លុបឈ្មោះ​ចេញពី​ក្របខណ្ឌៈ គ្រូបង្រៀន​ចំនួន​១១​នាក់​ប្តឹង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ទៅ​តុលាការ​

604
ចែករម្លែក
  • 624
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោកគ្រូ អ្នកគ្រូ ចំនួន​១១​នាក់ ដែល​ត្រូវបាន​ក្រសួង អប់រំ យុវជន និង​កីឡា លុបឈ្មោះ​ចេញពី​ក្របខណ្ឌ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។​

​គ្រូបង្រៀន​ទាំង​១១​នាក់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នេះ​រួមមាន​៖ ១. ខែម ស៊ីថា ខេត្តបាត់ដំបង ២. លោក លី ឌី នៅ​ខេត្ត​ព្រះសីហនុ ៣. អ្នកស្រី វង រុ​ន្នី ខេត្តកំពង់ចាម ៤. លោក គង់ ស៊ីវ​ង្ស ខេត្តកំពង់ចាម ៥. លោក ជុំ ចាន់ ខេត្តព្រៃវែង ៦. លោក មុត ម​ល្លា ខេត្តសៀមរាប​៧. លោក ពៀក ម៉ាប់ ខេត្តសៀមរាប ៨. លោក ច័ន្ទ សុភា ខេត្តសៀមរាប ៩. លោក ហុង ជា ខេត្តសៀមរាប ១០. លោក យិន ឈូករ័ត្ន ខេត្តកំពត ១១. លោក​លោក រ៉ុង ឈុន​។

​នៅ​ពាក្យបណ្តឹង​ដដែល​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើងខ្ញុំ​ទាំងអស់​ជា​បុគ្គលិក​អប់រំ បានដាក់​ពាក្យសុំ​អនុញ្ញាតឱ្យ​ស្ថិត​នៅក្រៅ​ក្របខណ្ឌ​ដើម​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ច្បាប់​ឱ្យ​ស្ថិត​នៅក្រៅ​ក្របខណ្ឌ​ដើម តាម​ការស្នើសុំ​របស់​ពួកយើងខ្ញុំ ដើម្បី​ទៅ​បម្រើ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុមប្រឹក្សា​ស្រុក​-​ខណ្ឌ ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​មក ពួកយើងខ្ញុំ​ត្រូវ​បាត់បង់​ពី​តួនាទី​ជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុមប្រឹក្សា​ស្រុក​-​ខណ្ឌ ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​។​

​គ្រូបង្រៀន​ទាំង​១១​នាក់​អះអាងថា ក្រោយ​អស់​តួនាទី​ខាងលើនេះ ពួកគេ​បានដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​នៅ​អង្គភាព​ចាស់​វិញ ប៉ុន្តែ​ត្រូវ​ក្រសួង​អប់រំ មិនបាន​ចេញប្រកាស​ឱ្យ​ពួកគេ​ចូល​បម្រើ​ការងារ​វិញ​ទេ​។ ហើយ​ក្រសួង​បានចេញ​ប្រកាស​ស្តីពី​ការ​លុបឈ្មោះ​បុគ្គលិក​អប់រំ​ចេញពី​ក្របខណ្ឌ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ពួកគេ​ថា បោះបង់ចោល​ការងារ និង​មួយចំនួនទៀត​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។​
​ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុ​វាចា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ថា ក្រសួង​អប់រំ យុវជន និង​កីឡា រហូតមកដល់​ពេលនេះ មិនទាន់​បានទទួល​ប្រភព​ព័​ត៍​មាន​ផ្លូវ​ការទាក់ទង​ទៅ​និង​ករណី​ខាងលើនេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ការដាក់​ពាក្យបណ្តឹង​រប​ស់គា​ត់ គឺជា​សិទ្ធិ​នៅក្នុង​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ជា​គោល​។
​លោក​បាន​បញ្ជាក់ថា “​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ករណី​រប​ស់​ក្រុម​បុគ្គល​ដែល​ពាក់ព័ន្ធ​កាលពី​ឆ្នាំមុន ដោយមាន​លិខិត​ជា​ផ្លូវ​ការជូន​ពួកគាត់​”៕ ល​