​នោះទេ “​ប៉ុន្តែ​ស្របពេល​ដូចគ្នានេះដែរ ប្រសិនបើ​ការប្រឈមមុខ​បែបនេះ​ពិតជា​កើតឡើង​មែន​នោះ វា​នឹងមិន​ខុស​អី​ពី​សង្គ្រាមត្រជាក់​នោះឡើយ​”​។​

​ត្រង់​កន្លែង​ណា​ដែល​ជម្លោះ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​នឹង​បញ្ចប់​នោះ លោក​លី​បាន​កត់សម្គាល់ថា វា​អូស​បន្លាយពេល ៤០ ឆ្នាំ​ទម្រាំ​ប្លុក​សូ​វៀត​ដួលរលំ​ក្រោម​សម្ពាធ​នៃ​ការចំណាយ​ខាង​ការពារ​ដ៏​ធំ​សម្បើម​។​

​លោក​បាន​ថ្លែងថា “​វា​ទំនង​មិនអាច​ទៅរួច​ទេ​ដែលថា សេដ្ឋកិច្ច​ចិន​ដ៏​រឹងមាំ​របស់​ចិន​នឹង​ដួលរលំ​តាមរបៀប​ដូច​សូ​វៀត​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លី សៀន​ឡុង ថ្លែង​នៅ​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា​នៅ​សិង្ហ​បុរី​កាលពី​យប់​ថ្ងៃ​សុក្រ