លួច​ម៉ូតូ​កង់​បី​បានសម្រេច​ហើយ បណ្តើរ​អូស​ចេញ ម្ចាស់​ទាន់ចាប់បាន​ម្នាក់​រត់​រួច​២​នាក់​

745
ចែករម្លែក

​ដោយ : ចាន់តូ​/ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​នាំគ្នា​ទៅធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី បានសម្រេច​ហើយ អូស​បណ្តើរ​ចេញ ម្ចាស់​ចេញមក​ឃើញ​ទាន់ ប្រតាយប្រតប់ ចាប់បាន​ម្នាក់ ប្រគល់​ឲ្យ​ប៉ូលីស ២​នាក់​ទៀត​រត់គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជនសង្ស័យ​ឈ្មោះ វ៉ា ហ៊ី​មុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​កង់​បី ឈ្មោះ នាង អូន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ដក់ពរ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង ។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ នៅវេលា​ម៉ោង​ខាងលើ ភ្ញាក់​ក្រោកពីដំណេក ចេញមក​ក្រៅ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​៣​នាក់​កំពុង អុស រុញ​ម៉ូតូ​កង់​បី​របស់គាត់​ចេញ ឃើញ​ដូច្នោះ​គាត់​រត់​ដេញតាម ប្រតាយប្រតប់​គ្នា របូតដៃ ជនសង្ស័យ​រត់​រួច​បាត់​២​នាក់ បាត់​ម្នាក់ទៀត លះ​ដើរ​តាម​ស្វែងរក ស្រាប់​តែ​ឃើញ​ដេក​ស​ង្ងំ​លាក់ខ្លួន​ក្រោម​រថយន្ត​គេ ទើប​ចាប់ខ្លួនបាន តែម្តង ប្រគល់​ឲ្យ​ទៅ​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សាកសួរ ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​កា​កាប​១ រួច​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​បន្ត​តាម​នីតិវិធី ៕​B