លូ​កា​គុ និយាយថា លោក ម៉ូ​រី​ញ៉ូ ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​ឆ្នើម​

682

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) អះអាងថា លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានប្រែក្លាយ​រូបគេ​ទៅជា​កីឡាករ​បាល់ទាត់​ឆ្នើម​ម្នាក់​បន្ទាប់ពី​បានធ្វើ​ការងារ​ជាមួយគ្នា ត្រឹម​តែមួយ​សប្តាហ៍​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ រកបាន​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយ​យកឈ្នះ​ក្រុម Real Salt Lake ២-១ ក្នុង​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​លើក​ទី​២ នៅ​សហរដ្ឋអាមេរិក​។

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ផ្ទេរ​ពី​ក្លឹប​អេ​វើ​តុ​ន​ក្នុងតម្លៃ​៧៥​លាន​ផោន​។ លូ​កា​គុ បាន​និយាយថា ខ្លួន​មានការ​រីកចម្រើន​ចាប់តាំងពី​ជួបជុំ​ឡើងវិញ​ជាមួយ​លោក ម៉ូ​រី​ញ៉ូ ដែល​ធ្លាប់​ដឹកនាំ​ខ្លួន​អំឡុង រដូវ​កាល​ឆ្នាំ ២០១៣/១៤ នៅ​ឆេ​ល​ស៊ី ប៉ុន្តែ ត្រូវបាន​ខ្ចី​ជើង​ទៅ​ក្លឹប​អេ​វើ​តុ​ន មុនពេល​ត្រូវបាន​លក់​ផ្តាច់​។

​លូ​កា​គុ បាន​និយាយថា “​គាត់​ដឹងថា ខ្ញុំ​អាចជួយ​អ្វីខ្លះ​ដល់​ក្រុម ហើយ​គាត់​គឺជា​មនុស្ស​ម្នាក់ ដែល​បាន​ជំរុញ​ខ្ញុំ​។ ខ្ញុំ​ក៏​ជំរុញ​ខ្លួនឯង​ផងដែរ ប៉ុន្តែ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​កីឡាករ​ឆ្នើម​”​។

​លូ​កា​គុ បាន​បន្តថា “​ខ្ញុំ​គិតថា ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​ពី​គាត់​កាលពី​សប្តាហ៍​មុន​ហើយ​ខ្ញុំ​សប្បាយចិត្ត ដែល​អាចធ្វើ​ការងារ​ជាមួយ​គាត់​។ គាត់​និយាយថា ខ្ញុំ​ត្រូវតែ​បន្តធ្វើ​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​។ ខ្ញុំ​សប្បាយចិត្ត នឹង​គ្រាប់​បាល់​របស់ខ្ញុំ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)