លូក ស ពិចារណា​ប្តឹងទៅ​ថ្នាក់ដឹកនាំ​ក្លឹប បន្ទាប់ពី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ មិន​ដាក់​ឲ្យ​លេង​

972
ចែករម្លែក

​ខ្សែការពារ លូក ស (Luke Shaw) មាន​អារម្មណ៍​ថា លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុងតែ​បញ្ឈរជើង​ខ្លួន​មិន​ឲ្យ​លេង ហើយ​កំពុង​ពិចារណា​ប្តឹងទៅ​លោក អេ​ដ វូដ​វើដ (Ed Woodward) នាយក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។
​ ​
​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Brighton ដណ្តើមពាន FA Cup កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា លោក​បាន​ដក លូក ស ចេញ ដោយសារតែ​កីឡាករ​រូបនេះ មិន​ធ្វើតាម​ការណែនាំ​របស់លោក​។ នេះ​គឺជា​រឿងរ៉ាវ​ថ្មី​ទៀត​ជុំវិញ​ទំនាក់ទំនង​រវាង​កីឡាករ និង​គ្រូបង្វឹក​។​

​កាលពី​រដូវ​កាល​មុន លោក ម៉ូ​រី​ញ៉ូ បាន​រិះគន់​ទម្រង់​លេង​របស់ លូ​កស ហើយ​បាន​ប្រាប់​ឲ្យ កីឡាករ អន្តរជាតិ​អង់គ្លេស​រូបនេះ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត​”​។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ត្រូវ​រង់ចាំ​រហូតដល់​ខែធ្នូ​ទើប​មានឱកាស​បង្ហាញមុខ​នៅក្នុង​ការប្រកួត ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៨​នេះ លូក ស លេង​បាន​៥​ប្រកួត ក្នុងចំណោម​៧​ប្រកួត​របស់​យូ​ណាយ​ធី​ត ខណៈពេល​គ្រូបង្វឹក​ដាក់​ឲ្យ អា​ស្លី យ៉ាំង (Ashley Young) លេង​ជា​កីឡាករ​បម្រុង​។​
​ ​
​លូក ស ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​កិច្ចសន្យា​ថ្មី​ស្របពេល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត ដល់​រដូវក្តៅ ជាមួយ​ប្រាក់​ឈ្នួល​៨០.០០០​ផោន​នៅ​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
​រឿងនេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា នេះ​គឺជា​ការព្យាយាម ដើម្បី​រារាំង​កីឡាករ​រូបនេះ មិន​ឲ្យ​ចាកចេញ​ពី​យូ​ណាយ​ធី​ត​ក្នុង​តម្លៃថោក ហើយ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា យូ​ណាយ​ធី​ត​នឹង ទទួលបាន​៣០​លាន​ផោន ជា​តម្លៃ​ដែល​ពួកគេ​បាន​ចំណាយ​ឲ្យ​ក្លឹប Southampton នៅពេល​កីឡាករ រូបនេះ​ចូលរួម​កាលពី​ឆ្នាំ​២០១៤៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ លូក ស (Luke Shaw)