លួច​គេ​វា​គ្រាន់ ពេល​គេ​ទាន់​ក្រែល​…

653
ចែករម្លែក

ប្ដី​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​ករណី​ស៊ីដាច់​ប្រាក់​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​ដុល្លារ​អាម៉េរិក តាម​រូបភាព​លក់​ដី​ខ្យល់ ត្រូវបាន​តុលាការ ស​ម្រ​ច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ឈ្មោះ ជៀម ច័ន្ទ​បុរី អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ទ្រា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ ៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង​ប្តី​ឈ្មោះ អ៊ូ សៀក​រ៉ា​ន់ អាយុ​៤៨​ឆ្នាំ​។​ពួកគេ​បាន​ត្រូវ​លោក​ហោ លី​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ឆបោក បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើ​ឯកសារ​ក្លែង ។​

​រូបភាព​នៃ​ការ​ឆបោក​របស់​បុគ្គល​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មុនដំបូង​ឡើយ​ពួកគេ​បាន​ចាត់តាំង​គ្នីគ្នា ឲ្យ​មាន​អ្នកដើរតួ​នៅ​ខាងក្រៅ​ប្រទេស ជាមួយនិង​មេធាវី​ផង ទៅ​ចុះកិច្ចសន្យា​ជាមួយ​ធនាគារ ដើម្បី​ឲ្យ​អ្នកទិញ​បង់ប្រាក់ ដើម្បី​លក់​ដី​ខ្យល់ ឲ្យ​ប្រជាពលរដ្ឋ ដោយមាន​ប្តី​ប្រពន្ធ​នេះ ដើរ​ឃោសនា​អូសទាញ​ប្រជាពលរដ្ឋ ឲ្យ​ជឿ​ស៊ប់ ព្រម​ទិញ និង​បង់ប្រាក់​ឲ្យ​ពួកគេ ។

​ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ បាន​ចាញ់កល​ល្បិច​នេះ ដោយបាន​បង់លុយ​ទិញ​ដី ជា​បន្តបន្ទាប់​។ គ្រួសារ​ខ្លះ ប្រាំ​ម៉ឺន​ដុល្លារ ខ្លះ​ប្រាំបី​ម៉ឺន​ដុល្លារ និង​ខ្លះទៀត រហូតដល់ ៣៥​ម៉ឺន​ដុល្លារ​។ សរុប​ប្រមាណ​មួយ​លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​មិនឃើញ​មាន​ដី​ទេ ក្រៅ​អំពី ក្រដាស​បង្ហាញ​ពី​ដី​អភិវឌ្ឍន៍​នៅ​កន្លែង​នេះ​កន្លែង​នោះ​ដោយ​មិនមាន​ភាពច្បាស់លាស់​សោះ ។

​ដោយ​កើតការ​សង្ស័យ ម្ចាស់​លុយ​ក៏​ដាក់ពាក្យ​ប្ដឹង មក​សមត្ថកិច្ច ទើប​ប៉ូលិស​បាន​ចាប់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នាំមក​ក្រសួងមហាផ្ទៃ​ដើម្បី​សាកសួរ រួច​កសាង​សំណុំរឿង បញ្ជូនមក​អយ្យការ​អម​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។​

​ករណី​ឆបោក​បែប​ថ្មី​នេះ ត្រូវ​នឹង​កាលៈទេសៈ ដែល​ដី​ឡើងថ្លៃ ហើយ​ម្នាក់ៗ ស្រវាស្រទេញ ចង់មានចង់បាន ដោយ​ចំណេញ​ពី​ដីធ្លី​នេះឯង​។ ដូច្នេះហើយ​បានជា​ជន​ឆក់​ឱកាស​ប្តី​ប្រពន្ធ ខាងលើ មានឱកាស​បោក​យកលុយ​សរុប​ប្រមាណ​មួយ​លាន​ដុល្លារ តាមរយៈ​ការឃោសនា លក់​ដី​ខ្យល់​។ ពោលគឺ​លក់​ដី ដែល​មានតែ​ប្លង់​លើ​ក្រដាស តែ​មិនមាន​ដី​ជាក់ស្តែង​។​

