នៅពេលរថយន្តក្រុងចំកោងលើថ្នល់ចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងជាសាធារណៈ អ្នកខ្លះហៅវាថា ភាពស្រមើលស្រមៃ ខណៈអ្នកខ្លះទៀតហៅវាថា បដិវត្តន៍ថ្មី។
ប៉ុន្តែឥឡូវ ក្តីសុបិននៃរថយន្តក្រុងចំកោងលើថ្នល់របស់ចិន បានចប់ហើយ ជាមួយរូបភាពជាច្រើនបង្ហាញកន្លែងធ្វើតេស្តរថយន្តក្រុងនេះ ត្រូវបានវាយកម្ទេចចោលទាំងស្រុង នៅសប្តាហ៍នេះ។
ទីតាំងទាំងមូលនឹងត្រូវកម្ទេចចោលរួចជាស្ថាពរនៅចុងខែនេះ បន្ទាប់ពីមានការអះអាងថា ក្រុមអ្នករៀបចំបានប្រើប្រាស់គម្រោងនេះដើម្បីរកលុយដាក់ហោប៉ៅខ្លួនឯង។
រថយន្តក្រុងចំកោងនេះត្រូវបានសាទរជាឧបករណ៍ថ្មីសន្លាង ដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងធំៗ នៅពេលវាបង្ហាញខ្លួនដំបូង។
រថយន្តក្រុងឈ្មោះ TEB1 ប្រវែង ២២ ម៉ែត្រ ទទឹង ៧,៨ ម៉ែត្រ និង កម្ពស់ ៤,៨ ម៉ែត្រ មានសមត្ថភាពដឹកអ្នកដំណើរ ៣០០ នាក់ ឆ្លងកាត់ផ្លូវធ្វើចរាចរណ៍ ដែលអាចឱ្យរថយន្តផ្សេងបើកបរពីខាងក្រោមវា។
រថយន្តក្រុងនេះត្រូវបានធ្វើតេស្តនៅក្នុងទីក្រុងឈិនហួងតៅ ដោយក្រុមហ៊ុន Tebtech ដែលជួយផលិតរថយន្តក្រុង TEB1 ។
នៅគ្រានោះ រថយន្តក្រុងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលក្នុងប្រទេសប្រេស៊ីល បារាំង ឥណ្ឌា និង ឥណ្ឌូនេស៊ី៕