លុបចោល​និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់​

703

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ស្តីពី​ការងារ​អនុវត្ត​អនុ​ត្រឹ​ត្យ​លេខ​១២៩ អនក្រ បក ស្តីពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​នៅ​កម្ពុជា​។​

​ការប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី លោក​អភិបាលខណ្ឌ​ទាំង​១២ មន្ទីរ​ពាក់ព័ន្ធ​​ព្រមទាំង​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​ប៉ូលីស​ទូទាំង​រាជធានី​ភ្នំពេញ សរុប​ប្រមាណ​៥០០​នាក់​។​
​ ​
​លោក ឃួ​ង ស្រេង បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ថា ជាក់ស្តែង​កន្លង​មកដល់​ពេលនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​រកឃើញ​ជនអន្តោប្រវេសន៍ ចំនួន​៧៣.៣៩៧​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវ​ដកហូត​ឯកសារ​ដែល​ឯកសារ​​ទាំងអស់នោះ ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​តទៅទៀត​ទេ ព្រោះ​ត្រូវ​បានន​រាក​រណ៍ ដោយ​អនុ​ក្រិ​ត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៧ ស្តីពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​​ប្រើប្រាស់​។​
​ ​
​លោក​បាន​បន្តថា នៅ​រាជធានី​ភ្នំពេញ បាន​លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​​ប្រើប្រាស់​នេះ បាន​ចំនួន ២១.៤៧៤​នាក់ ស្រី​១០.៩៤៣​នាក់ ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី មានដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ កម្មសិទ្ធិ​នានា​ផងដែរ​។ ដូច្នេះ​លើ​បញ្ហា​នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ទប់ស្កាត់​ឱ្យបាន ទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ។​
​ ​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ​ផល បានឱ្យដឹងថា នៅ​ឆ្នាំ​២០០២​យើង​ស្រង់​ឯកសារ​ឃើញ​មាន​ជនបរទេស​មករ​ស់​​នៅ​កម្ពុជា មាន​២០​សញ្ជាតិ និង​មាន​ចំនួន​៧០.០១២​នាក់ ហើយ​ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១៥ មាន​២០​ម៉ឺន​នាក់ ប្រមាណ​១២​សញ្ជាតិ តែ​ច្រើនជាងគេ គឺ​បងប្អូន​រៀ​ត​ណា​ម​។ បើ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ទេ មិនដឹង​កើន​ប៉ុន្មាន​ទេ​។​

​លោក​បាន​បន្តថា ៧៣.០០០​នាក់ ដែល​កាន់កាប់​ឯកសារ​ខ្មែរ​មិន​ប្រក្រតី​។ ក្នុង​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ មាន​ជនអន្តោប្រវេសន៍ ប្រមាណ​២០​ម៉ឺន​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ខណៈ​ឆ្នាំ​២០០២ មាន​ជនអន្តោប្រវេសន៍ រស់​នៅតែ​ជាង ៧​ម៉ឺន​នាក់​តែប៉ុណ្ណោះ មានន័យថា ជនអន្តោប្រវេសន៍ មានការ​កើនឡើង​ក្នុង​១​ឆ្នាំ ១​ម៉ឺន​នាក់​។​
​ ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជំរុញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដើម្បី​អនុវត្ត​ការងារ​នេះ​អោយបាន​ល្អ​និង​ជៀស​​វាង​ការផ្តល់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ជូន​ជនបរទេស បន្ត​កើតមាន​ទៀត ហើយ​ការងារ​នេះ បើ​យើង​ធ្វើបាន​ល្អប្រសើរ​យើង​នឹង​អាច​​រកប្រាក់​ចំណូល ចូលជាតិ​បាន​ច្រើន​ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​/sn