​អ្នករកស៊ី​បោកប្រាស់​ដូច្នេះ មិនមាន​អ្វី​ក្រៅពី​ជាប់​សំណាញ់​ច្បាប់ ហើយ​ខូច​ឈ្មោះ​។ ក្នុងនោះ មិនមែន​ខូច​ឈ្មោះ​ត្រឹមតែ​ខ្លួនឯង​ទេ គឺ​ខូច​ដល់​ពូជពង្សវង្សត្រកូល ពិសេស​កូនចៅ​សាច់ញាតិ តើ​ឲ្យ​គ្នា​មានមុខ​ឯណា​ទៅ​ជួប​គេ​តទៅទៀត​? ដូច្នេះ​អ្នករកស៊ី​បោកប្រាស់​គេ គួរតែ​គិតពិចារណា នូវ​ចំណុច​នេះ បើសិនជា មិន​គិតដល់​បុណ្យ​បាប​នោះ​។​

​រីឯ​អ្នក​ចង់​ទទួល​ភោកផល​តាមរយៈ​ការ​ចំណេញ​ពី​ដីធ្លី​វិញ ក៏​គួរតែ​សិក្សា​ប្រមូល​ព័ត៌មាន ឲ្យ​បានច្បាស់លាស់​សិន មុននឹង​បោះ​លុយ​ទិញ​ដី ជាពិសេស​គឺ​ត្រូវ​ស្គាល់​ទីតាំង​ដី​នោះ ឲ្យ​ច្បាស់លាស់ ស៊ើប​ដល់​អ្នកភូមិ និង​អាជ្ញាធរ​មូលដ្ឋាន មេភូមិ មេឃុំ រហូតដល់​ស្រុក និង​ខេត្ត ដោយ​មិនត្រូវ​ជឿ​តែ​លើ​ការឃោសនា​របស់​អ្នកលក់ ដែល​បង្ហាញ​តែ​ប្លង់ ឬ​ក្រដាស​បញ្ជាក់ កម្មសិទ្ធិ​នោះទេ​។

​ករណី​ខាងលើនេះ ទម្រាំ​តែ​ដឹងថា ប្តី​ប្រពន្ធ បោកប្រាស់ លក់​ដី​ខ្យល់ គឺ​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ បាន​បង់លុយ​អស់​រាប់ម៉ឺន​ដុល្លារ​ទៅហើយ​។ ពេលនេះ ចាប់​ជន​បោកប្រាស់​បាន ហើយ​អាច​សង្ឃឹមថា នឹង​បាន​លុយ​សំណង​មកវិញ​ខ្លះ តាមរយៈ​ការលក់​ទ្រព្យ​របស់​ប្តី ប្រពន្ធ​នោះ​។ ចុះបើ​ជន​បោកប្រាស់​រត់​បាត់ ឬក៏​ជន​បោកប្រាស់​ទាំងពីរ​នាក់​នោះ​មិនមាន ទ្រព្យសម្បត្តិ ដី​ផ្ទះ ដើម្បី​លក់​ទេ តើ​លុយ​ដែល​បាត់បង់​នោះ បានមក​វិញ តាម​វិធី​ណា​?

​ជារួម​ទាំង​អ្នករកស៊ី​បោកប្រាស់​គេ គួរតែបញ្ឈប់​សកម្មភាព ដែល​អសីលធម៌ និង​ខុសច្បាប់​នេះ ទៅ ព្រោះ​តាម​ធម៌​ព្រះពុទ្ធ អ្នក​ធ្វើបាប គឺ​ពិតជា​បាប ឲ្យ​ផល​អាក្រក់ ដូច​ករណី​ខាងលើនេះ គឺ​ត្រូវ​ប៉ូលិស​ចាប់​ដាក់គុក ហើយ​អា​សោធ​ទាំង​កេរ្តិ៍ឈ្មោះ ខូចអនាគត​បងប្អូន កូនចៅ​ថែមទៀត ផង​។ រីឯ​អ្នក​ដែល​ត្រូវគេ​បោកប្រាស់​វិញ ក្នុងករណី​ទិញ​ដី​ចង់​ចំណេញ​ច្រើន​នេះ ក៏​គួរតែ​បង្កើន ការប្រុងប្រយ័ត្ន និង​ស្វែងយល់ ប្រមូល​ព័ត៌មាន​ឲ្យ​ច្រើន និង​ជាក់លាក់ ចាំ​ប្រថុយ បោះ​លុយ​ទិញ​ដី ដើម្បី​ចំណេញ​នោះ ព្រោះថា សម័យនេះ រូបភាព​បោកប្រាស់ មាន​ច្រើន​ប្រភេទ​ណាស់​៕ ដោយ​: ម៉េង​ឆៃ​