លី ឧ​ត្ត​ម រំភើប​យ៉ាងខ្លាំង​ចំពោះ​អ្នកគាំទ្រ​ដែល​បានធ្វើ​ត្រាប់​តាម​

970

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: ស្របពេល​ទីផ្សារ​សិល្បៈ​កំពុងមាន​ការងារ​ច្រើន​នោះ តារា​សម្តែង​រូប​សង្ហា​រលោក លី ឧ​ត្ត​ម ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍ ហើយ​ជាពិសេស​អ្នកគាំទ្រ​របស់លោក ធ្វើ​ត្រាប់​តាម​ការតុបតែង​របស់​លោក​។

​តារា​សម្តែង លី ឧ​ត្ត​ម បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល ដែល​មិន​នឹកស្មាន​ដល់ ក្រោយពី​អ្នកគាំទ្រ​ជាច្រើន​បាន​បង្ហា​អារម្មណ៍​ស្រលាញ់​ចូលចិត្ត រហូត​ធ្វើ​រឿង​ដែល​លោក​ភ្ញាក់ផ្អើល​មួយចំនួន ទាំង​ការយក​រូបថត​លោក​ធ្វើ​វីដេអូ ការដាក់​រូបលោក​លើ​ទូរ​ទ​ស័ព្ទ​ដៃ និង​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ជាដើម​។​

​លោក លី ឧ​ត្ត​ម ធ្លាប់​បានធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​លោក​ពេញ​ចិត្តនឹង​ការសម្តែង ពិសេស​រូបថត​បែប​សិល្បៈ​ជាច្រើន​បន្តបន្ទាប់ ដែល​រូប​ទាំងនោះ មានការ​រៀបចំ​ថត​ប្លែក​ពី​ការនិយម​របស់​សិល្បក​រ​ដទៃ​។ រូបថត​បែប​ទាក់ទាញ​អារម្មណ៍​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​បានរៀបចំ​បង្កើតជា​វីដេអូ​យ៉ាង​ទាក់ទាញ ជាមួយនឹង​ការ​រចនា​បន្ថែម ដើម្បី​ដាក់​នៅលើ​អេក្រង់​ទូរស័ព្ទដៃ និង​នៅលើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ពួកគេ​ជាដើម​។​

​តារា​កូនកាត់​ខ្មែរ​ឥណ្ឌា​រូបនេះ បញ្ជាក់ថា លោក​ពិតជា​រំភើប​ខ្លាំង​នៅពេលដែល​ទទួល​សារ​ជាច្រើន​ពី​អ្នកគាំទ្រ​។ លោក​ថា ពួកគាត់​ភាគច្រើន​ចង់​ជួប​មុខ ថតរូប និង​ចង់​ឲ្យ​លោក​បញ្ចេញស្នាដៃ​សិល្បៈ នៃ​ការសម្តែង និង​ថតរូប​ថ្មីៗ​បន្តទៀត​។ លោក​បញ្ជាក់ថា ទោះ​មិនមាន​ចំនួន​សារ​មិន​ច្រើន​លើសលប់ ប៉ុន្តែ​លោក​ពិតជា​រំភើប​ដែល​ទទួលបាន​សារ​បែបនេះ​ជា​ញឹកញាប់ ហើយ​លោក​សុំទោស​សម្រាប់​ការមិន​មាន​ពេល​ច្រើន សម្រាប់​ការ​តប​សារបាន​ភ្លាមៗ​។ លោក​ថា នេះ​ជា​សារ​ដែល​បង្ហាញ​ក្តី​ស្រលាញ់​អស់ពី​ចិត្ត​របស់​អ្នកគាំទ្រ​ដែល​លោក​អរគុណ​ជាខ្លាំង​មិនដឹងថា ត្រូវ​និយាយ​យ៉ាងណា​ឲ្យ​អស់ពី​ចិត្ត​។

​លោក​បាន​បញ្ជាក់ដែរថា លោក​នឹង​បញ្ចេញស្នាដៃ​សម្តែង និង​រូបថត​បែប​សិល្បៈ​ថ្មីៗ​បន្តទៀត ដើម្បី​បំពេញចិត្ត​ពួកគេ ហើយក៏​រំពឹងថា នឹងមាន​ឱកាសល្អ​ណាមួយ​ជួបជុំ​អ្នកគាំទ្រ​ដោយផ្ទាល់​ផងដែរ​៕ ល​